34.8 C
Phnom Penh

លោក ហ្សេឡេនស្គី៖ លោក ពូទីន នឹង​ប្រឈម​កាត់ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ពេល​អ៊ុយក្រែន​ឈ្នះ​សង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌឺមៀ ហ្សេឡេនស្គី ជឿជាក់​ថា​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន នឹង​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ជំនុំជម្រះ​ក្ដី​នៅ​ឯ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​អន្តរជាតិ​នៅ​ពេល​ដែល​អ៊ុយក្រែន​ឈ្នះ​សង្គ្រាម គឺ​ពិភពលោក​ទាំងមូល​ក៏​នឹង​ទទួល​បាន​យុត្តិធម៌​ផង​ដែរ។

សេចក្ដី​ថ្លែងការណ៍​របស់​លោក ហ្សេឡេនស្គី បាន​បញ្ជាក់​ទៀត​ថា គ្មាន​សន្តិភាព​ណា​អាច​កើត​មុន​យុត្តិធម៌​បាន​ទេ គឺ​មាន​ន័យ​ថា គ្មាន​សន្តិភាព​ដោយគ្មាន​យុត្តិធម៌។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន LBC បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៤ ខែ​ឧសភា នេះ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ ជា​ទីស្នាក់ការ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ដែល​តុលាការ​អន្តរជាតិ​នេះ​ហើយ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន។ នៅ​ទីក្រុង​ឡាអេ លោក ហ្សេឡេនស្គី ថ្លែង​ថា គេ​ត្រូវតែ​រក​មធ្យោបាយ​ទាំងឡាយ​ណា​បង្ខំ​ឲ្យ​មាន​ការ​កាត់ទោស​លោក ពូទីន ដោយ​តុលាការ​អន្តរជាតិ​មួយ​នេះ។

ជាមួយ​គ្នា​នេះ លោក​ធានា​ថា អ៊ុយក្រែន​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​សង្គ្រាម ហើយ​អ៊ុយក្រែន​នឹង​ឈ្នះ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី។

ICC ជា​តុលាការ​អន្តរជាតិ​តែ​មួយ​ដែល​មាន​សមត្ថកិច្ច​លើ​សំណុំរឿង​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ តុលាការ​នេះ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ករណី​ការ​ចាប់​ពង្រត់​កុមារ​នៃ​ប្រជាជន​អ៊ុយក្រែន និង​អំពើ​វិនាសកម្ម​ទាំងឡាយ​ទៅ​លើ​ទឹកដី​អ៊ុយក្រែន។

តុលាការ ICC ពុំ​មាន​យុត្តាធិការ​ក្នុង​ការ​កាត់ទោស​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន​នោះ​ទេ តែ​តុលាការ​នេះ​មាន​អំណាច​តាម​ច្បាប់​របស់​ខ្លួន​កាត់ទោស​ទៅ​លើ​អ្នក​នយោបាយ​ណា បុគ្គល​ណា​ដែល​ត្រូវ​បាន​ចោទ​ពី​បទល្មើស​ចំនួន ៣​ធំៗ គឺ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ប្រល័យ​ពូជសាសន៍។

លោក ហ្សេឡេនស្គី ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ហុឡង់ដ៍ ក្នុង​បំណង​ទៅ​ជួប​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​នេះ ហើយ​ដែល​ក្នុង​ទីក្រុង​ឡាអេ នៃ​ប្រទេស​ហុឡង់ដ៍​នេះ​ហើយ​ជា​ទីស្នាក់ការ​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ។ លោក ហ្សេឡេនស្គី ថ្លែង​ទៀត​ថា ប្រសិនបើ​អ៊ុយក្រែន​ត្រូវការ​យុត្តិធម៌​ពិតៗ គឺ​អ៊ុយក្រែន​ត្រូវតែ​ឈ្នះ​សង្គ្រាម។ បើ​អ៊ុយក្រែន​ទទួលយក​យុត្តិធម៌​ដោយ​ក្លែងក្លាយ និង​សន្តិភាព​ក្លែងក្លាយ មាន​ន័យ​ថា​អ៊ុយក្រែន ប្រជាជន​អ៊ុយក្រែន គ្មាន​យុត្តិធម៌​របស់​ខ្លួន​ពិតប្រាកដ​នោះ​ទេ ហើយ​ក៏​គ្មាន​សន្តិភាព​រឹងមាំ​យូរ​អង្វែង​នោះ​ដែរ។

លោក​បន្ត​ថា នៅ​ពេលនេះ​លោក​ទទូច​ដល់​ប្រទេស​ទាំងអស់​ដែល​ស្រឡាញ់​យុត្តិធម៌ និង​សន្តិភាព ត្រូវ​ចូលរួម​ពង្រឹង​អំណាច​របស់ ICC ហើយ​ត្រូវតែ​ឲ្យ​តុលាការ​មួយ​នេះ​ដំណើរការ​រឿងក្ដី​របស់​ខ្លួន​ដែល​កាត់ទោស​រដ្ឋ​ភេរវកម្ម​មួយ​ឈ្លានពាន​អ៊ុយក្រែន។

លោក ហ្សេឡេនស្គី បាន​ថ្លែង​ដូចនេះ​នៅ​ពេល​ដែល​លោក​ឆ្លើយតប​ចំពោះ​ទីក្រុង​មូស្គូ ដែល​ចោទ​ទីក្រុង​គៀវ ថា​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​វាយប្រហារ​ដោយ​ដ្រូន​នៅ​ទីក្រុង​មូស្គូ កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ដែល​លោក​ថា អ៊ុយក្រែន​មិន​ចាំបាច់​ប្រើប្រាស់​មធ្យោបាយ​ដ៏​គម្រក់​នេះ​ទេ ហើយ​អ៊ុយក្រែន​ក៏​មិន​ចាំបាច់​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី​ដែរ។

លោក​បន្ត​ទៀត​ថា អ៊ុយក្រែន​ត្រឹមតែ​ការពារ​ខ្លួន និង​យក​ទឹកដី​ដែល​អ្នក​ឈ្លានពាន​វាយ​កាន់កាប់​យក ឬ​ក៏​យក​ដោយ​មធ្យោបាយ​ណា​ក៏ដោយ គឺ​វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​សម្រាប់​អ៊ុយក្រែន។

ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន បាន​ប្រកាស​ថា ដ្រូន​របស់​រុស្ស៊ី​យ៉ាងតិច​បី​គ្រឿង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​វាយប្រហារ​ទៅ​លើ​តំបន់​អូដេសា ជា​កំពង់ផែ​សមុទ្រ​របស់​ប្រទេស​អ៊ុយក្រែន។ លោក​ថា តើ​គេ​អាច​ចាត់ទុក​ថា​វា​ជា​អំពើ​ភេរវកម្ម​ដែរ​ឬ​ទេ​ចំពោះ​ទីក្រុង​មូស្គូ ដែល​ប្រព្រឹត្ត​បែប​នេះ​មក​លើ​ដែនដី​អ៊ុយក្រែន។

លោក​ថា រយៈពេល ៤​ថ្ងៃ​ហើយ​ដែល​រុស្ស៊ី​បាញ់​ប្រហារ​ទាំង​គ្រាប់​របស់​ដ្រូន និង​មីស៊ីល​បាញ់​ចូល​ទឹកដី​អ៊ុយក្រែន ដោយ​សម្លាប់​ប្រជាជន​អ៊ុយក្រែន​ជាច្រើន​នាក់ ដែល​នេះ​ហើយ​គឺជា​អំពើ​ភេរវកម្ម​របស់​ទីក្រុង​មូស្គូ។

លោក ហ្សេឡេនស្គី ត្រូវ​បាន​ស្វាគមន៍​ដោយ​ប្រធាន​តុលាការ​ប៉ូឡូញ លោក Piort Hofmanski នៅ​ឯ​ខាងក្រៅ​ទីស្នាក់ការ​តុលាការ ICC នៅ​ទីក្រុង​ឡាអេ។

លោក ហ្សេឡេនស្គី បាន​ទៅ​ដល់​ទីក្រុង​ឡាអេ ដោយ​លោក​បាន​លើក​ទង់ជាតិ​អ៊ុយក្រែន​នៅ​ខាងមុខ​ការិយាល័យ​តុលាការ​អន្តរជាតិ​នេះ​ទៀត​ផង។ ចៅក្រម​តុលាការ ICC កាលពី​មុន បាន​ប្រកាស​ថា ភស្តុតាង​ដែល​ចោទ​លោក ពូទីន ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ករណី​ចាប់​ពង្រត់​កុមារ​ជនជាតិ​អ៊ុយក្រែន និង​អំពើ​វិនាសកម្ម​ផ្សេងៗ​ទៀត​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន ត្រូវ​បាន​តុលាការ​នេះ​កសាង​សំណុំរឿង​ដើម្បី​ឈាន​ទៅ​ដល់​ការ​ជំនុំជម្រះ​ក្ដី​សំណុំរឿង​ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ។

បើ​តាម​អ្នកវិភាគ និង​អ្នកជំនាញ​ផ្នែក​ច្បាប់ បាន​ឲ្យ​ដឹង​ថា ទីក្រុង​មូស្គូ ដែល​ត្រូវ​បាន​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ចេញ​ដីកា​បង្គាប់​ឲ្យ​ដក​ទ័ព​ចេញពី​ប្រទេស​អ៊ុយក្រែន គឺជា​បទល្មើស​មួយ​រួច​ទៅ​ហើយ ដែល​យុត្តាធិការ ICJ ផ្អែក​ទាំងស្រុង​ទៅ​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។

ទស្សនកិច្ច​របស់​លោក ហ្សេឡេនស្គី ទៅ​កាន់​ទីក្រុង​ឡាអេ បាន​នាំ​ឲ្យ​មាន​ចម្ងល់​សួរ​ថា តើ​តុលាការ​មួយ​នេះ​នឹង​ពន្លឿន​សំណុំរឿង​របស់​ខ្លួន​ថែម​ទៀត​ដែរ​ឬ​ទេ នៅ​ខណៈ​ដែល​លោក ពូទីន អាច​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​ចាប់ពី​ខែ​សីហា។

មក​ដល់​ពេល​នេះ ប្រទេស​ប្រមាណ​ជា ៤០​ប្រទេស​ហើយ​បាន​សម្រេច​ជា​ផ្លូវការ​រួម​គ្នា​ពង្រឹង​អំណាច និង​យុត្តាធិការ ICC ក្នុង​នោះ​ដឹក​មុខ​ដោយ​សហភាព​អឺរ៉ុប និង​អង់គ្លេស ព្រមទាំង​សហរដ្ឋ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស