ឧកញ៉ា សូ ងួន ប្ដឹងពលរដ្ឋ ១០គ្រួសារទៅតុលាការខេត្តកំពត ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លីជាង ១១ហិកតារ បើទោះបីជាក្រុមពលរដ្ឋអះអាងថា ពួកគេបានអាស្រ័យផលរាប់ឆ្នាំដោយមានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ហើយក្ដី។
ប្រាប់អ្នកសារព័ត៌មាននៅខាងមុខតុលាការ ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់ទាំង ១០គ្រួសាររស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានអាស្រ័យផលលើផ្ទៃដី ១១ហិកតារ ៨៥អា តាំងពីឆ្នាំ២០០២ មកម្ល៉េះ។
ពលរដ្ឋថាទោះបីជាពួកគាត់រស់នៅ និងអាស្រ័យផលយូរហើយក្ដី ប៉ុន្តែពួកគាត់ទាំង ១០គ្រួសារបែរជាត្រូវបានឧកញ៉ា សូ ងួន ប្ដឹងដោយចោទថាប្រើប្រាស់អំពើហិង្សាលើម្ចាស់អចលនវត្ថុទៅវិញ។ មិនត្រឹមតែប្ដឹងទេ ក្រុមប្រជាពលរដ្ឋអះអាងថា កន្លងមក សន្តិសុខនៃក្រុមហ៊ុនឧកញ៉ា សូ ងួន ក៏ធ្លាប់បានប្រើប្រាស់អំពើហិង្សាទៅលើពួកគាត់ បន្ទាប់ពីរារាំងក្រុមហ៊ុនមិនឲ្យចូលឈូសឆាយ និងរំលោភយកដីធ្លីរបស់ពួកគាត់។
ប្រភពដដែលអះអាងថា ដីជាង ១១ហិកតារដែលពួកគេអាស្រ័យផលតាំងពីឆ្នាំ២០០២ មក គឺមានអាជ្ញាធរភូមិ-ឃុំដឹងឮ និងទទួលស្គាល់ផងដែរ។
ករណីនេះ ពួកគេស្នើទៅតុលាការខេត្តកំពត ជួយរកយុត្តិធម៌ដោយទម្លាក់ចោលរាល់ការចោទប្រកាន់របស់ឧកញ៉ា សូ ងួន ដែលបានប្ដឹងពួកគាត់ទាំង ១០គ្រួសារវិញ ដោយថាពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ឧកញ៉ា សូ ងួន ឡើយ។
ជុំវិញការចោទប្រកាន់នេះ សារព័ត៌មាន The Cambodia Daily មិនទាន់អាចសុំការឆ្លើយតបពីឧកញ៉ា សូ ងួន បាននៅឡើយទេ។
ទាក់ទិនរឿងជម្លោះដីធ្លីនៅឃុំត្រពាំងភ្លាំង ស្រុកឈូក នេះ កាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅ អតីតអភិបាលខេត្តកំពត លោក ជាវ តាយ បានចេញលិខិតមួយបង្គាប់ឲ្យក្រុមហ៊ុន សូ ងួន ផ្អាកសកម្មភាពឈូសឆាយ និងកាយព្រំដីក្នុងតំបន់ដែលមានជម្លោះជាមួយក្រុមគ្រួសារអតីតមន្ត្រីយោធានៃបញ្ជាការដ្ឋានការពារកោះឆ្នេរជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដំណោះស្រាយដោយសន្តិវិធីពីអាជ្ញាធរខេត្ត។
ការចេញលិខិតនេះ បន្ទាប់ពីក្រុមហ៊ុនរបស់លោកឧកញ៉ា សូ ងួន បានយកគ្រឿងចក្រចំនួន ២គ្រឿង និងកម្លាំងប្រមាណ ១០០នាក់ទៅធ្វើសកម្មភាពកាយព្រំដីទំនាស់ទំហំ ២៣៨ហិកតារ ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដែលកំពុងកាន់កាប់ និងគ្រប់គ្រងដោយអតីតកងកម្លាំងសមាហរណកម្មការពារកោះឆ្នេរ។
បើតាមពលរដ្ឋ ធ្លាប់អះអាងថា ក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន បានរំលោភយកដីរបស់ពួកគេទាំងបំពានច្បាប់ ដោយមិនខ្លាចរអាចំពោះអាជ្ញាធរមូលដ្ឋាន និងច្បាប់ឡើយ។
ក្រៅពីរំលោភដីធ្លីរបស់ប្រជាពលរដ្ឋហើយ ឧកញ៉ារូបនេះក៏បានដើរតួជាអ្នកសប្បុរសធម៌ដោយបរិច្ចាគថវិកាចំនួន ៣ម៉ឺនដុល្លារទៅឲ្យកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយភរិយាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហមកាលពីថ្ងៃ៨ ខែឧសភា ឆ្នាំ២០២៣ នេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា ឧកញ៉ា សូ ងួន មិនត្រឹមតែជានាយកក្រុមហ៊ុន សូ ងួន ដឹកជញ្ជូន និងសេវាអាហរ័ណនីហរ័ណក្នុងរាជធានីភ្នំពេញនោះទេ ឧកញ៉ា សូ ងួន ក៏ជាអ្នករកស៊ីខាងអចលនទ្រព្យដ៏សកម្មមួយប្រចាំខេត្តកំពត ដែរ៕