សមាជិកអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង ដែលទើបនឹងចេញពីពន្ធនាគារ លោក គង់ ម៉ាស់ ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីមានការអន្តរាគមន៍របស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ឲ្យលោកមានសេរីភាពឡើងវិញ។
លោក គង់ ម៉ាស់ ចេញលិខិតសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះថា ក្រោយពីទទួលបានការលើកលែងទោសពីមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ឲ្យមានសេរីភាពឡើងវិញ និងបានដឹងនូវកំហុសរបស់ខ្លួន លោកក៏សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចនៅពេលនេះតែម្តង។
លោក គង់ ម៉ាស់ បញ្ជាក់ថា រយៈពេលជាង ១០ឆ្នាំហើយដែលលោកដើរតាមមនោគមន៍វិជ្ជានយោបាយរបស់មេដឹកនាំបក្សប្រឆាំង។ លោកមិនបានចូលរួមធ្វើកិច្ចការដើម្បីបម្រើសង្គមជាតិនោះទេ គឺមានតែនាំឲ្យមានភាពវឹកវរដល់សង្គមជាតិប៉ុណ្ណោះ។
កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១០នាក់ មានទាំងលោក គង់ ម៉ាស់ ផងដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ បានចេញវីដេអូសារភាពកំហុស និងធ្វើលិខិតសុំទោសលោក ហ៊ុន សែន ដោយសំណូមពរឱ្យពួកគេបានរស់នៅក្រៅឃុំជាបណ្ដោះអាសន្ន។
ក្រោយពីការសុំទោស លោក គង់ ម៉ាស់ ត្រូវបានដោះលែងឲ្យរស់នៅក្រៅឃុំបណ្ដោះអាសន្ន។ បន្ថែមពីនេះ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ដដែលនោះ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ក៏បានចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោក គង់ ម៉ាស់ រួចផុតពីការចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញផងដែរ។
លោក គង់ ម៉ាស់ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងបានបញ្ជូនទៅតុលាការក្រុងភ្នំពេញក្រោមបទចោទ «រួមគំនិតក្បត់»។ ក្រោយឃុំខ្លួនអស់រយៈពេលប្រមាណជា ២ឆ្នាំ គឺនៅចុងខែធ្នូ ឆ្នាំ២០២២ លោក គង់ ម៉ាស់ ត្រូវតុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំពីបទរួមគំនិតក្បត់ ជុំវិញការចូលរួមមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីពេលកន្លងទៅ។
រយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា សកម្មជន សមាជិក និងមន្ត្រីបក្សប្រឆាំងទាំងភាគីលោក កឹម សុខា និងភាគីលោក សម រង្ស៊ី បានសម្រុកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់ ក្នុងនោះភាគីលោក កឹម សុខា រួមមានលោក យឹម ស៊ីណន លោក ហ៊ុន កុសល និងមនុស្សមួយចំនួនទៀត។ ចំណែកភាគីលោក សម រង្ស៊ី មានដូចជាលោក អៀ ចាន់ណា លោក តុ វ៉ាន់ចាន់ និងលោក គង់ ម៉ាស់ ដែលសុំចុះចូលនៅពេលនេះជាដើម។
សមាជិកក្រុមប្រឹក្សាក្រុងឡូវែល លោក នួន វាសនា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៩ ឧសភា ថា អ្នកដែលចុះចូលជាមួយបក្សកាន់អំណាចមួយចំនួនធំ មិនមែនដោយសារពួកគេស្រឡាញ់គណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែដោយសារពួកគេគ្មានជម្រើសដែលចង់បានសេរីភាពសម្រាប់មើលថែក្រុមគ្រួសាររបស់ពួកគេ។
លោក នួន វាសនា បញ្ជាក់ថា ក្រៅពីត្រូវការសេរីភាព ពួកគេក៏មិនដឹងថាទៅពឹងបក្សណាដែរក្នុងពេលបច្ចុប្បន្ននេះ ខណៈគណបក្សសង្គ្រោះជាតិក៏គ្មានសង្ឃឹមថានឹងរស់ឡើងវិញដែរនោះ ដូច្នេះជម្រើសនៅពេលនេះ ពួកគេមានតែចុះចូលជាមួយគណបក្សកាន់អំណាចជាបណ្ដោះអាសន្នប៉ុណ្ណោះ ប៉ុន្តែឆន្ទៈដែលចង់បានការផ្លាស់ប្ដូររបស់អ្នកទាំងនោះគឺនៅតែមានដដែល។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា នៅមុនការបោះឆ្នោតមកដល់ គឺជាឱកាសរបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំដែលចង់មានសេរីភាពឡើងវិញ ដូច្នេះពួកគេមានតែសុំចុះចូលជាមួយបក្សកាន់អំណាចប៉ុណ្ណោះ ប៉ុន្តែក៏ជាឱកាសរបស់លោក ហ៊ុន សែន ដែរ ស្របពេលដែលការបោះឆ្នោតខាងមុខនេះគ្មានបក្សប្រឆាំងគួរឲ្យទុកចិត្តចូលរួម និងគ្មានសហគមន៍អន្តរជាតិទទួលស្គាល់ជុំវិញដំណើរការនៃការបោះឆ្នោតនេះដែរនោះ។
ប្រភពដដែលបញ្ជាក់ថា អ្នកដែលសុំចុះចូលជាថ្នូរត្រឡប់មកវិញ គឺទទួលបានសេរីភាព និងតំណែងតួនាទីក្នុងជួររដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ប៉ុន្តែប្រយោជន៍ដែលលោក ហ៊ុន សែន ទទួលបានពីការចុះចូលរបស់ពួកគេ គឺជាការជួយបិទបាំងការបោះឆ្នោតមួយដែលអន្តរជាតិមិនទទួលស្គាល់ ដើម្បីបន្តទៅរកការផ្ទេរអំណាចរបស់គាត់ដោយសុវត្ថិភាពនៅពេលខាងមុខនេះ៕