ព័ត៌មានអន្តរជាតិ

ការ​ប្រយុទ្ធ​ដណ្ដើម​អំណាច​គ្នា​នៅ​ស៊ូដង់ កំពុង​ទាញ​ទៅ​រក​ការ​ដាក់​ទណ្ឌកម្ម​ជា​សកល

By ឌឹ ខេមបូឌា ដេលី

May 11, 2023

ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​មេទ័ព​នៃ​ប្រទេស​ស៊ូដង់ ដែល​ផ្ទុះឡើង​តាំងពី​ថ្ងៃទី​១៥ មេសា បាន​កំពុង​រុញ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល ទោះ​ជា​ការ​ប្រយុទ្ធ​គ្នា​នៅ​កណ្ដាល​រដ្ឋធានី​ខាទុម ក៏ដោយ។

យ៉ាងតិច​ណាស់​មនុស្ស​ជាង ៧០០​នាក់​ត្រូវ​បាន​សម្លាប់ និង​ជាង ៤៩៤០​នាក់​បាន​រង​របួស។ នេះ​បើ​យោង​តាម​តួលេខ​ចុងក្រោយ​របស់​ក្រសួង​សុខាភិបាល​ស៊ូដង់ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៥ ឧសភា នេះ។

តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​សារព័ត៌មាន​ជាច្រើន​ទៀត បាន​ឱ្យ​ដឹង​ថា ជនភៀសខ្លួន​រត់​ពី​រដ្ឋធានី​របស់​ប្រទេស​នេះ​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង ខណៈ​លំនៅឋាន​រាប់​ពាន់​បាន​បិទ​ទ្វារ។ គណៈកម្មការ​ជំនួយ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ស៊ូដង់ បាន​បញ្ចេញ​របាយការណ៍​ថា លំនៅឋាន ១២៣៣​បាន​បិទ​ទ្វារ។

ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នៅ​ក្នុង​រដ្ឋធានី​ខាទុម បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី​១៥ ខែ​មេសា រវាង​មេដឹកនាំ​កងទ័ព​នៃ​ប្រទេស​ស៊ូដង់ ឧត្តមសេនីយ៍ Abdel Fattah al-Burhan និង​អនុប្រធាន​របស់​លោក គឺ​ឧត្តមសេនីយ៍ Mohamed Hamdan Dagalo ដែល​ជា​មេបញ្ជាការ​កងកម្លាំង​ទាហាន​ប៉ារ៉ា បាន​ប្រែ​ក្លាយ​ការ​ដណ្តើម​អំណាច​គ្នា​ដោយ​ការ​ផ្ទុះ​អាវុធ​ប្រយុទ្ធ​គ្នា។

ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ទាហាន​ប្រជែង​គ្នា​ទាំង​ពីរ​នេះ​នៅ​ក្នុង​ប្រទេស​ស៊ូដង់ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​ដើម្បី​ពង្រឹង​កិច្ច​ឈប់​បាញ់​គ្នា ស្រប​ពេល​ដែល​មន្ត្រី​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​នៅ​អាហ្វ្រិក​មួយ​នេះ​កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ដើម្បី​ពិភាក្សា​អំពី​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ជនស៊ីវិល​រាប់​លាន​នាក់​ដែល​ជាប់​គាំង​នៅ​ទីក្រុង​ខាទុម និង​ក្រុង​ដាហ្វ័រ។

បេសកកម្ម​របស់​លោក Martin Griffiths បាន​ធ្វើឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​បន្ទាប់ពី​ប្រទេស​នេះ​បាន​ប្រកាស​ថា ភាគី​ជម្លោះ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ចំពោះ​កិច្ច​ឈប់​បាញ់​គ្នា​រយៈពេល ៧​ថ្ងៃ តែ​ការពិត​ពុំ​មាន​ការ​អនុវត្ត​នោះ​ទេ។

លោក Griffiths បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Port Sudan នៃ​ប្រទេស​ស៊ូដង់ នៅ​ជាប់​សមុទ្រ​ក្រហម​ក្នុង​ដំណើរ​បេសកកម្ម​បន្ទាន់​មួយ​ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង និង​រក​មធ្យោបាយ​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ឱ្យ​ពលរដ្ឋ​ស៊ូដង់ ដែល​មិន​អាច​គេច​ខ្លួន​ចេញ​បាន​ពី​ការ​ប្រយុទ្ធ​នេះ។

ជុំវិញ​វិបត្តិ​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បាន​និយាយ​ថា អង្គការ​សហប្រជាជាតិ​បរាជ័យ​ហើយ​ព្រោះតែ​មិន​អាច​ជួយ​បញ្ឈប់​កុំ​ឱ្យ​សង្គ្រាម​ផ្ទុះឡើង​នៅ​ស៊ូដង់ ជា​កន្លែង​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​ឥត​ឈប់​ឈរ​រវាង​កងទ័ព​ស៊ូដង់ និង​កងកម្លាំង​ទាហាន​ប៉ារ៉ា ធ្វើ​ឲ្យ​ខូច​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​បទ​ឈប់​បាញ់។

លោក Guterres បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​ណៃរ៉ូប៊ី នៃ​ប្រទេស​កេនយ៉ា ថា អង្គការ​សហប្រជាជាតិ​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ស្ថានភាព​នេះ ពីព្រោះ​តែ​ស្ថាប័ន​ពិភពលោក​មួយ​នេះ និង​ប្រទេស​ផ្សេង​ទៀត​សង្ឃឹម​ថា​ការ​ចរចា​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ តែ​បែរជា​រលាយ​នៅ​ពេលនេះ។

លោក​អគ្គលេខាធិការ​បាន​បញ្ជាក់​បន្ថែម​ថា ប្រទេស​ស៊ូដង់ ដែល​ទទួល​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំង​រួច​ហើយ ទីបំផុត​បែរជា​ធ្លាក់​ក្នុង​កលិយុគ​ដោយសារ​ការ​ដណ្តើម​អំណាច​រវាង​មេទ័ព​ក្រុម​អង្គភាព​ទ័ព​ទាំង​ពីរ​នេះ​វាយ​ប្រយុទ្ធ​គ្នា ហើយ​មើល​ទៅ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​ក៏​ចូលរួម​ក្នុង​ការ​បញ្ចៀស​ជម្លោះ​ដែល​មិន​បាន​សម្រេច​នេះ​ដែរ។

ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​បាន​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ខ្លាំង ក្នុង​នោះ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ចិន រុស្ស៊ី អេហ្ស៊ីប កាតា អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម អង្គការ​សហប្រជាជាតិ និង​សហភាព​អាហ្វ្រិក ដោយ​បាន​អំពាវនាវ​ទៅ​មេទ័ព​ទាំង​ពីរ​ក្រុម​ត្រូវ​បើក​ការ​ចរចា ហើយ​បញ្ឈប់​ហិង្សា​ជាបន្ទាន់។

ប្រទេស​ទាំងអស់​នេះ​ព្រមាន​មេទ័ព​ទាំង​ពីរ​នេះ​ថា នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម ហើយ​អាច​ប្រឈម​នឹង​វិធានការ​ពី​អង្គការ​សហប្រជាជាតិ​ទៀត​ផង។ ជាមួយ​គ្នា​នេះ ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ឧសភា ថា ការ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ស៊ូដង់ ត្រូវតែ​បញ្ចប់ បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំងក្លា។

លោក បៃដិន បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក​ថា៖ អំពើ​ហិង្សា​ដែល​កើតឡើង​នៅ​ក្នុង​ប្រទេស​ស៊ូដង់ គឺជា​សោកនាដកម្ម​មួយ ហើយ​វា​ក្បត់​នឹង​ការ​ចង់​បាន​របស់​ប្រជាជន​ស៊ូដង់ ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ប្រទេស​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ។

ស្រប​ពេល​នេះ​ដែរ លោក បៃដិន ក៏​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ ដើម្បី​ពង្រីក​សិទ្ធិ​អំណាច​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​គំរាមកំហែង​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៃ​ប្រទេស​ស៊ូដង់ ធ្វើ​ឲ្យ​ខូច​ដល់​ការ​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ ព្រោះ​តែ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ជនស៊ីវិល និង​ប្រព្រឹត្ត​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៕