35 C
Phnom Penh

អ្នកវិភាគ៖ មេដាយ​មរតក​អូឡាំពិក​អន្តរជាតិ​របស់​លោក ហ៊ុន សែន គ្រាន់​ជា​តំណាង​មិត្តភាព​កីឡា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​វិភាគ​លើកឡើង​ថា មេដាយ​មរតក​អូឡាំពិក​អន្តរជាតិ​ដែល​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ International Olympic Committee (IOC) ប្រគល់​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ក្នុង​នាម​មេដឹកនាំ​នៃ​ប្រទេស​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម ដើម្បី​ជា​មិត្តភាព​កីឡា និង​ជា​ការ​លើក​ទឹកចិត្ត​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ ឧសភា នេះ​ថា មេដឹកនាំ​ដែល​ធ្វើ​ជា​អធិបតី​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម តែង​ទទួល​បាន​មេដាយ​បែប​នេះ​គ្រប់ៗ​គ្នា ចំណែក​លោក ហ៊ុន សែន ដើម្បី​ទទួល​បាន​មេដាយ​នេះ​ក្នុង​បំណង​លើក​មុខមាត់​ខ្លួនឯង គាត់​ហ៊ាន​បំពាន​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ដែល​ត្រូវ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ពេលនេះ​ថែម​ទៀត។

លោក គឹម សុខ លើកឡើង​ថា មេដាយ​នេះ​កំពុងតែ​ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​ជាច្រើន​ផ្សព្វផ្សាយ​ខុស​ពី​ខ្លឹមសារ​ពិត​ដែល​ត្រឹមតែ​ដើម្បី​ជា​មិត្តភាព​កីឡា និង​ដើម្បី​លើក​ទឹកចិត្ត​ក្នុង​បំណង​ជំរុញ​ចលនា​កីឡា​អន្តរជាតិ​ឲ្យ​ផុសផុល ប៉ុន្តែ​ពួកគេ​បែរ​ជា​នាំគ្នា​កុហក​ថា ព្រោះ​តែ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​គេ​ទទួលស្គាល់​ថា​ជា​មេដឹកនាំ​ល្អ​ទើប​ទទួល​បាន​មេដាយ​ទាំងនេះ​ទៅវិញ ជាពិសេស​បំណង​របស់​ពួកគេ គឺ​ដើម្បី​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ ក្នុង​ពិធី​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​ប្រគល់​មេដាយ​មរតក​អូឡាំពិក​អន្តរជាតិ​ដល់​លោក ហ៊ុន សែន ដើម្បី​លើក​ទឹកចិត្ត​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា ក៏ដូចជា​ជំរុញ​ចលនា​អូឡាំពិក​ជាតិ និង​ចលនា​អូឡាំពិក​អន្តរជាតិ​ឲ្យ​ផុសផុល​រីកចម្រើន​ទៅ​ថ្ងៃ​មុខ។

ទាក់ទិន​នឹង​បញ្ហា​នេះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លោក វ៉ាត់ ចំរើន អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា មេដាយ​មរតក​អូឡាំពិក​អន្តរជាតិ​ដែល​ត្រូវ​បាន​ប្រគល់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​មេដាយ​ដែល​ខ្ពស់​បំផុត​របស់​ចលនា​អូឡាំពិក​អន្តរជាតិ។

លោក វ៉ាត ចំរើន អះអាង​ថា មេដាយ​នេះ​សម្រាប់​ផ្ដល់​ជូន​តែ​ប្រមុខ​រដ្ឋ ឬ​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​ស្នាដៃ​ក្នុង​ការ​ជួយ​ចលនា​អូឡាំពិក និង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំៗ​ប្រកប​ដោយ​ភាព​ជោគជ័យ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​ដែល​រៀបចំ និង​ធ្វើ​ឲ្យ​ចលនា​កីឡា​ក្នុង​ប្រទេស ឬ​ចលនា​កីឡា​អន្តរជាតិ​ឲ្យ​មាន​ភាព​ផុសផុល​រីកចម្រើន​តែប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា មេដាយ​មរតក​អូឡាំពិក​នេះ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ ត្បិត​មេដាយ​កម្រិត​នេះ​មិន​ងាយ​ប្រគល់​ជូន​ថ្នាក់ដឹកនាំ​នៃ​រដ្ឋាភិបាល​ណា​មួយ​នោះ​ទេ។

យ៉ាងណា​ក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​លោក វ៉ាត់ ចំរើន អះអាង​ថា​មេដាយ​មរតក​អូឡាំពិក​នេះ​មិន​ងាយ​ប្រគល់​ជូន​ថ្នាក់ដឹកនាំ​នៃ​រដ្ឋាភិបាល​ណា​ផ្សេង​នោះ គឺជា​ការ​លើកឡើង​ដែល​មិន​សម​ទំនង​នោះ​ទេ ព្រោះ​ថា​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​ក៏​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ក្នុង​ប្រទេស​របស់​គេ​ដែរ ហើយ​គេ​រៀបចំ​បាន​ជា​ហូរហែ​រហូត​មក។

ដោយឡែក​កម្ពុជា​ទើប​តែ​រៀបចំ​ជា​លើក​ទី​មួយ​ប៉ុណ្ណោះ ក្រោយពី​អវត្តមាន​អស់​រយៈពេល​ជាង ៦០​ឆ្នាំ​មក​នេះ ដូច្នេះ​បើ​និយាយ​ថា​កម្ពុជា​ធ្វើ​ឲ្យ​ផុសផុល​ចលនា​កីឡា​អន្តរជាតិ​ជាង​ប្រទេស​ដទៃ ហើយ​ទទួល​បាន​មេដាយ​នេះ គឺជា​រឿង​មិន​សម​ហេតុផល​ទាល់តែសោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ប្រសិនបើ​មាន​តែ​មេដឹកនាំ​កម្ពុជា​ទទួល​បាន​មេដាយ​នេះ ស្រប​ពេល​ដែល​មេដឹកនាំ​ប្រទេស​ដទៃ​មិន​ទទួល​បាន នេះ​គ្រាន់តែ​ជា​ការ​លើក​ទឹកចិត្ត​ដែល​កម្ពុជា​ខំប្រឹង​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកដំបូង​លើ​ទឹកដី​របស់​ខ្លួន​ក្រោយពី​ខកខាន​ជាង ៦​ទសវត្សរ៍​ប៉ុណ្ណោះ មិន​មែន​ផ្តល់​ឲ្យ​កម្ពុជា​ក្នុង​បំណង​ផ្សេង​នោះ​ឡើយ។

កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើកដំបូង​ក្រោយ​អវត្តមាន​ដោយសារ​សង្គ្រាម​អស់​រយៈពេល ៦៤​ឆ្នាំ​កន្លង​មក​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស