33 C
Phnom Penh

លោក យុន ប៊ុនកន ចេញ​បំភ្លឺ​ករណី​ប៉ូលិស​កាណាដា​ចាប់​ខ្លួន​លោក​និង​កូនស្រី​ថា​ជា​រឿង​មិន​ពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក យុន ប៊ុនកន ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​អ្នកស្រី យុន ប៊ុនណារី ចេញ​មុខ​បំភ្លឺ​ជុំវិញ​ការ​ចុះផ្សាយ​ថា ប៉ូលិស​កាណាដា​បាន​ចាប់​ខ្លួន​លោក និង​កូនស្រី​របស់​លោក​ថា​ជា​រឿង​មិន​ពិត ដោយ​លោក​ក៏​កំពុង​ស្នើ​ឱ្យ​សារព័ត៌មាន Le Journal de Montréal ធ្វើការ​កែសម្រួល​ការ​ចុះផ្សាយ​របស់​គេ​ផង​ដែរ។

លោក យុន ប៊ុនកន បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ដែល​មាន​ឈ្មោះ Montreal Meditation កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣ ថា ផ្ទះ​ដែល​ប៉ូលិស​ចូល​ឆែកឆេរ និង​បង្កក​ទ្រព្យសម្បត្តិ​នោះ គឺជា​ផ្ទះ​ដែល​កូនស្រី​របស់​លោក​ជួល​ឱ្យ​អ្នក​ផ្សេង​ប៉ុណ្ណោះ មិនមែន​ជា​ផ្ទះ​ដែល​កូនស្រី​របស់​លោក​រស់នៅ​នោះ​ទេ ហើយ​លោក​ក៏​កំពុង​ស្នើ​ឱ្យ​សារព័ត៌មាន Le Journal de Montréal កែសម្រួល​ការ​ចុះផ្សាយ​របស់​គេ​ដែរ​នៅ​ពេលនេះ។

លោក យុន ប៊ុនកន បញ្ជាក់​ថា អ្នក​ដែល​ជួល​ផ្ទះ​ពី​កូនស្រី​របស់​គាត់ បាន​យក​ផ្ទះ​នោះ​ទៅ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ដោយ​ការ​ផលិត​គ្រឿងញៀន ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ប៉ូលិស​ក៏​បាន​ចុះ​ស្រាវជ្រាវ​ផ្ទះ​ដទៃ​ទៀត​ក្នុង​តំបន់​នោះ​ប្រមាណ​ជា ៤០​កន្លែង​ដែរ ដែល​មាន​ការ​សង្ស័យ​ថា​បាន​ពាក់ព័ន្ធ​នឹង​ការ​ផលិត​គ្រឿងញៀន​ក្នុង​ខេត្ត​កេបិច រហូត​ដល់​ខេត្ត​ផ្សេង​ទៀត​ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា។

ប្រភព​ដដែល​អះអាង​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នោះ​ទេ គ្រាន់តែ​ជា​ឪពុក​របស់​អ្នកស្រី យុន ប៊ុនណារី ដែល​ផ្ទះ​របស់​គាត់​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ដោយសារតែ​អ្នក​ជួល​ស្នាក់នៅ​នោះ​បាន​ប្រព្រឹត្ត​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត លោក​ក៏​មិនមែន​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ទីក្រុង​ម៉ុងរ៉េអាល់ ក្នុង​ប្រទេស​កាណាដា ដូច​ការ​លើកឡើង​របស់​មនុស្ស​មួយ​ចំនួន​ឡើយ ហើយ​លោក​ក៏​មិនមែន​ជា​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ដែរ។

លោក យុន ប៊ុនកន បញ្ជាក់​ថា ក្នុង​រឿង​នេះ ផ្ទះ​កូនស្រី​របស់​លោក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​គ្រឿងញៀន​នៅ​ពេលនេះ មិន​ត្រូវ​បាន​ប៉ូលិស​រឹបអូស​ទេ គ្រាន់តែ​បង្កក​ប៉ុណ្ណោះ ខណៈ​ឡាន​កូនស្រី​របស់​លោក​ក៏​គ្រាន់តែ​បង្កក​ដូច​គ្នា​ដែរ ដែល​ត្រូវ​រង់ចាំ​ការ​ដោះស្រាយ​បញ្ហា​នេះ​សិន។

លោក​បន្ថែម​ថា ចំណែក​ភោជនីយដ្ឋាន​ក្នុង​អគារ​របស់​លោក​ដែល​ជួល​ឱ្យ​ជនជាតិ​វៀតណាម​លក់​បាញ់ឆែវ មិនមែន​ជា​ភោជនីយដ្ឋាន​របស់​លោក​នោះ​ទេ ខណៈ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Le Journal de Montréal ថា​រក​ឃើញ​កាំភ្លើង​នោះ​ក៏​មិនមែន​ជា​ការពិត​ដែរ។

កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២៣ សារព័ត៌មាន​អន្តរជាតិ Le Journal de Montréal បាន​ចុះផ្សាយ​ថា ប៉ូលិស​កាណាដា បាន​ស្រាវជ្រាវ​រក​ឃើញ​ឧបករណ៍​ផលិត​គ្រឿងញៀន​នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី យុន ប៊ុនណារី ដែល​មាន​សមត្ថភាព​ផលិត ១​លាន​គ្រាប់​ក្នុង ១​ថ្ងៃ និង​បាន​រក​ឃើញ​ថ្នាំញៀន​ជាង ៩​សែន​គ្រាប់ ព្រមទាំង​កាំភ្លើង​វែង​ខ្លី​មួយ​ចំនួន​ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ផ្ទះ​អ្នកស្រី យុន ប៊ុនណារី ពីរ​កន្លែង និង​ឡាន​មួយ​ចំនួន ត្រូវ​ប៉ូលិស​យក​ទៅ​រក្សា​ទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត។

ទាក់ទិន​នឹង​បញ្ហា​នេះ មាន​ប្រភព​មួយ​ចំនួន​លើកឡើង​ថា លោក យុន ប៊ុនកន គឺជា​ទីប្រឹក្សា​លោក ហេង សំរិន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា ហើយ​ក៏​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន និង​ការ​លាង​លុយ​ដែរ។ ជាង​នេះ​ទៀត លោក​ក៏​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត ថែម​ទៀត។

យ៉ាងណាក៏ដោយ ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អង្គារ ទី​៩ ឧសភា លោក​បាន​ច្រានចោល​ការ​ចោទប្រកាន់​នោះ​ទាំងស្រុង ដោយ​អះអាង​ថា លោក​គ្រាន់តែ​ជា​អ្នក​រកស៊ី​ធម្មតា​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៩ ខែ​តុលា ឆ្នាំ​២០១៣ លោក យុន ប៊ុនកន ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ទីប្រឹក្សា​របស់​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋលេខាធិការ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស