ក្រុមអ្នកឃ្លាំមើលសង្គម និងនយោបាយ លើកឡើងថា ក្នុងនាមជាអ្នកនយោបាយត្រូវតែដាក់ចិត្តដាក់កាយធ្វើនយោបាយដើម្បីបម្រើពលរដ្ឋ និងជួយសង្គមជាតិឲ្យរីកចម្រើន មិនមែនធ្វើនយោបាយដើម្បីតែផលប្រយោជន៍គ្រួសារ និងបក្ខពួកខ្លួនឯងនោះទេ។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណ សរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១០ ឧសភា ថា អ្នកធ្វើនយោបាយគ្រាន់តែជាអ្នកស្ម័គ្រចិត្តយកចំណេះជំនាញរបស់ខ្លួនទៅបម្រើពលរដ្ឋ និងសង្គមជាតិប៉ុណ្ណោះ ប៉ុន្តែបើការអនុវត្តផ្ទុយពីនេះ នោះមានន័យថាពួកគេមិនមែនជាអ្នកនយោបាយក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីដឹកនាំរកការអភិវឌ្ឍប្រទេសជាតិនោះទេ។
លោក ស៊ឹង សែនករុណា លើកឡើងថា ប្រសិនបើពួកគេជាអ្នកនយោបាយក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ ពួកគេត្រូវតែគោរពតាមឆន្ទៈរបស់ពលរដ្ឋ និងធ្វើអ្វីៗដើម្បីពលរដ្ឋ ហើយប្រសិនបើពលរដ្ឋមិនពេញចិត្តតាមរយៈនៃការទាមទារ តវ៉ារិះគន់ ពួកគេត្រូវតែចេះទទួលយកកំហុស និងហ៊ានលាឈប់ពីតំណែងភ្លាមៗ មិនរកលេសដោះសា ឬគេចវេះនូវការទទួលខុសត្រូវរបស់ខ្លួននោះឡើយ។
អ្នកវិភាគនយោបាយ សង្គម និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា កំហុសដ៏ធំរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គឺលក់ជាតិខ្មែរដើម្បីអំណាច និងប្រយោជន៍គ្រួសារ បក្ខពួក ដែលធ្វើឲ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសក្រីក្ររងនូវការបំផ្លិចបំផ្លាញ ហិនហោច រលាយរលត់ទ្រព្យសម្បត្តិជាតិគ្រប់ទីកន្លែង។
លោក គឹម សុខ អះអាងថា ដើម្បីអំណាច និងប្រយោជន៍ផ្ទាល់ខ្លួន លោក ហ៊ុន សែន ព្យាយាមយ៉ាងខ្លាំងដើម្បីទាញកម្ពុជាឱ្យឃ្លាតឆ្ងាយបន្តិចម្តងៗពីការដឹកនាំតាមបែបប្រជាធិបតេយ្យ ដោយការបំបិទសិទ្ធិបញ្ចេញមតិ បំបិទសិទ្ធិនយោបាយ និងសិទ្ធិសេរីភាពសារព័ត៌មាន ជាដើម តាមរយៈនៃការចោទប្តឹងដែលមិនសមហេតុផលគ្រប់រូបភាព រហូតឈានដល់ការចាប់ឃុំខ្លួនអ្នកតវ៉ាទាំងអយុត្តិធម៌ថែមទៀត ដែលធ្វើឱ្យពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាចគ្រប់ៗគ្នា។
ទាក់ទិននឹងបញ្ហានេះ អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានលើកឡើងកាលពីពេលថ្មីៗនេះថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានចាប់យកប្រទេសកម្ពុជាទាំងមូលធ្វើជាកម្មសិទ្ធិផ្ដាច់មុខសម្រាប់គ្រួសាររបស់គាត់រួចទៅហើយ ដែលមានន័យថា អំណាចផ្ដាច់ការដោយការប្លន់អំណាចប្រជារាស្ត្រ និងបំផ្លិចបំផ្លាញជាតិនេះ នឹងបន្តជារៀងរហូតតាមរយៈផែនការរបស់លោក ហ៊ុន សែន ដែលចង់ឲ្យកូន និងចៅរបស់គាត់គ្រប់គ្រងប្រទេសកម្ពុជាបន្តពីខ្លួនទៅថ្ងៃមុខបន្តទៀត។
ទាក់ទិននឹងការដឹកនាំរបស់លោក ហ៊ុន សែន ជាង ៤០ឆ្នាំមកនេះ អង្គការ Freedom House បានចេញរបាយការណ៍របស់ខ្លួនកាលពីឆ្នាំ២០២២ ថា ប្រព័ន្ធនយោបាយរបស់ប្រទេសកម្ពុជាត្រូវបានលោក ហ៊ុន សែន គ្រប់គ្រងផ្ដាច់មុខទាំងស្រុង ក្នុងនោះគណបក្សប្រឆាំង បណ្ដាញសារព័ត៌មានឯករាជ្យ អ្នកតវ៉ាទាមទារសិទ្ធិសេរីភាព និងពលរដ្ឋខ្មែររស់នៅក្នុងភាពភ័យខ្លាចគ្រប់ទីកន្លែង។
ចំណែកអង្គការគម្រោងយុត្តិធម៌ពិភពលោក បានដាក់ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី១៣៩ ក្នុងចំណោម ១៤០ប្រទេសដែលមាននីតិរដ្ឋទាបបំផុតកាលពីអំឡុងខែតុលា ឆ្នាំ២០២២ កន្លងទៅ ដោយសារតែគេរកឃើញថា ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាគ្មានតម្លាភាព មានការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួន ជាដើម។
យ៉ាងណាក៏ដោយ ការដឹកនាំរបស់មេដឹកនាំខ្មែរ លោក ហ៊ុន សែន សព្វថ្ងៃនេះ ត្រូវគេមើលឃើញថា មានតែធ្វើឱ្យបែកបាក់សាមគ្គីផ្ទៃក្នុងជាតិ និងបង្កើតភាពសម្អប់កាន់តែខ្លាំងពីបណ្តាប្រទេសជាមិត្តកាន់តែខ្លាំងឡើងៗប៉ុណ្ណោះ។ ជាងនេះទៀត ការដឹកនាំដោយរំលោភច្បាប់ រំលោភព្រះមហាក្សត្រ រំលោភសិទ្ធិពលរដ្ឋ និងជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យរបស់មេដឹកនាំខ្មែររូបនេះ គឺមានតែបំផ្លាញជាតិកាន់តែធ្ងន់ធ្ងរទៅៗ មិនមែនជាការជួយជាតិនោះឡើយ៕
© 2023, . All rights reserved.