កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ រឹបអូស​ឈើ​បាន​ជិត ១០​ម៉ែត្រ​គូប​នៅ​ក្នុង​ទីតាំង​ផ្ទុក​ឈើ​ខុស​ច្បាប់​ចំនួន​ពីរ ស្ថិត​ក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​ឧសភា ឆ្នាំ​២០២៣។

ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ​រឹបអូស​ឈើ​បាន​ជិត​១០​ម៉ែត្រ​គូប​ស្ថិត​ក្នុង​ទីតាំង​ពីរ​ផ្សេង​គ្នា

By ឌឹ ខេមបូឌា ដេលី

May 15, 2023

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ អះអាង​ថា​រឹបអូស​បាន​ឈើ​បាន​ជិត ១០​ម៉ែត្រ​គូប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ឧសភា នៅ​ក្នុង​ទីតាំង​ផ្ទុក​ឈើ​ខុស​ច្បាប់​ចំនួន​២ ស្ថិត​ក្នុង​ចំណុច​ណាំសាម ក្នុង​ភូមិ​ខាំកឺត ឃុំ​កំពង់ស្រឡៅមួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បន្ទាប់ពី​ពលរដ្ឋ​រកស៊ី​ដង​ជ័រទឹក​រាយការណ៍​ទៅ​សមត្ថកិច្ច និង​ឈើ​ខុស​ច្បាប់​ជាច្រើន​ត្រូវ​ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់​កំពុង​ដឹក​ចេញ​តាម​រថយន្ត​ដឹក​ដំឡូង​ប្រមាណ​ជា ៥​គ្រឿង​ក្នុង​មួយ​សប្តាហ៍។

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ បាន​ចុះ​បង្ក្រាប​ទីតាំង​ផ្ទុក​ឈើ​ខុស​ច្បាប់​ចំនួន ២​ទីតាំង​ស្ថិត​ក្នុង​ចំណុច​ណាំសាម ក្នុង​ភូមិ​ខាំកឺត ឃុំ​កំពង់ស្រឡៅមួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ មាន​ចំនួន ៧​ម៉ែត្រ​គូប ដែល​គរ​ទុក​ក្រោយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ណាំសាម ប្រហែល ១០០​ម៉ែត្រ បន្ទាប់​មក​កម្លាំង​ចម្រុះ​ដើរ​ល្បាត​ដល់​ចំណុច​ព្រីងចាស់ ក៏​បាន​ប្រទះ​ឃើញ​ឈើ​ប្រភេទ​ផ្ចឹក​ចំនួន ២,៤​ម៉ែត្រ​គូប​បន្ថែម​ទៀត។

ប្រភព​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​ឈើ​ខុស​ច្បាប់​ទាំង​ពីរ​ទីតាំង​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់ការ​អូកាប៉ុក និង​ស្នាក់ការ​ភ្នំសង្កែ ជា​បណ្ដោះអាសន្ន ប៉ុន្តែ​លោក​មេ​ប៉ុស្តិ៍​ណាំសាម បាន​អះអាង​ថា ឈើ​ដែល​កម្លាំង​ចម្រុះ​បាន​រឹបអូស​យក​ទាំងនេះ គឺជា​ឈើ​ដែល​ត្រូវ​រក្សា​ទុក​ដើម្បី​ធ្វើ​ផ្ទះ​ជូន​កងកម្លាំង​ដែល​ឈរ​ជើង​នៅ​តំបន់​នោះ​ប៉ុណ្ណោះ មិនមែន​ជា​ឈើ​ខុស​ច្បាប់​សម្រាប់​ធ្វើ​អាជីវកម្ម​នោះ​ឡើយ។

កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បាន​ចោទ​ថា បទល្មើស​ព្រៃឈើ​ដែល​តែងតែ​កើត​មាន​នៅ​កម្ពុជា​ទប់ស្កាត់​មិន​បាន គឺ​ដោយសារតែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បើក​ដៃ​ឱ្យ​ឈ្មួញ​ពី​ខាងក្រៅ​តែប៉ុណ្ណោះ។

លោក សៅ សុខា អះអាង​ថា មន្ត្រី​ជំនាញ​តែង​ផ្ដេកផ្ដួល​ចំពោះ​បញ្ហា​នេះ ព្រោះ​ថា​ឈើ​ដឹក​តែ​លើ​ផ្លូវ មិន​ដែល​ដឹក​ខុសពី​លើ​ផ្លូវ​ទេ ហើយ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ក៏​នៅ​លើ​ផ្លូវ ស្នាក់ការ​បរិស្ថាន​ក៏​នៅ​លើ​ផ្លូវ​ដែរ ដូច្នេះ​បើ​មន្ត្រី​ទាំងនោះ​មិន​ផ្សំគំនិត​គ្នា​ទេ បទល្មើស​ព្រៃឈើ​ក៏​មិន​កើត​ឡើង​ដែរ។ លោក​សង្កត់​ធ្ងន់​ថា បើ​នៅតែ​បែប​នេះ​ទៀត ប្រទេស​កម្ពុជា​នឹង​រលាយ​ហិនហោច​ជាមិនខាន។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​រិះគន់​ថា ការ​ចោទប្រកាន់​ថា​ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​រង​នូវ​ការ​កាប់​បំផ្លាញ គឺជា​ចេតនា​បង្កប់​សារ​នយោបាយ និង​ជា​យុទ្ធនាការ​មួយ​ដែល​ប្រឆាំង​នឹង​កម្ពុជា ដើម្បី​បំភ្លៃ បំផ្លើស និង​បំប៉ោង​របស់​ក្រុម​អ្នក​ស្រឡាញ់​ព្រៃឈើ​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ។

បែប​នេះ​ក្តី បន្ទាប់ពី​មាន​បទបញ្ជា​របស់​លោក សៅ សុខា កម្លាំង​អាវុធហត្ថ​កម្ពុជា​បាន​រឹបអូស​ឈើ​ជាង ៣០០​ម៉ែត្រ​គូប​កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ ដែល​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្នុង​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ព្រះវិហារ ដែល​សុទ្ធសឹងតែ​ជា​ខេត្ត​ស្ថិត​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​ទាំងអស់។

អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២១ ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ថា ការ​វិនាស​ព្រៃឈើ​ខ្មែរ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​របស់​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​បច្ចុប្បន្ន​នេះ ដូចជា​ក្រុមហ៊ុន Think Biotech ក្រុមហ៊ុន Angkor Plywood ក្រុមហ៊ុន Sam Oeun Sovann ក្រុមហ៊ុន PNT និង​ក្រុមហ៊ុន Thy Ngan Development ជាដើម។

យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​ទាំងអស់​ខាងលើ​នេះ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន TSMW របស់​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា ជ័យ យ៉ាង​ខ្លាំង ខណៈ​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា ជ័យ ត្រូវ​គេ​ដឹង​ថា​ជា​អ្នក​រកស៊ី​ឈើ​ខុស​ច្បាប់​ប្រមូល​លុយ​ឱ្យ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ថា ព្រៃឈើ​ចំនួន​ជាង ៦​ពាន់​ហិកតារ (៦២៧១​ហិកតារ) ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ គឺ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដែល​កើត​ចេញពី​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​សព្វថ្ងៃ​នេះ៕