38 C
Phnom Penh

ការ​បោះឆ្នោត​នៅ​ថៃ​កំពុង​ស្ថិត​លើ​វិថី​របស់​យុវជន​ដែល​ត្រូវ​បញ្ចប់​ការ​ដឹកនាំ​របស់​ពួក​យោធា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​បោះឆ្នោត​នៅ​ក្នុង​រាជាណាចក្រ​ថៃ ជាប់​នឹង​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​ឧសភា ចុង​សប្ដាហ៍​នេះ។ នេះ​ជា​ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​ទី​២ បន្ទាប់ពី​រាជាណាចក្រ​មួយ​នេះ​បាន​បោះឆ្នោត​ដំបូង​កាលពី​ខែ​មីនា ឆ្នាំ​២០១៩ ក្រោយពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៤ ដែល​ជា​រដ្ឋប្រហារ​រំលាយ​គណៈរដ្ឋមន្ត្រី​របស់​គណបក្ស​ភឿថៃ។

ឧត្តមសេនីយ៍​ដឹកនាំ​រដ្ឋប្រហារ​ពេល​នោះ គឺ​លោក ប្រាយុទ្ធ ចាន់អូចា ដែល​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

ការ​បោះឆ្នោត​លើក​នេះ ត្រូវ​បាន​អ្នក​សង្កេតការណ៍​គិត​ថា​អាច​ស្ដារ​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​ពី​កណ្ដាប់ដៃ​របស់​ពួក​យោធា​បាន​ឡើងវិញ។

នៅ​មុន​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់​នេះ វិទ្យាស្ថាន​ជាតិ​ធំ​មួយ​ឈ្មោះ ឋានដុសិត បាន​ធ្វើ​ការ​ស្ទង់មតិ​លើ​ពលរដ្ឋ​ដែល​មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ ហើយ​ភាគច្រើន​សុទ្ធតែ​យុវជន​ជំនាន់​ក្រោយ​ដល់​ទៅ ១​ម៉ឺន ៦​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​ថៃ។

តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​នេះ មាន​តែ​បក្ស​នយោបាយ​ពីរ​ប៉ុណ្ណោះ​ដែល​ជា​បក្ស​ប្រឆាំង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​លើសលប់ បើ​ធៀប​នឹង​បក្ស​យោធា គឺ​បក្ស​ប៉ាល្ល័ងប្រាចារ៉ាត់ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ប្រាវិត វង្សាវ៉ាត និង​បក្ស​ថៃ​រួបរួម​ជាតិ ដឹកនាំ​លោក ប្រាយុទ្ធ។ គម្លាត​នៃ​លទ្ធផល​ស្ទង់មតិ​មាន​ភាព​ឆ្ងាយ​ពី​គ្នា​ជា​ខ្លាំង។

គណបក្ស​ប្រឆាំង​ធំ​ជាងគេ គឺ​បក្ស​ភឿថៃ ដែល​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅ​ពីក្រោយ មាន​ការ​គាំទ្រ​រហូត​ដល់​ទៅ​ជិត ៤៦%។ បក្ស​នេះ​កំពុង​ដឹកនាំ​ដោយ​កូនស្រី​របស់​លោក ថាក់ស៊ីន ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ផង​នោះ គឺ​អ្នកស្រី ភែថងថាន ស៊ីណាវ៉ាត្រា។

ចំណែក​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ មាន​ការ​គាំទ្រ​ជិត ៣០% និង​គណបក្ស​ថៃ​រួបរួម​ជាតិ មាន​ការ​គាំទ្រ​ជិត ១២​ភាគរយ។ ក្រៅពី​នោះ មាន​ការ​គាំទ្រ​តិចតួច​បំផុត​រួម​ទាំង​គណបក្ស​បាល្ល័ងប្រាចារ៉ាត់ របស់​ពួក​យោធា​ដែល​កំពុង​កាន់​អំណាច​ផង​ដែរ។

ព្រឹត្តិការណ៍​នោះ​គឺជា​ការ​វិវឌ្ឍ​មួយ​ដ៏​សំខាន់​នៃ​ចលនា​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​អ្នក​សង្កេតការណ៍​ថា បើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ឈ្នះ​បាន​ដឹកនាំ​រដ្ឋាភិបាល មាន​ន័យ​ថា​នៅ​ក្នុង​សមាគម​អាស៊ាន​នេះ​ដង្ហើម​ប្រជាធិបតេយ្យ​ចាប់​រស់​ឡើងវិញ។ គេ​ថា​ការ​បោះឆ្នោត​សភា​នៅ​ថៃ នៅ​ខែ​ចុង​សប្ដាហ៍​នេះ ក៏​អាច​ជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ផ្សេង​ទៀត​ដែល​កំពុង​ដើរ​ថយក្រោយ មាន​ដូចជា​ប្រទេស​កម្ពុជា ជាដើម។

តែ​គេ​មិន​និយាយ​ដល់​ប្រទេស​ភូមា ដែល​ធ្លាក់​ក្នុង​របប​សឹក​នៅឡើយ​ទេ។ នៅ​ក្នុង​ប្រទេស​ថៃ ការ​ឃោសនា​បោះឆ្នោត​កំពុង​ប្រព្រឹត្ត​យ៉ាង​សកម្ម។ គណបក្ស​នយោបាយ ទាំង​បក្ស​មាន​និន្នាការ​ទៅ​រក​ពួក​យោធា និង​គណបក្ស​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ កំពុង​បង្ហាញ​គោលនយោបាយ​ដឹកនាំ​រដ្ឋាភិបាល ដោយ​មាន​របៀបវារៈ​ជាច្រើន ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ឡើងវិញ និង​ការ​បង្កើន​ប្រាក់​ម៉ោង​ពលកម្ម​របស់​កម្មករ​ទាំង​កម្មករ​ក្នុង​វិស័យ​កាត់ដេរ កម្មករ​ក្នុង​វិស័យ​សំណង់ និង​កម្មករ​ក្នុង​វិស័យ​ពហុ​ជំនាញ​ផ្សេងៗ​ទៀត។

ប៉ុន្តែ​ក្រុម​គណបក្ស​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ ក្រៅពី​លើកឡើង​អំពី​គោលនយោបាយ​ទាំងនេះ ពួកគេ​បាន​លើកឡើង​អំពី​សេរីភាព​នយោបាយ និង​សិទ្ធិមនុស្ស ដែល​កន្លងមក​ពួក​យោធា​មិន​បាន​បើក​ចំហ​ឱ្យ​ទូលំទូលាយ​នោះ​ទេ។

កាសែត​បាងកក​ប៉ុស្តិ៍ បាន​ធ្វើ​ការ​វិភាគ​ថា ការ​បោះឆ្នោត​លើក​នេះ​អាច​ខុសពី​ការ​បោះឆ្នោត​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៩ ដែល​បក្ស​របស់​ពួក​យោធា បាល្ល័ង្គប្រាចារ៉ាត់ ជាប់​លេខ​២ ហើយ​ដណ្ដើម​តំណែង​នាយករដ្ឋមន្ត្រី​ចេញពី​បោះឆ្នោត រួម​ទាំង​សមាជិក​ជាប់​ឆ្នោត និង​ព្រឹទ្ធសភា​ដែល​លម្អៀង​ទៅ​រក​ពួក​យោធា។

តាម​ការ​ស្ទង់មតិ​របស់​វិទ្យាសា្ថន ឋានដុសិត បាន​ឱ្យ​ដឹង​ថា បើ​បក្ស​ប្រឆាំង​ធំ​ពីរ​នេះ​នៅ​បន្ត​រក្សា​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ច្រើន​ពី​យុវជន​ដូច​មុន គឺ​បក្ស​នេះ​អាច​ឈ្នះ​អាសនៈ​សរុប​នៅ​ក្នុង​រដ្ឋសភា អាច ៣​ភាគ​៤ គឺ​ស្មើ​នឹង ៣៧៦​អាសនៈ​នៃ​សភា​សរុប ៥០០​នាក់ អាច​នឹង​បិទ​បញ្ចប់​រជ្ជកាល​របស់​ពួក​យោធា ហើយ​ប្រជាធិបតេយ្យ​អាច​នឹង​ប្រែប្រួល​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្នុង​តំបន់។ វា​មាន​ន័យ​ថា ការ​ដឹកនាំ​រដ្ឋាភិបាល​ខាងមុខ​នេះ​ស្ថិត​នៅ​ក្រោម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ។

ឥទិ្ធពល​របស់​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ជា​ម្ចាស់​គណបក្ស​ភឿថៃ នៅតែ​ស្ថិត​ក្នុង​បេះដូង​អ្នក​បោះឆ្នោត ជាពិសេស​យុវជន​ថៃ។

គេ​នៅតែ​ចាំ​បាន​ថា នៅ​ក្រោយ​លោក ប្រាយុទ្ធ មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ដោយ​បាន​សំឡេង​សមាជិក​ព្រឹទ្ធសភា​ចាត់តាំង ឃើញ​ថា​បាតុកម្ម​បាន​ផ្ទុះឡើង​រយៈពេល ២​ឆ្នាំ ទាមទារ​រដ្ឋាភិបាល​លោក ប្រាយុទ្ធ ឬ​លោក ប្រាយុទ្ធ ត្រូវ​រំលាយ​សភា ហើយ​បោះឆ្នោត​មុន​អាណត្តិ តែ​ដោយសារ​ថៃ​វាយលុក​ដោយ​ជំងឺ​កូវីដ​រយៈពេល​ជិត ៣​ឆ្នាំ នាំ​ឱ្យ​យុវជន​សម្រេច​ផ្អាក​ការ​ធ្វើ​តវ៉ា។

នៅ​ក្នុង​ការ​បោះឆ្នោត​ថ្មី​ចុងក្រោយ​នេះ លោក ថាក់ស៊ីន ដែល​កំពុង​និរទេស​ខ្លួន លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ឥទ្ធិពល​លើ​បក្ស​ភឿថៃ និង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ។ លោក​សច្ចា​ថា​នឹង​វិល​ចូល​ប្រទេស​ថៃ វិញ នៅ​ក្នុង​អំឡុង​ខែ​កក្កដា គឺ​ក្រោយ​ការ​បោះឆ្នោត។

លោក​ថ្លែង​ថា បក្ស​ភឿថៃ និង​បក្ស​ចលនា​ទៅ​មុខ​នឹង​ឈ្នះ​ការ​បោះឆ្នោត ដែល​អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​នៃ​អ្នក​ប្រជាធិបតេយ្យ។

ស្រប​ពេល​ដែល​លោក ថាក់ស៊ីន សន្យា​ដូចនេះ សន្ទុះ​នៃ​ការ​គាំទ្រ​បក្ស​ភឿថៃ និង​បក្ស​សម្ព័ន្ធភាព​ចលនា​ឆ្ពោះ​ទៅ​មុខ កាន់តែ​មាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត។ អ្នកស្រី ភែថងថាន ស៊ីណាវ៉ាត្រា ក្រោយពី​សម្រាល​បុត្រ​រួច អ្នកស្រី​ឆ្លៀត​បញ្ចេញ​ជំហរ​ថា គណបក្ស​សម្ព័ន្ធភាព​មិន​សម្រេច​យក​បក្ស​របស់​ពួក​យោធា​ក្នុង​រដ្ឋាភិបាល​នោះ​ទេ។ អ្នកស្រី​ថា​គេ​មិន​ត្រូវ​កៀក​ស្មា​នឹង​ពួក​យោធា​ផ្ដាច់ការ​នោះ​ទេ។

ការ​បោះឆ្នោត​នៅ​ថៃ អាច​ជះឥទ្ធិពល​ចូល​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត។

អ្នក​នយោបាយ​នៅ​ក្នុង​តំបន់ រាប់​ទាំង​យុវជន និង​ពលរដ្ឋ​សាមញ្ញ ពួកគេ​កំពុងតែ​សម្លឹង​ទៅ​ទីក្រុង​បាងកក ថា​តើ​បក្ស​ប្រឆាំង​ពីរ​នេះ​អាច​ដណ្ដើម​អាសនៈ​បាន​ច្រើន​លើសលប់​ឬ​ទេ។ ពួកគេ​បញ្ចេញ​ទស្សនៈ​នៅ​លើ​បណ្ដាញ​សង្គម​ថា ព្រោះ​ការ​បោះឆ្នោត​នៅ​ថៃ មាន​ភាព​សុក្រឹត​ត្រឹមត្រូវ និង​តម្លាភាព ហើយ​ស្ថាប័ន​បោះឆ្នោត​ប្រទេស​នេះ​មិន​ស្ថិត​នៅ​ក្រោម​បក្ស​នយោបាយ ជាពិសេស​មិន​ស្ថិត​នៅ​ក្រោម​បក្ស​របស់​ពួក​យោធា​នោះ​ទេ។ ចំណែកឯ​ច្បាប់​បោះឆ្នោត​ថៃ បើក​ចំហ​ការ​ទទួល​បក្ស​មក​ចុះបញ្ជី​ឈ្មោះ ដើម្បី​ចូលរួម​បម្រើ​ឆន្ទៈ​បំពេញ​បេះដូង​របស់​ម្ចាស់​ឆ្នោត។ ច្បាប់​បោះឆ្នោត​ថ្មី​លើក​ក្រោយ​នៅ​ថៃ មាន​ការ​កំណត់​ការ​ប្រើប្រាស់​ថវិកា​របស់​បក្ស​នីមួយៗ​ដូចៗ​គ្នា គឺ​ស្មើ​គ្នា ទោះ​ជា​បក្ស​នោះ​ធំ​យ៉ាងណា​ក៏ដោយ។

បើ​បក្ស​ណា​ប្រើ​ថវិកា​លើស​ការ​កំណត់​របស់​ច្បាប់ គឺ​ប្រឈមមុខ​នឹង​ការ​រំលាយ​បក្ស​នេះ តែ​មិន​រំលាយ​អាសនៈ​សភា​របស់​បក្ស​នោះ​ទេ។ ច្បាប់​នេះ​តម្រូវ​ថា អាសនៈ​សភា​ត្រូវ​បាន​ទៅ​បេក្ខជន​បម្រុង ហើយ​ត្រូវ​បង្កើត​បក្ស​ថ្មី​ជាបន្ទាន់។ ច្បាប់​នេះ​ក៏​បាន​ហាម​ការ​ប្រើ​អំណោយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​ជា​ការ​ទិញ​បេះដូង​អ្នក​បោះឆ្នោត។

ដូចនេះ​ហើយ ប្រជាជន​ថៃ​មិន​បារម្ភ​ច្រើន​ទេ​ដែល​ឆន្ទៈ​របស់​ពួកគេ​ត្រូវ​បាន​លួច​បន្លំ។ នៅ​ពេល​បោះឆ្នោត ពួកគេ​ពុំ​ចាំបាច់​ដេក​ចាំ​ហិប​ឆ្នោត ឬ​ភ័យ​ពី​ការ​លួច​បន្លំ​ទិន្នន័យ​បោះឆ្នោត​នោះ​ទេ។ ពួកគេ​អាច​ទៅ​ផ្ទះ​វិញ ដើម្បី​អ៊ុត​មើល​លទ្ធផល​បោះឆ្នោត​នៅ​ផ្ទះ ឬ​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ទី​សាធារណៈ ដែល​គេ​បញ្ចាំង​លទ្ធផល​បោះឆ្នោត​ដូច​កម្ពុជា បញ្ចាំង​ស្លាយ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស