31 C
Phnom Penh

ពលរដ្ឋ​ហៅ​ការ​លាលែង​ពី​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​របស់​លោក សៅ សុខា ថា​ជា​គំរូ​ល្អ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណជន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម សម្ដែង​ការ​កោតសរសើរ និង​ចាត់ទុក​ការ​លាលែង​ពី​តួនាទី​របស់​លោក សៅ សុខា ពី​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ថា​ជា​ការ​បង្ហាញ​នូវ​ស្មារតី​ទទួល​ខុសត្រូវ​ក្នុង​នាម​ជា​អ្នក​ថ្នាក់ដឹកនាំ បន្ទាប់ពី​បរាជ័យ​ក្នុង​ការ​ប្រកួត​កីឡា​បាល់ទាត់​បុរស U22 ជាមួយ​មីយ៉ាន់ម៉ា ក្នុង​ពូល A នៃ​ព្រឹត្តិការណ៍ sea games។

បើ​តាម​ហ្វេសប៊ុក​ឈ្មោះ G Sao Sokha បាន​សរសេរ​កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ថា ការ​លាលែង​ពី​តួនាទី​ជា​ការ​គោរព​នូវ​ការ​សន្យា​ដើម្បី​បង្ហាញ​នូវ​ស្មារតី​ទទួល​ខុសត្រូវ​របស់​លោក​ជាមួយ​អ្នកគាំទ្រ ឬ​អ្នក​ទស្សនា​កីឡា​បាល់ទាត់​ដែល​បាន​ដាក់​ក្ដី​សង្ឃឹម​ចំពោះ​ការ​ប្រកួត​កីឡា​បាល់ទាត់​បុរស U22 កាលពី​យប់​ថ្ងៃទី​៧ ខែ​ឧសភា ក្នុង​ព្រឹត្តិការណ៍ Sea Games។

ប្រភព​ដដែល​បាន​លើកឡើង​ថា តំណែង​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​លោក​ប្រគល់​ទៅ​ឲ្យ​លោក ខៀវ សាម៉េត ដែល​ជា​អនុប្រធាន ស.ប.ក ជា​ប្រធាន​ស្តីទី​ចាប់ពី​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២៣ តទៅ បន្ទាប់ពី​កម្ពុជា​ប្រកួត​បាល់ទាត់​ចាញ់​មីយ៉ាន់ម៉ា​ក្នុង​លទ្ធផល ២​ទល់​នឹង ០។

ក្រៅពី​លាលែង​ពី​តំណែង​លោក សៅ សុខា ក៏​បាន​សូម​អភ័យ​ទោស និង​បង្ហាញ​ការ​សោកស្ដាយ​ដែល​លោក​មិន​អាច​នាំ​កិត្តិយស​ជូន​ប្រទេស​ជាតិ​បាន​តាមរយៈ​ការ​ប្រកួត​បាល់ទាត់​ក្នុង​ព្រឹត្តិការណ៍ sea games ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ការ​លាលែង​នេះ ត្រូវ​បាន​សកម្មជន​បរិស្ថាន លោក ម៉ា ចិត្រា ចាត់ទុក​ថា​ជា​គំរូ​ល្អ ខណៈ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្សេង​ទៀត​បាន​ហៅ​ការ​លាលែង​នេះ​ថា​ជា​មេដឹកនាំ​ល្អ ហ៊ាន​និយាយ​ហ៊ាន​ធ្វើ ប្រកាន់​នូវ​ពាក្យ «សច្ចៈ​វាចា»។ ចំណែក​អ្នក​ខ្លះ​ទៀត​បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ផ្សេងៗ​ត្រូវ​បន្ត​យក​គំ​រូប​នេះ​ផង​ដែរ។

បើ​តាម​លោក សៅ សុខា ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា រូបលោក​បាន​ដឹកនាំ​សហព័ន្ធ​កីឡា​បាល់ទាត់​រយៈពេល​ជាង ១០​ឆ្នាំ​គិត​មក​ដល់​បច្ចុប្បន្ន ដូច្នេះ​បើ​លោក​ដឹកនាំ​វិស័យ​នេះ​មិន​ល្អ ហើយ​លោក​ត្រូវ​ដឹង​ខ្លួនឯង​ដោយ​ហ៊ាន​លាឈប់​ពី​តំណែង​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ដើម្បី​ទុក​ឱកាស​ដល់​អ្នក​មាន​សមត្ថភាព និង​វិធីសាស្ត្រ​ដឹកនាំ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​ជឿនលឿន​ជាង​ពេល​បច្ចុប្បន្ន។

លោក​ថា លោក​បាន​ដឹកនាំ​ជាង ១០​ឆ្នាំ​ហើយ ប៉ុន្តែ​នៅតែ​មិន​អាច​នាំ​លទ្ធផល​ល្អ​ជូន​ជាតិ​បាន ទើប​លោក​ចុះ​ចេញពី​តំណែង ហើយ​ការ​ចាកចេញ​នេះ លោក​ថា​វា​មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ខាតបង់​ឡើយ។

ទោះបីជា​លោក សៅ សុខា បាន​លាលែង​ពី​តំណែង​ហើយ​ក៏ដោយ ប៉ុន្តែ​លោក ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ បាន​ផ្ញើ​សារ​សំឡេង​អំពាវនាវ​សុំ​ឲ្យ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ឲ្យ​បន្ត​ដឹកនាំ​ការងារ​នេះ​ត​ទៅមុខ​ទៀត។

លោក ហ៊ុន សែន បន្ត​ថា បន្ទាប់ពី​លោក សៅ សុខា បាន​សុំ​លាលែង​ចេញពី​តំណែង មាន​មនុស្ស​ជាច្រើន​បាន​បង្ហាញ​ការ​ខកចិត្ត និង​បង្ហាញ​ពី​ការ​សោកស្ដាយ។

លោក​អះអាង​ទៀត​ថា សម្រាប់​លោក​ផ្ទាល់​លោក​សូម​សម្ដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា។ លោក​បាន​កត់សម្គាល់​ឃើញ​ថា ចាប់តាំងពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា ទទួល​បាន​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ធ្វើ​ឲ្យ​កីឡា​បាល់ទាត់​កម្ពុជា​មាន​ការ​រីកចម្រើន​ឈាន​ឡើង​ជា​លំដាប់ បើ​ទោះបី​ការ​លេង​មាន​លទ្ធផល​មិន​ទាន់​ដូច​ការ​ចង់​បាន​យ៉ាងណា​ក្ដី។

លោក ហ៊ុន សែន បន្ថែម​ទៀត​ថា បច្ចុប្បន្ន​កីឡា​បាល់ទាត់​កម្ពុជា​បាន​ដើរ​ចេញ​ឆ្ងាយ​ពី​ចំណុច​ដែល​មិន​ទាន់​មាន​កាល​ពី​ពេល​មុន។

លោក ហ៊ុន សែន ថា​មាន​ប្រទេស​ច្រើន​ណាស់​ដែល​កីឡា​បាល់ទាត់​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ បើ​ទោះបី​ប្រទេស​នោះ​មាន​ប្រជាជន​ដល់​ជាង ១​ពាន់​លាន​នាក់ រាប់​រយ​លាន​នាក់ ក៏​បាល់ទាត់​របស់​គេ​មិន​ខ្លាំង​នោះ​ដែរ ខណៈ​កម្ពុជា​មាន​ប្រជាជន​ជាង ១៧​លាន​នាក់ យើង​ធ្វើ​បាន​កម្រិត​នេះ គឺជា​ការ​ល្អ​ណាស់​ហើយ​សម្រាប់​ប្រជាជន​កម្ពុជា។

លោក សៅ សុខា គឺជា​មន្ត្រី​ជាន់ខ្ពស់​កីឡា​ទី​១ ដែល​បាន​ចេញ​មុខ​ទទួល​ខុសត្រូវ​ចំពោះ​ភាព​បរាជ័យ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក​នៅ​ពាក់កណ្តាល​ទី​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​កំពុង​រៀបចំ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស