29 C
Phnom Penh

បក្ស​ប្រឆាំង​នៅ​ថៃ​ផ្ដួល​ពួក​យោធា​បាន​ហើយ​តាមរយៈ​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១៤​ឧសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បក្ស​ប្រឆាំង​ធំ​ពីរ​នៅ​ថៃ សន្យា​រួម​គ្នា​ផ្ដួល​បក្ស​របស់​ពួក​យោធា​ក្នុង​ថ្ងៃ​បោះឆ្នោត​សភា កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ ឧសភា នោះ កំពុង​ក្លាយ​ជា​ការពិត​ហើយ។

កាលពី​ថ្ងៃ​អាទិត្យ ប្រជាជន​ថៃ ប្រមាណ​ជា ៨០% នៃ​ចំនួន ៥២​លាន​នាក់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត បាន​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត។ ការ​បោះឆ្នោត​របស់​ប្រជាជន​នៃ​រាជាណាចក្រ​ចាស់​វស្សា​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​អ្នក​សង្កេតការណ៍ និង​អ្នក​នយោបាយ​ក្នុង​តំបន់។ ការ​ភ្ញាក់ផ្អើល​នោះ​ដោយសារ​តែ​បក្ស​ប្រឆាំង​ទើប​បង្កើត​ឡើង​ជា​បក្ស​នៃ​ក្រុម​យុវជន បាន​កំពុង​ដណ្ដើម​អាសនៈ​បាន​ច្រើន​ជាងគេ។

គណបក្ស​នេះ​មាន​ឈ្មោះ​ថា ចលនា​ឆ្ពោះ​ទៅ​មុខ ដែល​មាន​អ្នកជំនួញ​វ័យ​ក្មេង​ម្នាក់​ដឹកនាំ គឺ​លោក ភិថា លិមចារឿនរ៉ាត់។ បក្ស​ប្រឆាំង​ចាស់​វស្សា​មួយ​ទៀត​ដ៏​មាន​ប្រជាប្រិយ គឺ​គណបក្ស​ភឿថៃ ជា​បក្ស​កេរ្តិ៍​តំណែង​របស់​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុង​ស្ថិត​វិថី​ជ័យជម្នះ​លំដាប់​ទី​២។

មេដឹកនាំ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ លោក ភិថា លិមចារឿនរ៉ាត់ បាន​ថ្លែង​ឱ្យ​ដឹង​ថា គណបក្ស​របស់​លោក​នឹង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ជាមួយ​គណបក្ស​ភឿថៃ រួម​នឹង​គណបក្ស​ប្រឆាំង​ដទៃ​ទៀត តែ​សន្យា​ថា​នឹង​មិន​ចូលរួម​ជាមួយ​គណបក្ស​របស់​យោធា​នោះ​ទេ។

បន្ទាប់ពី​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​ឧសភា លោក ភិថា លិមចារឿនរ៉ាត់ បាន​បញ្ជាក់​ថា គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ និង​គណបក្ស​ភឿថៃ អាច​នឹង​ប្រមូល​បាន​អាសនៈ​គ្រប់គ្រាន់​នៅ​ក្នុង​រដ្ឋសភា ដើម្បី​បង្កើត​រដ្ឋាភិបាល​ដែល​លោក​ថា​នេះ​ជា​សញ្ញា​វិជ្ជមាន និង​ជា​ពេល​ដែល​ពលរដ្ឋ​ថៃ ត្រូវការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​របស់​ពួក​យោធា។

គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ចំនួន ១៥១​អាសនៈ។ ចំណែក​បក្ស​ភឿថៃ បាន ១៤១​អាសនៈ ហើយ​គណបក្ស​ប៉ាល្ល័ងប្រាចារ៉ារ៉ាត់ របស់​ពួក​យោធា​បាន ៤១​អាសនៈ និង​គណបក្ស​ថៃ​រួបរួម​ជាតិ​ដឹកនាំ​លោក ប្រាយុទ្ធ ចាន់អូចា បាន ៣៦​អាសនៈ​តែប៉ុណ្ណោះ។ ចំណែក​ឯ​គណបក្ស​ភូមិចៃថៃ ទទួល​បាន ៧១​អាសនៈ។

ការ​ផ្ដួល​ពួក​យោធា​បាន​នៅ​ពេលនេះ គឺជា​ឆន្ទៈ​របស់​ប្រជាជន​ថៃ ដែល​សម្រុក​ទៅ​បោះឆ្នោត។ តាម​លទ្ធផល​នេះ គឺ​ប្រជាជន​ថៃ យុវជន​ថៃ បាន​ផ្ដួល​លោក ប្រាយុទ្ធ អតីត​មេ​រដ្ឋប្រហារ​បាន​ហើយ។

ទោះជា​បែប​នេះ​ក្ដី លទ្ធផល​បោះឆ្នោត​នេះ​មិនទាន់​អាច​សម្រេច​បាន​ថា​តើ​នរណា​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី ហើយ​បក្ស​ណា​អាច​នឹង​បង្កើត​រដ្ឋាភិបាល​បាន​នៅឡើយ​ទេ ពីព្រោះ​ការ​តែងតាំង​នាយករដ្ឋមន្ត្រី ឬ​ការ​បង្កើត​រដ្ឋាភិបាល​ត្រូវ​ធ្វើឡើង​តាមរយៈ​ការ​បោះឆ្នោត​អនុម័ត​ដោយ​រដ្ឋសភា និង​ព្រឹទ្ធសភា ដែល​អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ខាងមុខ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ឧបសគ្គ​របស់​គណបក្ស​ប្រឆាំង​នៅ​មាន​ចំពោះ​មុខ ព្រោះ​សមាជិក ២៥០​នៃ​ស្ថាប័ន​ព្រឹទ្ធសភា​ដែល​ភាគច្រើន​លម្អៀង​ទៅ​រក​ពួក​យោធា អាច​ជា​រនាំង​រាំង​ខ្ទប់​បក្ស​ប្រឆាំង​ធំ​ពីរ​ក្នុង​ការ​រក​សំឡេង​ភាគច្រើន ៣​ភាគ​៤ នៅ​ក្នុង​ការ​បោះឆ្នោត​រួម​ពី​សមាជិក​សភា និង​ព្រឹទ្ធសភា។

ដើម្បី​មាន​ប្រៀប​ខ្លាំង បក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​ត្រូវ​រក​ដៃគូ​ក្រុម​ចម្រុះ​ពី​គណបក្ស​អតីត​សម្ព័ន្ធភាព​របស់​ពួក​យោធា ដូចជា​បក្ស​ភូមិចៃថៃ និង​បក្ស​ប្រជាធិបតេយ្យ​ដែល​បាន ២៥​អាសនៈ ដើម្បី​យក​មក​បំពេញ​ភាព​រឹងមាំ​របស់​ខ្លួន។ ចំណែក​ឯ​គណបក្ស​គាំទ្រ​ដោយ​យោធា​ក៏​ត្រូវ​រក​ដៃគូ​បង្កើត​ក្រុម​ចម្រុះ​ដូច​គ្នា​ដែរ។ តែ​លើក​នេះ មើល​ទៅ​ពួក​យោធា​មាន​សំណាង​តិច​ណាស់ ព្រោះ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ប្រាយុទ្ធ ដោយសារតែ​មាន​ការ​បែកបាក់​គ្នា​ទៅ​ហើយ ជាពិសេស​បក្ស​ភូមិចៃថៃ និង​បក្ស​ប្រជាធិបតេយ្យ សឹងតែ​ដើរ​ចេញពី​រដ្ឋាភិបាល​នេះ​ក្នុង​ពេល​ផ្ទុះ​ភាព​តានតឹង។

ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​១៤ ឧសភា នៅ​ក្នុង​រាជាណាចក្រ​ថៃ គឺជា​ការ​ប្រកួតប្រជែង​យ៉ាង​ពិតប្រាកដ​រវាង​ប៉ូល​នយោបាយ​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ និង​ប៉ូល​នយោបាយ​មាន​និន្នាការ​បែប​ផ្ដាច់ការ។ តាមរយៈ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ឃើញ​ថា កម្លាំង​អ្នក​ប្រជាធិបតេយ្យ​នៅ​ថៃ​មាន​សន្ទុះ​ខ្លាំងក្លា​ដែល​អាច​ផ្ដួល​ពួក​យោធា​បាន។

តាមរយៈ​លទ្ធផល​ដដែល​នេះ​បង្ហាញ​ថា និន្នាការ​រាជា​និយម​របស់​ថៃ មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ស្រប​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ជា​បក្ស​មាន​និន្នាការ​ទៅ​រក​រាជា​និយម​កន្លង​មក បាន​ធ្លាក់​ចុះ​ការ​គាំទ្រ​យ៉ាង​ខ្លាំង ដែល​បក្ស​នេះ​សឹង​រក​សន្លឹកឆ្នោត​រាប់​មិន​បាន​ទៅ​ហើយ​នោះ។

គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ដែល​ដណ្ដើម​បាន​អាសនៈ​ច្រើន​ជាងគេ​នៅ​ពេលនេះ ជា​គណបក្ស​កែទម្រង់​ដែល​កន្លងមក​បក្ស​នេះ​បាន​ទាមទារ​ឱ្យ​រុះរើ​អំណាច​របស់​ក្រុមប្រឹក្សា​រាជបល្ល័ង្គ​ជាមួយ​នឹង​កាត់បន្ថយ​អំណាច​របស់​ព្រះមហាក្សត្រ​ទៀត​ផង។ បក្ស​នេះ​បាន​ដាក់​ញត្តិ​ឱ្យ​លុបចោល​មាត្រា​មួយ​ចំនួន​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ដាក់​ទោស​ធ្ងន់ធ្ងរ​ទៅ​លើ​អ្នក​រិះគន់​ក្រុម​ញាតិវង្ស។

បក្ស​នេះ​ចេញ​មុខ​ខ្លាំង​ជាងគេ​ប្រឆាំង​ប្រព័ន្ធ​ដឹកនាំ​បែប​ផ្ដាច់ការ និង​យោធា​និយម​រហូត​ដឹកនាំ​ការ​ធ្វើ​បាតុកម្ម​អស់​រយៈពេល​ជាង ២​ឆ្នាំ តែ​ត្រូវ​បាន​ពួក​យោធា និង​រដ្ឋាភិបាល​របស់​លោក ប្រាយុទ្ធ វាយ​បង្ក្រាប និង​ចាប់​ខ្លួន​រាប់​សិប​នាក់​ដាក់​ពន្ធនាគារ។

ក្រុម​អ្នក​សង្កេតការណ៍​បាន​ហៅ​ជ័យជម្នះ​ក្នុង​ការ​ផ្ដួល​ពួក​យោធា​តាមរយៈ​សន្លឹកឆ្នោត​ចេញពី​បេះដូង​របស់​ប្រជាជន​ថៃ ជាពិសេស​គឺ​យុវជន វា​ដូច​ជា​ការ​វាយ​សំពង​ពួក​យោធា​ផង ហើយ​ជះ​ឥទ្ធិពល​លើ​អំណាច​របស់​រាជបល្ល័ង្គ​ថៃ ផង និង​ក៏​ជា​ការ​វាយ​សំពង​មេដឹកនាំ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ប្រទេស​មួយ​ចំនួន​ដែល​មេដឹកនាំ​ប្រទេស​ទាំងនោះ​កំពុង​អនុវត្ត​ប្រព័ន្ធ​បែប​ផ្ដាច់ការ​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស