40.9 C
Phnom Penh

លោក ទូច វិបុល អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​បន្ត​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​ដ៏​សកម្ម​ម្នាក់ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ជា​មេដឹកនាំ​របស់​ប្រទេស​កម្ពុជា​តទៅ​ថ្ងៃ​មុខ​ទៀត ព្រោះ​លោក​ជា​មេដឹកនាំ​ដែល​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ ដើម្បី​រក្សា​សន្តិភាព​ជូន​ពលរដ្ឋ​ខ្មែរ និង​ដើម្បី​ឲ្យ​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អាច​បន្ត​កាន់កាប់​អំណាច​ពី​លោក ហ៊ុន សែន ទៅ​ថ្ងៃ​មុខ។

លោក ទូច វិបុល បាន​ចេញ​ញត្តិ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា លោក​គាំទ្រ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច និង​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​បក្ស​នេះ​ផង​ដែរ ក្រោម​ហេតុផល​ថា លោក ហ៊ុន សែន គឺ​ជា​មេដឹកនាំ​ដែល​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ដើម្បី​រក្សា​សន្តិភាព​ជូន​ពលរដ្ឋ​ខ្មែរ​ទៅ​ថ្ងៃ​មុខ។

លោក ទូច វិបុល លើកឡើង​ថា កម្ពុជា​បច្ចុប្បន្ន​គឺជា​ប្រទេស​ដ៏​រឹងមាំ និង​មាន​អធិបតេយ្យភាព​ពេញលេញ អាច​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ដោយ​ស្មើ​ភាព និង​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ឯករាជ្យ​ទាក់ទង​នឹង​គោលនយោបាយ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ដោយ​ឈរ​លើ​គោលនយោបាយ​អព្យាក្រឹតភាព​អចិន្ត្រៃយ៍ និង​មិន​ចូល​បក្ស​សម្ព័ន្ធ ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម ការ​វិនិយោគ សន្តិសុខ និង​វិស័យ​ការពារ​ជាតិ ជាដើម។

លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ពិត​ជា​មាន​ភ័ព្វ​សំណាង និង​មោទកភាព​ណាស់​ដែល​មាន​លោក ហ៊ុន សែន ជា​អ្នក​ដឹកនាំ​ប្រទេស​ជាតិ ហើយ​លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​ឥទ្ធិពល​នៃ​មគ្គទេសក៍​ភាព​របស់​លោក ហ៊ុន សែន យ៉ាង​ខ្លាំង ថា​ជា​កត្តា​ដ៏​មាន​សារសំខាន់​បំផុត និង​មិន​អាច​ខ្វះ​បាន​សម្រាប់​សុខ​សន្តិភាព​នៃ​សង្គម​ជាតិ សុខុមាលភាព​របស់​ប្រជាជន និង​ការ​អភិវឌ្ឍ​ទៅ​ថ្ងៃ​មុខ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ការ​រិះគន់​ជុំ​ទិស​ពី​ការ​ដឹកនាំ​ប្រទេស​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ ថា​ពោរពេញ​ដោយ​ការ​គាបសង្កត់ និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ។

លោក ទូច វិបុល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ញត្តិ​របស់​លោក​គ្រាន់តែ​ជា​ការ​គាំទ្រ​ប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​ជា​ការ​ចុះចូល​នោះ​ទេ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ ឧសភា នេះ​ថា ការ​រត់​ចូល​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ ជាពិសេស​ការ​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​ជា​រឿង​ថ្មី ឬ​ជា​រឿង​ចម្លែក​នោះ​ទេ​នៅ​មុន​រដូវកាល​នៃ​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់​បែប​នេះ ហើយ​ការ​ចុះចូល​នេះ ក៏​ជា​បំណង​របស់​បក្ស​កាន់​អំណាច​ដែល​ចង់​ឲ្យ​ក្រុម​អ្នក​ដែល​ធ្លាប់​ប្រឆាំង​នឹង​ខ្លួន​ពី​មុន​មក​ធ្វើ​បែប​នេះ​ដែរ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ពិត​មែន​តែ​មិន​ខុស​នឹង​ច្បាប់ ប៉ុន្តែ​ការ​អះអាង​របស់​អ្នក​ដែល​ប្រកាស​ចុះចូល​ខ្លះ​ដែល​លើកឡើង​ថា ដើម្បី​បម្រើ​ជាតិ​កន្លងមក​នោះ ក៏​មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជឿជាក់​នោះ​ដែរ ព្រោះ​ថា​អ្នក​ដែល​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដើម្បី​តែ​បុណ្យស័ក្តិ ឬ​ដើម្បី​ជាតិ ពលរដ្ឋ​ម្ចាស់​ឆ្នោត​នឹង​ដឹង​តាមរយៈ​នៃ​សកម្មភាព​របស់​ពួកគេ​នៅ​ថ្ងៃ​ណា​មួយ​ជាមិនខាន។

អតីត​អ្នកទោស​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ក្នុង​ដំណាក់កាល​ដែល​អ្នក​ប្រជាធិបតេយ្យ​កំពុង​រង​នូវ​ការ​គាបសង្កត់ និង​បិទ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​ដូច​សព្វថ្ងៃ​នេះ ច្បាស់​ជា​មាន​អ្នក​អស់​សង្ឃឹម​នឹង​ចូលរួម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ហើយ​បែរ​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​មិន​ខាន​ឡើយ ប៉ុន្តែ​ពួកគេ​ភ្លេច​គិត​ថា សកម្មភាព​របស់​ពួកគេ​បែប​នេះ​គឺជា​ទង្វើ​រុញ​អ្នក​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​ដ៏​ត្រឹមត្រូវ ទៅ​ក្នុង​រណ្តៅ​ដ៏​ជ្រៅ​ទៅវិញ។

ចំណែក​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ធ្លាប់​ព្រមាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន គឺជា​គុណវិបត្តិ​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​ជាតិ មិនមែន​ជា​គុណសម្បត្តិ​ឡើយ ព្រោះ​ថា​ទង្វើ​បែប​នេះ​គ្រាន់តែ​ជា​ទង្វើ​គាំទ្រ​នយោបាយ​ទុច្ចរិត​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

លោក ម៉ែន ណាត អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​តាំងពី​បង្កើត​មក និង​ផែនការ​រៀបចំ​ទៅ​ថ្ងៃ​អនាគត មិនមែន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា​នោះ​ទេ ត្បិត​ទង្វើ​ជាក់ស្តែង​ដែល​បក្ស​នេះ​បាន​ធ្វើ​កន្លងមក គឺ​តាម​កម្ទេច​អ្នក​ប្រជាធិបតេយ្យ និង​បង្កើត​ការ​ដឹកនាំ​តាម​បែប​ក្រុម​គ្រួសារ​និយម​ប៉ុណ្ណោះ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ សកម្មជន និង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​បាន​នាំគ្នា​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់ ក្នុង​នោះ​អ្នក​ខ្លះ​ទទួល​បាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ដូចជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​ជា​មន្ត្រី​បក្ស​កាន់​អំណាច​ប្រចាំ​ការ​នៅ​តាម​ខេត្ត ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស