ឧត្តមសេនីយ៍ត្រី ស៊ឹម សុខុន មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង។

ព័ត៌មានជាតិ

មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ម្នាក់​រង​ការ​ចោទ​ថា​ឆបោក​ប្រាក់​ជាង​៩​ម៉ឺន​ដុល្លារ​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល

By ឌឹ ខេមបូឌា ដេលី

May 12, 2023

ពលរដ្ឋ ១១​គ្រួសារ​រស់នៅ​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​ចោទ​អនុប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ម្នាក់​ថា​ឆបោក​ប្រាក់​ពួកគេ​ជាង ៩​ម៉ឺន​ដុល្លារ ក្រោម​លេស​ថា​យក​ទៅ​រត់ការ​ដើម្បី​ជួយ​កូនៗ​ពួកគេ​ឲ្យ​ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ។

ក្នុង​ពាក្យបណ្ដឹង​មួយ​ចុះ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២៣ ភ្ជាប់​ជាមួយ​ស្នាម​មេដៃ និង​ឈ្មោះ​ដែល​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា ពួកគេ​ប្រគល់​ប្រាក់​ជាង ៩​ម៉ឺន​ដុល្លារ​ទៅ​អនុប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង អ្នកស្រី ស៊ឹម សុខុម បន្ទាប់ពី​អ្នកស្រី​បាន​សន្យា​ជួយ​រត់ការ​ដើម្បី​កូនៗ​របស់​ពួកគាត់​បាន​ចូល​ធ្វើការ​ក្របខ័ណ្ឌ​នគរបាល​ជាតិ ប៉ុន្តែ​បើ​មិន​បាន នឹង​ប្រគល់​ប្រាក់​ឲ្យ​ពួកគាត់​វិញ។

ប្រភព​ដដែល​អះអាង​ថា ប្រាក់​ជាង ៩​ម៉ឺន​ដុល្លារ​នេះ ពួកគាត់​ទាំង ១១​គ្រួសារ​បាន​យក​ទៅ​ឲ្យ​អ្នកស្រី ស៊ឹម សុខុន ដល់​ផ្ទះ​កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២១ ដោយ​មាន​លោក ម៉ៅ ណាត ហើយ​លោក ប្រាជ្ញ សុវណ្ណមន្នី និង​លោក ម៉ៅ សំរេច ជា​អ្នក​បាន​ឃើញ និង​ដឹង​ឮ​ចំពោះ​រឿង​នេះ។

លិខិត​ដដែល​បាន​សរសេរ​ថា នៅ​ពេល​ប្រគល់​ប្រាក់​ហើយ បែរជា​អ្នកស្រី ស៊ឹម សុខុន បាន​ប្រាប់​មក​ពួកគាត់​វិញ​ថា ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​នេះ គឺ​គេ​រើស​យុវជន​ចេញពី​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។

បើ​តាម​ការ​អះអាង​របស់​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​វីដេអូ​ឃ្លីប​ថា ទោះបីជា​អ្នកស្រី ស៊ឹម សុខុន មិន​បាន​ជួយ​កូនៗ​របស់​ពួកគាត់​ចូល​ក្របខ័ណ្ឌ​ដូច​សន្យា ប៉ុន្តែ​ប្រាក់​ឲ្យ​ជាង ៩​ម៉ឺន​ដុល្លារ​ដែល​អនុប្រធាន​ពន្ធនាគារ​រូប​នេះ​យក​ពី​ពួកគាត់ ក៏​មិន​បាន​ប្រគល់​មក​វិញ​តាម​ការ​សន្យា​ដែរ​ចាប់​តាំងពី​ខែ​មីនា ឆ្នាំ​២០២១ ដល់​ខែ​ឧសភា ឆ្នាំ​២០២៣។

ក្រៅពី​ពាក្យបណ្ដឹង​ដែល​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ក៏​មាន​ការ​បង្ហាញ​វីដេអូ​ឃ្លីប​ជាង ៤​នាទី​ដែល​ក្រុម​ប្រជាពលរដ្ឋ​យក​ប្រាក់​ទៅ​ឲ្យ​អនុប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង អ្នកស្រី ស៊ឹម សុខុន ដែរ ដោយ​វីដេអូ​នេះ​ត្រូវ​គេ​ចែករំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម។

បើ​តាម​ក្រុម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួកគេ​ប្ដឹង​អ្នកស្រី ស៊ឹម សុខុន ដោយសារ​មន្ត្រី​រូប​នេះ​មិន​ប្រគល់​ប្រាក់​ឲ្យ​ពួកគេ​វិញ ដោយ​ចេះ​តែ​ឆ្លើយ​ដោះសា​ជាមួយ​ពួកគាត់​ម្ដង​ហើយ​ម្ដង​ទៀត ខណៈ​ប្រាក់​ជាង ៩​ម៉ឺន​ដុល្លារ គឺ​ពួកគាត់​ខ្ចី​ពី​ធនាគារ។

ករណី​នេះ ពួកគាត់​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យ​ជួយ​អន្តរាគមន៍​ដោយ​ចោទ​ថា ឧត្តមសេនីយ៍ត្រី​ផ្កាយ​មួយ អ្នកស្រី ស៊ឹម សុខុន បាន​ឆបោក​លុយ​ពួកគាត់​ជាង ៩​ម៉ឺន​ដុល្លារ​ក្រោម​លេស​ថា​យក​ទៅ​រត់ការ​ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង។

ពួកគេ​បាន​អះអាង​ថា ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឲ្យ​ជួយ​បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង មិន​អាច​ដោះស្រាយ​ករណី​នេះ​ជូន​បាន ទោះបីជា​ពួកគេ​បាន​ទៅ​ជួប​អភិបាលរង​ខេត្ត​នេះ​ចំនួន ៣​ដង​ហើយ​ក្ដី។

ពាក់ព័ន្ធ​នឹង​ករណី​នេះ សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​នៅឡើយ​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពាក់ព័ន្ធ​រឿង​រត់ការ​ចូល​ក្របខ័ណ្ឌ​រដ្ឋ​នេះ កាលពី​ខែ​សីហា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ចប់​មុខតំណែង​មន្ត្រី​នៅ​ក្រសួង​នេះ​ថ្នាក់​អនុរដ្ឋលេខាធិការ ក្រោយពី​រក​ឃើញ​ថា មន្ត្រី​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ដើរ​សន្យា​លក់​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ក្នុង​តម្លៃ​ចន្លោះ​ពី ១​ម៉ឺន​ទៅ ២​ម៉ឺន​ដុល្លារ។ លោក​ក៏​បាន​ទម្លាយ​ដែរ​ថា អំពើពុករលួយ​ប្រភេទ​នេះ​កំពុង​កើត​មាន​នៅ​ក្រសួង​ផ្សេង​ទៀត តែ​លោក​សុំ​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនោះ​ទេ។

បើ​តាម​សន្ទស្សន៍​យល់​ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​២០២១ ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស និង​ដែនដី​ចំនួន ១៨០ នៅ​លើ​ពិភពលោក​ដែល​មាន​អំពើពុករលួយ​អាក្រក់​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង ១០ នៃ​សមាជិក​អាស៊ាន៕