អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda លើកឡើងថា គម្រោងរបស់លោកជុំវិញការប្រកួតជម្រើសជាតិកម្ពុជាត្រូវបានបញ្ចប់ហើយ បើទោះបីជាលោកចង់ធ្វើឱ្យពលរដ្ឋកម្ពុជា និងក្រុមបាល់ទាត់កាន់តែរីករាយជាមួយនឹងលទ្ធផលកាន់តែប្រសើរ ប៉ុន្តែលោកមិនអាចធ្វើបាននោះទេ បន្ទាប់ពីចាញ់ការប្រកួតជាមួយក្រុមបាល់ទាត់ឥណ្ឌូនេស៊ី។
គ្រូបង្វឹកបាល់ទាត់កម្ពុជា លោក Keisuke Honda សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១១ ខែឧសភា នេះថា ក្រុមកីឡាបាល់ទាត់កម្ពុជាទាំងអស់ គឺជាថាមពល និងក្តីសង្ឃឹមរបស់លោក ដែលជាមូលហេតុឱ្យរូបលោកបន្តការងារអស់រយៈពេល ៥ឆ្នាំរហូតដល់ទីបញ្ចប់នៅពេលនេះ។
លោក Keisuke Honda បានថ្លែងអំណរគុណដល់ក្រុមកីឡាករបាល់ទាត់កម្ពុជា ដោយបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កីឡាករបាល់ទាត់កម្ពុជាគ្រប់គ្នាបានផ្តល់ឱ្យរូបលោកនូវអ្វីៗគ្រប់យ៉ាងហើយ លោកពិតជាមានមោទនភាពចំពោះពួកគេគ្រប់គ្នាខ្លាំងណាស់ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករទាំងនោះកន្លងមក។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីគ្រូបង្វឹកបាល់ទាត់កម្ពុជា លោក Keisuke Honda ត្រូវបញ្ចប់កុងត្រាដឹកនាំក្រុមបាល់ទាត់កម្ពុជាតាមកិច្ចសន្យាត្រឹមយប់ថ្ងៃពុធ ទី១០ ឧសភា។
លោក Keisuke Honda បានមកធ្វើជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាមួយគ្រូបង្គោល គឺលោក Felix G. Dalmas ដែលជាជនជាតិអាហ្សង់ទីន ជាផ្លូវការកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់កិច្ចសន្យាកាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅផងដែរ។
ប៉ុន្តែនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសជាផ្លូវការថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda រួមជាមួយនឹងសហការីរបស់លោក បានព្រមព្រៀងបន្តកុងត្រាថ្មី ដើម្បីឱ្យលោកដឹកនាំក្រុមជម្រើសជាតិទាំងឈុតធំ និងក្រុមយុវជនអាយុក្រោម ២៣ឆ្នាំឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះបន្តទៀត។
ក្រោយពីការបង្វឹករបស់លោក Keisuke Honda ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នេះ ក្នុងជំនួបបញ្ចប់ពូល A រវាងក្រុមជម្រើសជាតិ U22 កម្ពុជា និងក្រុម U22 ឥណ្ឌូនេស៊ី បានក្លាយជាការប្រកួតចុងក្រោយរបស់ក្រុមបាល់ទាត់កម្ពុជា បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជាចាញ់ក្រុម U22 ឥណ្ឌូនេស៊ី ២ ទល់នឹង ១ កាលពីរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
ទាក់ទិននឹងបញ្ហានេះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ក្រុមឈុតស៊ីហ្គេមកម្ពុជាធ្លាប់បានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល A ផងដែរ ដែលរួមមានម្ចាស់ផ្ទះវៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី។
៤ប្រកួតរបស់ក្រុមគោព្រៃកម្ពុជា ឈ្នះឡាវ ៤ ទល់នឹង ១ ប៉ុន្តែត្រូវចាញ់សិង្ហបុរី ១ ទល់នឹង ០ និងបន្តចាញ់ថៃ ៥ ទល់នឹង ០ រហូតដល់ចុងក្រោយ បានត្រឹមស្មើជាមួយនឹងម៉ាឡេស៊ី ២ ទល់នឹង ២ ប៉ុណ្ណោះ។
ក្រោយចប់ការប្រកួត គេឃើញមានវត្តមានប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា ព្រមទាំងក្រុមការងារ គ្រូបង្វឹក និងកីឡាករទាំងអស់ បានជួបជុំ និងលាគ្នាជាមួយលោក Keisuke Honda ចំពោះមុខអ្នកគាំទ្រជាច្រើននៅពហុកីឡដ្ឋានជាតិ ខណៈបណ្ដាក្លឹប និងអ្នកគាំទ្រជាច្រើនក៏បានអរគុណបុរសជនជាតិជប៉ុនរូបនេះផងដែរ ដែលបានលះបង់ និងខំប្រឹងដឹកនាំអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជារយៈពេល ៥ឆ្នាំមកនេះ៕