29 C
Phnom Penh

អ្នក​ឃ្លាំមើល៖ បក្ស​ភ្លើង​ទៀន​គួរ​ប្រកាស​មិន​ចូលរួម​ការ​បោះឆ្នោត បើ​នៅតែ​បន្ត​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​លើកឡើង​ថា គណបក្ស​ភ្លើង​ទៀន​គួរ​ធ្វើ​សន្និសីទ​មួយ​ដោយ​ប្រកាស​មិន​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ ដោយសារ​មេដឹកនាំ​សកម្មៗ​នៃ​បក្ស​នេះ​ត្រូវ​គេ​បិទ​ខ្ទប់​តាមរយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ថា​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ វា​ជា​ការ​បោក​បញ្ឆោត មិនមែន​ជា​ការ​បោះឆ្នោត​នោះ​ទេ ព្រោះ​លទ្ធផល​ត្រូវ​គណបក្ស​ប្រជាជន​គូសវាស​កំណត់​ទុក​ជា​មុន ដើម្បី​ប្លន់​អំណាច​មិន​ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត។

លោក​ថា ការ​បោះឆ្នោត​ខាង​មុខ​នេះ សហគមន៍​អន្តរជាតិ​សេរី​ប្រជាធិបតេយ្យ​មិន​បាន​ចូលរួម​ទាំង​សង្កេតការណ៍ ទាំង​បច្ចេកទេស និង​មិន​ជួយ​ហិរញ្ញវត្ថុ​ផង​ដែរ ខណៈ​ហិរញ្ញវត្ថុ​ដែល​ចំណាយ​ក៏​គ្មាន​ប្រភព​ច្បាស់លាស់​ដែល​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា ប្រើ​លុយ​កខ្វក់​របស់​ឈ្មួញ​ងងឹត​ក្នុង​ការ​រៀបចំ​បោះឆ្នោត។ ករណី​នេះ វា​ជា​ឧក្រិដ្ឋកម្ម​បោះឆ្នោត បំផ្លាញ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​បំផ្លាញ​ភាព​ជា​ម្ចាស់​ប្រទេស​របស់​ប្រជាពលរដ្ឋ។

លោក​ថា អំឡុង​ពេល​បច្ចុប្បន្ន វា​មិនមែន​ជា​បរិយាកាស​ដែល​គណបក្ស​ភ្លើង​ទៀន​អាច​ប្រកួត​បោះឆ្នោត​ឡើយ ដោយសារ​មេដឹកនាំ​សកម្មៗ​នៃ​គណបក្ស​នេះ​ត្រូវ​បាន​គេ​បំបិទ​មាត់​ទាំងអស់​ស្រប​ពេល គ.ជ.ប. និង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ក្រុម​តែ​មួយ ដោយ​ពួកគេ​ចាត់ចែង​ការងារ​បោះឆ្នោត​តាម​ទំនើងចិត្ត​តាំងពី​ថ្នាក់​ឃុំ/សង្កាត់​ដល់​ថ្នាក់​ជាតិ។

លោក គឹម សុខ ចាត់ទុក​ការ​បោះឆ្នោត​ខាងមុខ​នេះ​ជា​ការ​បោះឆ្នោត​មួយ​ដ៏​អាក្រក់​បំផុត​ដែល​ស្រដៀង​ទៅ​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ដែរ។ ដូច្នេះ​ហើយ លោក​ថា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ គណបក្ស​ភ្លើង​ទៀន​គួរ​ចម្រាញ់​យក​មេដឹកនាំ​ថ្នាក់​ជាតិ​ដែល​ហ៊ាន​លះបង់​ខ្ពស់​ឲ្យ​ធ្វើ​សកម្មភាព​ពង្រឹង​ស្មារតី​សកម្មជន​មូលដ្ឋាន ជាពិសេស​ក្រុមប្រឹក្សា​ឃុំ/សង្កាត់​ដែល​មាន​ស្រាប់​ជាង ២​ពាន់​នាក់ នាំគ្នា​តវ៉ា​ទាមទារ​យុត្តិធម៌ ទាំង​រឿង​អយុត្តិធម៌​សង្គម និង​ការ​កែទម្រង់​ដំណើរការ​បោះឆ្នោត។

លោក​ថា គណបក្ស​ភ្លើង​ទៀន​គួរតែ​ធ្វើ​សកម្មភាព​តវ៉ា​ដោយ​ដាក់​លក្ខខណ្ឌ​រហូត​ទាល់តែ​មាន​ការ​កែទម្រង់​ដំណើរការ​បោះឆ្នោត ចាំ​ចូលរួម​ការ​បោះឆ្នោត ប៉ុន្តែ​បើ​គណបក្ស​នេះ​នៅតែ​ចូលរួម​បោះឆ្នោត ដោយ​មិន​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​ខ្លះ​ជា​មុន​ទេ វា​ក៏​គ្មាន​ន័យ​ដែរ។ លោក​ថា គេ​កំណត់​ឲ្យ​គណបក្ស​ភ្លើង​ទៀន​បាន ១៥​កៅអី​ក៏​សមាជិក​សភា​របស់​គណបក្ស​ភ្លើង​ទៀន ធ្វើ​អ្វី​មិន​កើត​ដែរ កុំ​ថា​ឡើយ​ធ្វើ​សកម្មភាព គឺ​សូម្បីតែ​និយាយ​តវ៉ា​ក៏​គេ​អាច​ខ្ទប់​បាន​ដែរ ដូច្នេះ​ស្មើ​នឹង​អត់​កៅអី​សភា។

កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ តុលាការ​កំពូល​បាន​ប្រកាស​សាលដីកា​ដោយ​មិន​អនុញ្ញាត​ឲ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នៅ​ក្រៅ​ឃុំ​ឡើយ បើ​ទោះបីជា​លោក​សុខចិត្ត​តម្កល់​ប្រាក់ ៣​ម៉ឺន​ដុល្លារ​ជា​ការ​ធានា​ហើយ​ក្ដី។

ចំណែក​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ម្នាក់ គឺ​លោក សុន ឆ័យ ក៏​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ដែល​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ដោយឡែក​អនុប្រធាន​ម្នាក់ គឺ​លោក រ៉ុង ឈុន ត្រូវ​បាន​សារព័ត៌មាន​របស់​រដ្ឋាភិបាល fresh news យក​សាល​ដីកា​តុលាការ​មក​ចុះផ្សាយ​ថា​លោក រ៉ុង ឈុន កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អនុវត្ត​ទោស សមត្ថកិច្ច​អាច​នឹង​ចាប់​ខ្លួន​ប្រសិនបើ​មិន​អនុវត្ត​តាម​ដីកា​របស់​តុលាការ ហើយ​ក៏​មិន​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បាន​ដែរ បើ​មិនទាន់​បាន​ស្ដារ​នីតិសម្បទា។

ក្រៅពី​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មេដឹកនាំ និង​សកម្មជន​ហើយ អគ្គលេខាធិការ​ស្តីទី​លោក គង់ មុនីកា បាន​សារព័ត៌មាន​ក្នុង​ស្រុក​ថា គិត​មក​ដល់​ពេលនេះ គណបក្ស​ភ្លើង​ទៀន​មិន​អាច​ចុះឈ្មោះ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ​បាន​ទេ ដោយសារ​នីតិវិធី​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

លោក គង់ មុនីកា បន្ត​ទៀត​ថា បញ្ហា​ធំ និង​នីតិវិធី​ថ្មី​ដែល​រារាំង​ការ​ចុះឈ្មោះ​នោះ គឺ គ.ជ.ប តម្រូវ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ដាក់​ឯកសារ​ដើម​របស់​ខ្លួន​ដើម្បី​ចុះឈ្មោះ ខណៈ​ឯកសារ​ច្បាប់​ដើម​ចេញ​ដោយ​រដ្ឋាភិបាល​ដែល​ទទួលស្គាល់ និង​ឯកសារ​ផ្សេង​ទៀត​បាន «បាត់បង់» បន្ទាប់ពី​បិទ​ទីស្នាក់ការ​គណបក្ស​ក្នុង​ឆ្នាំ​២០១៧។ ចំណែក​ក្រសួង​មហាផ្ទៃ​ក៏​បាន​បដិសេធ​មិន​ផ្តល់​ច្បាប់​ចម្លង​ថ្មី​ដល់​គណបក្ស​នេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស