33 C
Phnom Penh

បរាជ័យ​របស់​ពួក​យោធា​ថៃ គឺជា​ការ​វាយ​សំពង​ពួក​យោធា​ភូមា​និង​មេដឹកនាំ​ផ្ដាច់ការ​នៅ​ក្នុង​តំបន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពី​លទ្ធផល​បោះឆ្នោត​បង្ហាញ​ថា បក្ស​ប្រឆាំង​រួម​កម្លាំង​គ្នា​យក​ឈ្នះ​ដោយ​ជោគជ័យ​ក្នុង​ការ​ដណ្ដើម​បាន​បេះដូង​ពី​ប្រជាជន​ថៃ ផ្ដួល​បក្ស​របស់​ពួក​យោធា​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​ព្រឹត្តិការណ៍​វិវឌ្ឍ​នយោបាយ​ជា​ប្រវត្តិសាស្ត្រ​របស់​រាជាណាចក្រ​ថៃ ផង និង​នៅ​ក្នុង​តំបន់​នៃ​សមាគម​អាស៊ាន​ផង​ដែរ។

ជ័យជម្នះ​របស់​អ្នក​ប្រជាធិបតេយ្យ​ថៃ គឺជា​សញ្ញា​នៃ​ការ​វាយ​សំពង​យ៉ាង​ខ្លាំង​ទៅ​លើ​មេដឹកនាំ​យោធា​ភូមា និង​មេដឹកនាំ​នៅ​ក្នុង​តំបន់​ដែល​ប្រកាន់​បន្ទាត់​ដឹកនាំ​តាម​បែប​ផ្ដាច់ការ។

យោង​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត គណបក្ស​ប្រឆាំង​ចលនា​ឆ្ពោះ​ទៅ​មុខ (Move Forward) ទទួល​បាន​សំឡេង​គាំទ្រ​ដោយ​ឈ្នះ​បាន ១៥២​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ចំនួន ៥០០​នៅ​ក្នុង​សភា​ជាន់​ទាប។ ចំណែក​គណបក្ស​ភឿថៃ ដែល​ដឹកនាំ​ដោយ​អ្នកស្រី ភៃថនថាន កូនស្រី​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួល​បាន ១៤១​អាសនៈ។

ដោយឡែក​គណបក្ស​ថៃ​រួបរួម​ជាតិ​របស់​លោក ប្រាយុទ្ធ ចាន់អូចា ដែល​ជា​មេដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ទទួល​បាន ៣៦​អាសនៈ។ ចំណែក​គណបក្ស​ប៉ាល្ល័ង្គប្រាចារ៉ាត់ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ប្រាវិត វង្សាវាត ទទួល​បាន ៤១​អាសនៈ។

លោក Charles Santiago សមាជិក​ប្រទេស​ម៉ាឡេស៊ី និង​ជា​សមាជិក​មួយ​រូប​នៃ​សភា​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អាស៊ាន APHR បាន​ហៅ​ឆន្ទៈ​របស់​ប្រជាជន​ថៃ គឺជា​និមិត្តរូប​នៃ​កម្លាំង​ដ៏​ខ្លាំង​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់ និង​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​គំហុក​មួយ​ចង់​បាន​ប្រទេស​មួយ​ចាកចេញ​ពី​ប្រព័ន្ធ​ដឹកនាំ​តាម​បែប​យោធា និង​ផ្ដាច់ការ។

លោក​ថា សភា​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អាស៊ាន​ពេញចិត្ត​នឹង​ភាព​ខ្លាំង​របស់​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ហើយ​ជំហរ​សិទ្ធិមនុស្ស​ដ៏​រឹងមាំ​របស់​គណបក្ស​នេះ នឹង​ជួយ​ជំរុញ​បន្ថែម​ដល់​កិច្ចពិភាក្សា​នានា​ក្នុង​គោលបំណង​បញ្ចប់​ការ​សម្លាប់​រង្គាល​នៅ​ប្រទេស​ភូមា និង​ជា​ការ​ផ្ញើ​សារ​ដ៏​ម៉ឺងម៉ាត់​មួយ​ទៅ​កាន់​របប​ដឹកនាំ​ផ្ដាច់ការ​នៃ​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ដែល​ឥឡូវ​នេះ​កំពុង​ក្តោប​ក្តាប់​អំណាច​ណែន​ក្នុង​ដៃ ហើយ​បំបិទ​សំឡេង​ប្រឆាំង។

លោក​ចាត់ទុក​ជ័យជម្នះ​របស់​ក្រុម​បក្ស​ប្រឆាំង​នៅ​ថៃ ជា​ការ​វាយ​សំពង​ពួក​យោធា​ភូមា និង​មេដឹកនាំ​ផ្ដាច់ការ​នៅ​ក្នុង​តំបន់​យ៉ាង​អាម៉ាស់។

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ប្រទេស​៣ ដែល​ត្រូវ​បាន​អ្នក​សង្កេតការណ៍​ថា​កំពុង​គាបសង្កត់​សេរីភាព​របស់​ប្រជាជន និង​ក្រុម​បក្ស​ប្រឆាំង​យ៉ាង​ខ្លាំង គឺ​ប្រទេស​ថៃ ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​អតីត​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ហើយ​ឥឡូវ​នេះ​លោក​បាន​ចាញ់​ឆ្នោត​យ៉ាង​អាម៉ាស់​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១៤ ឧសភា។ ប្រទេស​ភូមា ដែល​ពួក​យោធា​ឡើង​កាន់​អំណាច​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០២១ គឺ​ពួក​យោធា​កំពុង​វាយ​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ។ ចំណែក​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​បុរស​ខ្លាំង​គ្មាន​គូ​ប្រៀប លោក ហ៊ុន សែន កំពុង​កម្ចាត់​បក្ស​ប្រឆាំង​ធំ​ជាងគេ​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​សភា​នៅ​ខែ​កក្កដា ខាងមុខ។

សមាជិក​សភា​ប្រទេស​ម៉ាឡេស៊ី Charles Santiago បាន​បន្ថែម​ថា នៅ​ក្រុង​ភ្នំពេញ​គេ​ឃើញ​មាន​ការ​កើនឡើង​នៃ​សំឡេង​របស់​យុវជន ខណៈ​ពលរដ្ឋ​កម្ពុជា​នឹង​ចេញ​ទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​ដែល​ជា​ការ​បោះឆ្នោត​មួយ​ដែល​គេ​គិត​ថា គណបក្ស​ប្រឆាំង​ធំ​មួយ​អាច​មិន​មាន​ឱកាស​ចូលរួម​ប្រកួត​បាន​ទេ ព្រោះ​កំពុង​ប្រឈម​នឹង​ការ​បិទ​សិទ្ធិ​ចូលរួម​បោះឆ្នោត។

បើ​តាម​លោក Charles Santiago ឲ្យ​ដឹង​ថា ប្រសិនបើ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ក្លាយ​ជា​មេដឹកនាំ​រដ្ឋាភិបាល​ចម្រុះ គឺ​ទំនាក់ទំនង​ជាមួយ​នឹង​ភូមា នឹង​ផ្លាស់ប្ដូរ ហើយ​ជំហរ​អាស៊ាន​ក៏​នឹង​ផ្លាស់ប្ដូរ​ផង​ដែរ។

លោក Bradley Murg អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​សន្តិភាព យល់​ថា ប្រសិនបើ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ឈ្នះ​ការ​គាំទ្រ​ពី​ព្រឹទ្ធសភា​ថៃ ដែល​មាន​យោធា​នៅ​ពីក្រោយ ដែល​ស្ថាប័ន​នេះ​មាន​សិទ្ធិ​ជ្រើសរើស​នាយករដ្ឋមន្ត្រី នោះ​នឹង​មាន​ការ​ផ្លាស់ប្ដូរ​មួយ​ចំនួន​ក្នុង​រាជាណាចក្រ​នេះ ហើយ​នឹង​ជះឥទ្ធិពល​ភ្លាម​ដល់​បណ្ដា​ប្រទេស​ក្នុង​តំបន់។

តាម​អ្នកវិភាគ​រូប​នេះ​ឲ្យ​ដឹង​ថា បើ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​អាច​ឡើង​កាន់​អំណាច នោះ​វា​ជា​ជំហាន​ទី​១ ក្នុង​ការ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ឆ្ពោះ​ទៅ​ប្រទេស​ភូមា ដែល​បាន​ងាក​ទៅ​រក​របប​យោធា​និយម និង​ផ្ដាច់ការ ហើយ​ដែល​បាន​រុញ​ឱ្យ​មាន​ការ​ប្រេះឆា​នឹង​គ្នា​ខ្លះៗ​ក្នុង​ចំណោម​មេដឹកនាំ​អាស៊ាន ដែល​នឹង​ត្រូវ​រួម​កម្លាំង​គ្នា​ឡើងវិញ ហើយ​ប្រទេស​ខ្លះ​ព្យាយាម​ចង់​ក្រសោប​អំណាច​ក្នុង​ដៃ​បែប​ផ្ដាច់ការ​ក៏​អាច​ដឹង​ខ្លួន​ផង​ដែរ។

លោក Bradley Murg យល់​ថា គោលនយោបាយ​ការបរទេស​ទូលំទូលាយ​របស់​ថៃ ជាមួយ​សហរដ្ឋ​អាមេរិក នឹង​កាន់តែ​រឹងមាំ ដែល​ធ្វើ​ឱ្យ​អាមេរិក​កាន់តែ​មាន​ឥទ្ធិពល​ក្នុង​តំបន់។

ចំណែក​លោក Gavin Greenwood ជា​អ្នកវិភាគ​ម្នាក់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​សន្តិសុខ Global Risk មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​លោក Santiago និង​លោក Bradley Murg។

លោក​ថា ពួក​យោធា​ថៃ ពួក​អភិជន​អភិរក្ស​និយម និង​ព្រះបរមរាជវាំង នឹង​ពិបាក​ទទួលយក​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​ក្រុម​ប្រឆាំង​ឈ្នះ​យ៉ាង​ងាយស្រួល​នេះ។ តែ​លោក​ព្រមាន​ពី​ការ​បែកបាក់​ជាតិ​លើក​នេះ គឺ​ធ្ងន់ធ្ងរ​ណាស់ ប្រសិនបើ​មាន​រដ្ឋប្រហារ​ជា​ថ្មី​ទៀត ព្រោះ​កម្លាំង​ប្រជាធិបតេយ្យ​មាន​មូលដ្ឋាន​រឹងមាំ​នៅ​ក្រុង​បាងកក រួច​ទៅ​ហើយ​នោះ។

លោក​ថា វា​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ណាស់ ព្រោះ​របប​រដ្ឋប្រហារ​របស់​យោធា​ថៃ ត្រូវ​បាន​ផ្ដួលរំលំ​វិញ​ដោយ​ការ​បោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នោះ។

លោក Prayut បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក​គោរព​លទ្ធផល​នៃ​ការ​បោះឆ្នោត ហើយ​លោក​នឹង​បន្ត​ធ្វើ​ទៅ​តាម​កាតព្វកិច្ច​របស់​លោក​ឱ្យ​អស់​ពី​សមត្ថភាព ដោយ​សន្យា​បន្ត​បម្រើ​ជាតិ និង​ព្រះមហាក្សត្រ​អស់​មួយ​ជីវិត​របស់​លោក។ លោក​បាន​ថ្លែង​ថា លោក​ត្រូវ​គោរព​ទៅ​តាម​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia នៅ​ថ្ងៃទី​១៦ ឧសភា នេះ មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​ថៃ​រួបរួម​ជាតិ បាន​បង្ហើប​ថា លោក ប្រាយុទ្ធ កំពុង​ពិចារណា​ក្នុង​ការ​ចាកចេញ​ពី​នយោបាយ ហើយ​លោក​ឧត្តមសេនីយ៍ ប្រាវិត វង្សាវាត ឧបនាយករដ្ឋមន្ត្រី​របស់​លោក ប្រាយុទ្ធ ក៏​នឹង​ចាកចេញ​ពី​នយោបាយ​ដែរ។

លោក Thanakorn Wangboonkongchana អនុប្រធាន​បក្ស​ថៃ​រួបរួម​ជាតិ បាន​បញ្ជាក់​ថា លោក ប្រាយុទ្ធ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​នេះ​ដើម្បី​វាយតម្លៃ​ស្ថានការណ៍​សន្តិសុខ​ក្រោយ​ការ​បោះឆ្នោត។ លោក Thanakorn បាន​និយាយ​ថា លោក ប្រាយុទ្ធ អាច​នឹង​ដើរ​ចេញពី​ឆាក​នយោបាយ​ដែល​ជា​ការ​ឆ្លើយតប​ចំពោះ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃ​អាទិត្យ។

ប៉ុន្តែ​បើ​យោង​តាម Channel News Asia ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ក្រោយ​បរាជ័យ​យ៉ាង​អាម៉ាស់​របស់​លោក ប្រាយុទ្ធ ដែល​ចាញ់​ឆ្នោត​បក្ស​ប្រឆាំង គេ​សង្កេត​ឃើញ​អវត្តមាន​សមាជិក​គណៈមន្ត្រី​ជាច្រើន​នាក់ ដែល​ភាគច្រើន​មិនមែន​ជា​រដ្ឋមន្ត្រី​របស់​បក្ស​ប៉ាល័ង្គប្រាចារ៉ាត់ និង​បក្ស​ថៃ​រួបរួម​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស