27.5 C
Phnom Penh

មេទ័ព​កំពូល​ថៃ​ហាម​កងទ័ព​ពាក់ព័ន្ធ​នយោបាយ​ដោយ​សន្យា​មិន​ធ្វើ​រដ្ឋប្រហារ​ទៀត​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​រាជាណាចក្រ​ថៃ បិទ​បញ្ចប់​នៅ​ថ្ងៃទី​១២ ខែ​ឧសភា នេះ ខណៈ​ការ​បោះឆ្នោត​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​១៤ ឧសភា។

នេះ​ជា​ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​ទី​២ បន្ទាប់ពី​រាជាណាចក្រ​មួយ​នេះ​បាន​បោះឆ្នោត​ដំបូង​កាលពី​ខែ​មីនា ឆ្នាំ​២០១៩ ក្រោយពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៤ ដែល​ជា​រដ្ឋប្រហារ​រំលាយ​គណៈរដ្ឋមន្ត្រី​របស់​គណបក្ស​ភឿថៃ។ មាន​ការ​ព្យាករ​ថា បក្ស​ដែល​អាច​ឈ្នះ​ឆ្នោត​លើសលប់ គឺ​បក្ស​ប្រឆាំង​ធំ​ពីរ​ដែល​ចង​សម្ព័ន្ធភាព​នឹង​គ្នា គឺ​បក្ស​ភឿថៃ និង​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ។

ក្នុង​ស្ថានភាព​ដែល​ពលរដ្ឋ ជាពិសេស​យុវជន​ថៃ​ត្រៀម​ខ្លួន​ដើម្បី​ចេញ​ទៅ​បោះឆ្នោត​បញ្ចប់​ការ​ដឹកនាំ​របស់​ពួក​យោធា នៅ​ថ្ងៃ​នេះ​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ ដែល​ជា​ស្ថាប័ន​សន្តិសុខ​ជាតិ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​រាជាណាចក្រ​នេះ​បាន​សន្យា​ថា ទោះ​កាលៈទេសៈ​ណា​ក៏ដោយ លោក​មិន​ដឹកនាំ​កងទ័ព​ធ្វើ​រដ្ឋប្រហារ​ឡើយ។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​១២ ខែ​ឧសភា នេះ។

ប្រមុខ​កងទ័ព​ជើងគោក​ថៃ​រូប​នេះ គឺ​ឧត្តមសេនីយ៍ Narongpan Jitkaewthae។ ការ​សន្យា​របស់​កំពូល​មេទ័ព​ថៃ បាន​ធ្វើ​ឡើង​ខណៈ​យុទ្ធនាការ​ឃោសនា​សម្រាប់​ថ្ងៃ​ចុងក្រោយ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១២ ឧសភា នេះ ហើយ​ការ​បោះឆ្នោត​នា​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​ចាប់ផ្ដើម​ពី​ម៉ោង ៧​ព្រឹក។ អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​ពួក​យោធា នឹង​ត្រូវ​បាន​បោះឆ្នោត​ទម្លាក់​ចេញពី​អំណាច។

រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែល​ជា​អតីត​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ ហើយ​ជា​មេដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ត្រូវ​គេ​រំពឹង​ថា​អាច​នឹង​បរាជ័យ​ក្នុង​ការ​បោះឆ្នោត ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ថា យោធា​ថៃ​ប្រហែល​នឹង​ព្យាយាម​នៅ​បន្ត​ក្រាញ​អំណាច។

ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន លោក​ឧត្តមសេនីយ៍ Narongpan បាន​ឆ្លើយ​ថា​នឹង​មិន​មាន​ការ​វិលត្រឡប់​ទៅ​រក​ការ​ដឹកនាំ​ដោយ​យោធា​ទៀត​ឡើយ។ លោក​ទទួលស្គាល់​ថា រដ្ឋប្រហារ​យោធា​ដែល​បាន​កើតឡើង​កន្លងមក បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ជា​ខ្លាំង​ដល់​សង្គម​ថៃ​ទាំងមូល។

ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​នា​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ ជា​ការ​ប្រកួតប្រជែង​គ្នា​ជា​ចម្បង​រវាង​ក្រុម​ប៉ូល​នយោបាយ​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ ដែល​មាន​អ្នកស្រី ភែថងថាន ស៊ីណាវ៉ាត្រា ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ដ៏​មាន​ប្រជាប្រិយភាព ហើយ​និង​ក្រុម​បក្ស​គាំទ្រ​ដោយ​យោធា​ដឹកនាំ​ដោយ​លោក ប្រាយុទ្ធ។

អ្នកស្រី ភែថងថាន គឺជា​កូនស្រី​អាយុ ៣៦​ឆ្នាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

ស្រប​ពេល​ដែល​បក្ស​ភឿថៃ និង​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ទទួល​បាន​សំឡេង​គាំទ្រ​ខ្ពស់​រហូត​មក​ក្នុង​ការ​ស្ទង់មតិ​ជា​បន្តបន្ទាប់ បាន​នាំ​ឱ្យ​មាន​ការ​បារម្ភ​ពី​ការ​បះបោរ​អាច​កើត​ចេញពី​ក្រុម​ជ្រុល​និយម​ថៃ ដែល​គាំទ្រ​ពួក​យោធា។ អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ ឧត្តមសេនីយ៍ Narongpan បាន​សន្យា​ថា​គ្មាន​ទេ​រដ្ឋប្រហារ។ លោក​ក៏​បាន​អះអាង​ថា កងទ័ព​ក៏​មិន​ត្រូវ​ពាក់ព័ន្ធ​នយោបាយ​ដែរ។

ចាប់តាំងពី​ប្រទេស​នេះ​បញ្ចប់​របប​រាជា​សក្ដិភូមិ​នៅ​ឆ្នាំ​១៩៣២ រាជាណាចក្រ​ថៃ បាន​ជួប​នឹង​រដ្ឋប្រហារ ២០​លើក​មក​ហើយ។ រដ្ឋប្រហារ​របស់​ពួក​យោធា​បាន​នាំ​ទៅ​រក​ការ​បញ្ចប់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ។ រដ្ឋប្រហារ​ចុងក្រោយ​នេះ គឺជា​ការ​បិទ​បញ្ចប់​អំណាច​របស់​ត្រកូល ថាក់ស៊ីន។

នៅ​ខែ​កញ្ញា ឆ្នាំ​២០០៦ ជា​រដ្ឋប្រហារ​ទម្លាក់​លោក ថាក់ស៊ីន ពី​នាយករដ្ឋមន្ត្រី ដែល​ខណៈ​នោះ​លោក ថាក់ស៊ីន កំពុង​ស្ថិត​ក្នុង​សាល​ប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

នៅ​ខែ​ឧសភា ឆ្នាំ​២០១៤ ជា​រដ្ឋប្រហារ​ទម្លាក់​គណៈរដ្ឋមន្ត្រី​របស់​គណបក្ស​ភឿថៃ ដែល​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជា​ប្អូន​បង្កើត​លោក ថាក់ស៊ីន ត្រូវ​ជា​ម្តាយមីង​របស់​អ្នកស្រី ភែថងថាន ដឹកនាំ​បក្ស​នេះ។ រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដឹកនាំ​ដោយ​លោក ប្រាយុទ្ធ ខណៈ​លោក ប្រាយុទ្ធ ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ។

យោង​តាម​រដ្ឋធម្មនុញ្ញ​ថៃ ឆ្នាំ​២០១៧ នាយករដ្ឋមន្ត្រី​ថៃ ត្រូវ​ជ្រើសរើស​ដោយ​សមាជិក​ទាំង ៥០០​នាក់​នៅ​ក្នុង​រដ្ឋសភា ព្រមទាំង​សមាជិក​ព្រឹទ្ធសភា ២៥០​រូប ខណៈ​សមាជិក​ព្រឹទ្ធសភា​ទាំងនោះ​ត្រូវ​បាន​កើត​ចេញពី​ការ​បង្កើត​ឡើង​ដោយ​អតីត​មេ​រដ្ឋប្រហារ គឺ​លោក ប្រាយុទ្ធ។ បើ​ស្ថានការណ៍​បោះឆ្នោត​ត្រូវ​បក្ស​យោធា​ដណ្ដើម​អាសនៈ​ច្រើន​លំដាប់​ទី​២ ឬ​ទី​២ នាយករដ្ឋមន្ត្រី​ថ្មី​អាច​ត្រូវ​បាន​ទៅ​លើ​ក្រុម​បក្ស​របស់​ពួក​យោធា។

ដូច្នេះ​ហើយ​ទើប​គណបក្ស​ភឿថៃ កំពុង​ប្រឹងប្រែង​អំពាវនាវ​ឱ្យ​ក្រុម​គាំទ្រ​ផ្តល់​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី ដើម្បី​កុំ​ឱ្យ​យោធា​អាច​នៅ​រក្សា​អំណាច​បាន​តទៅទៀត។

ការ​បោះឆ្នោត​ឆ្នាំ​២០១៩ លោក ប្រាយុទ្ធ បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ដោយសារតែ​ការ​គាំទ្រ​របស់​ព្រឹទ្ធសភា ខណៈ​បក្ស​បាល័ង្គប្រាចារ៉ាត របស់​លោក​បាន​ឈ្នះ​ឆ្នោត​លំដាប់​ទី​២ នៅ​ក្នុង​សភា​បាន ៩៧​អាសនៈ ហើយ​បក្ស​ភឿថៃ បាន​ឈ្នះ​ឆ្នោត​លំដាប់​ទី​១ បាន ១៣៦​អាសនៈ ខណៈ​បក្ស​ឆ្ពោះ​ទៅ​មុខ​ជា​បក្ស​សម្ព័ន្ធភាព​នឹង​បក្ស​ភឿថៃ បាន ៨០​អាសនៈ។

អ្នកស្រី ភែថងថាន ស៊ីណាវ៉ាត្រា ក្រោយពី​សម្រាល​បុត្រ​រួច អ្នកស្រី​ឆ្លៀត​បញ្ចេញ​ជំហរ​ថា គណបក្ស​សម្ព័ន្ធភាព​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ មិន​សម្រេច​យក​បក្ស​របស់​ពួក​យោធា​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នោះ​ទេ។ អ្នកស្រី​ថា​គេ​មិន​ត្រូវ​កៀក​ស្មា​នឹង​ពួក​យោធា​ផ្ដាច់ការ​នោះ​ទេ។

បើ​យោង​តាម​សារព័ត៌មាន Bangkok Post នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​សន្យា​ថា លោក​នឹង​លាឈប់​ពី​ឆាក​នយោបាយ​ភ្លាម ប្រសិនបើ​គណបក្ស​រួម​រួប​ជាតិ​ដែល​ទើប​បង្កើត​ថ្មី​របស់​លោក​បរាជ័យ​មិន​ទទួល​បាន​អាសនៈ​ច្រើន​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃ​អាទិត្យ ទី​១៤ ឧសភា នេះ។

ដោយឡែក​ប្រភព​ព័ត៌មាន​ថៃ​មួយ​ចំនួន​បាន​ចុះផ្សាយ​នូវ​ការ​យល់​ឃើញ​របស់​ពលរដ្ឋ​ថៃ ដែល​ថា​រាជាណាចក្រ​នេះ​អាច​មាន​រដ្ឋប្រហារ​ជា​ថ្មី​ដែល​អាច​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស