33 C
Phnom Penh

គ.ជ.ប មិន​ឱ្យ​លោក រ៉ុង ឈុន ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លុប​ឈ្មោះ​លោក រ៉ុង ឈុន និង​ទាមទារ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ដាក់​បេក្ខភាព​ថ្មី​ឈរ​ឈ្មោះ​នៅ​មណ្ឌល​ខេត្ត​កណ្ដាល​ជំនួស​លោក រ៉ុង ឈុន ស្រប​ពេល​បក្ស​នយោបាយ​ដែល​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត គឺ គ.ជ.ប ទទួល​ស្គាល់​ជា​ផ្លូវការ​សរុប ១១​គណបក្ស។

សេចក្ដី​ជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ចុះ​ថ្ងៃទី​០៩ ខែ​ឧសភា នេះ ឲ្យ​ដឹង​ថា បក្ស​ភ្លើង​ទៀន​មិនទាន់​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​នៅឡើយ​ទេ​ចំពោះ​ការ​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣។

គ.ជ.ប លើកឡើង​ថា ចំណុច​ខ្វះខាត​ដែល​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បំពេញ​បន្ថែម ក្នុង​នោះ​សេចក្តី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ដែល​បញ្ជាក់​ពី​នីត្យានុកូលកម្ម​ដោយ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ១ (មួយ) ច្បាប់ និង​បង្កាន់ដៃ​បង់​ប្រាក់​តម្កល់​ចំនួន ១៥.០០០.០០០ (ដប់​ប្រាំ​លាន) រៀល ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ។

ចំពោះ​បេក្ខជន​ឈរ​ឈ្មោះ​វិញ គ.ជ.ប ថា​ទោះបីជា​លោក រ៉ុង ឈុន ត្រូវ​តុលាការ​ផ្ដន្ទាទោស​ពី​បទ​មជ្ឈិម​ក្ដី ប៉ុន្តែ​លោក រ៉ុង ឈុន ដែល​ជា​បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​កណ្តាល នេះ មិនទាន់​មាន​នីតិសម្បទា​ឡើងវិញ​នៅឡើយ។ ករណី​នេះ គ.ជ.ប បាន​ទាមទារ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ប្ដូរ​បេក្ខជន​ថ្មី​ជំនួស​លោក រ៉ុង ឈុន។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បញ្ជាក់​ថា ចំពោះ​ចំណុច​ខ្វះខាត​ខាងលើ​នេះ គ.ជ.ប ទុក​រយៈពេល​យ៉ាង​យូរ ៥ (ប្រាំ) ថ្ងៃ ដើម្បី​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បំពេញ​បន្ថែម បន្ទាប់​ពី​ថ្ងៃ​បាន​ទទួល​លិខិត​ជូនដំណឹង​របស់​ខ្លួន។

ការ​ច្រានចោល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នេះ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល Fresh News បាន​ចុះផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែ​ឧសភា ថា លោក រ៉ុង ឈុន អាច​នឹង​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​ថ្មី​វិញ ប្រសិនបើ​មិន​អនុវត្ត​តាម​ដីកា​របស់​តុលាការ។

ការ​សើរើ​សំណុំរឿង​របស់​លោក រ៉ុង ឈុន យក​មក​ចុះផ្សាយ​នេះ ស្រប​ពេល​ដែល​លោក រ៉ុង ឈុន ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​១ នៃ​គណបក្ស​ភ្លើង​ទៀន​នៅ​មណ្ឌល​ខេត្ត​កណ្ដាល ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​លោក ហ៊ុន សែន ដែល​ជា​បេក្ខជន​លេខ​រៀង​ទី​១ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្ត​កណ្ដាល នេះ​ដូច​គ្នា។

ស្រប​ពេល​ដែល​គណបក្ស​នយោបាយ​កំពុង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ និង​ចុះបញ្ជី​សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា ខាងមុខ​នេះ កូនស្រី​បង្កើត​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា (Monovithya Kem) បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​កញ្ញា​នៅ​ថ្ងៃទី​៩ ឧសភា នេះ​ថា កញ្ញា​មាន​មោទកភាព​ណាស់​ដែល​កម្ពុជា​រៀបចំ និង​ប្រកួត​ប្រកប​ដោយ​ឧត្តមភាព​ក្នុង​កម្មវិធី​ស៊ីហ្គេម (SEA Games 2023) តែ​បើ​កម្ពុជា​អាច​រៀបចំ និង​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ដោយ​ត្រឹមត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​នា​ពេល​ខាងមុខ​នេះ មិន​ដឹង​ថា​កម្ពុជា​នឹង​មាន​មោទកភាព​ខ្លាំង​ប៉ុនណា​ឡើយ។ កញ្ញា​បង្ហាញ​ជំនឿ​ថា ខ្មែរ​អាច​ធ្វើ​បាន ដោយ​ងាក​មក​ការ​ចរចា​គ្នា​ដើម្បី​ផ្សះផ្សា​ជាតិ។

ចំណែក​ឯ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២៣ ថា មេដឹកនាំ​បក្ស​កាន់​អំណាច ហ៊ុន សែន នឹង​កម្ចាត់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ចេញពី​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​របស់​បក្ស​ភ្លើង​ទៀន ក្រោម​លេស​ថា លោក រ៉ុង ឈុន ជា​ទណ្ឌិត​ដែល​មិនទាន់​បាន​ទទួល​នីតិសម្បទា​ពេញលេញ​ឡើងវិញ ដូច្នេះ​គាត់​នឹង​មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​បាន​ទេ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ការ​ធ្វើ​បែប​នេះ គឺ​ដោយសារតែ​លោក ហ៊ុន សែន ខ្លាច​លោក រ៉ុង ឈុន ដែល​ឈរ​ឈ្មោះ​នៅ​ខេត្ត​កណ្តាល​ដូច​គាត់​ដែរ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ នេះ ខណៈ​លោក រ៉ុង ឈុន មាន​ប្រជាប្រិយភាព​ខ្ពស់​ជាង​លោក ហ៊ុន សែន ឆ្ងាយ​ណាស់ ជាពិសេស​ក្នុង​ចំណោម​កម្មករ មន្ត្រី​រាជការ និង​គ្រូបង្រៀន។ ជាង​នេះ​ទៀត លោក រ៉ុង ឈុន ក៏​ធ្លាប់​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ហើយ​បាន​ចេញ​មុខ​ការពារ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា​ថែម​ទៀត។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប កាលពី​ថ្ងៃទី​០៨ ខែ​ឧសភា នេះ ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​នា​ខែ​កក្កដា ខាងមុខ​នេះ​ដែល គ.ជ.ប បាន​ពិនិត្យ និង​ទទួល​ស្គាល់​ជា​ផ្លូវការ​សរុប ១១​គណបក្ស។

គណបក្ស​នយោបាយ​ទាំង ១១ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​សម្រេច​ទទួល​ស្គាល់ ក្នុង​នោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​សញ្ជាតិ​កម្ពុជា ជាដើម។

ចំណែក​គណបក្ស​នយោបាយ​ចំនួន ៩ ទៀត គ.ជ.ប បញ្ជាក់​ថា ខ្លួន​កំពុង​ពិនិត្យ​ដោយ​មិនទាន់​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​នៅឡើយ។ គណបក្ស​នយោបាយ​ទាំង ៩ ដែល គ.ជ.ប កំពុង​ពិនិត្យ ក្នុង​នោះ​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ ជាដើម។

ទោះបី គ.ជ.ប ថា​បក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី និង​ដាក់​បេក្ខជន​សម្រាប់​ឈរ​ឈ្មោះ​បោះឆ្នោត​ជាង ១០​គណបក្ស​ហើយ​ក៏ដោយ ប៉ុន្តែ​ការ​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នា​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ​នេះ ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​បាន​ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​ការ​បោះឆ្នោត និង​ផ្តល់​ជំនួយ​ដល់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស