33 C
Phnom Penh

តុល្យការ​នៃ​សង្គ្រាម​៤៥០​ថ្ងៃ រុស្ស៊ី​បាត់បង់​ទ័ព​ហក់​ឡើង​ជាង​២០​ម៉ឺន​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុល្យការ​នៃ​សង្គ្រាម​ឈាន​ដល់ ៤៥០​ថ្ងៃ រុស្ស៊ី​បាត់បង់​ទ័ព​នៅ​លើ​សមរភូមិ​ហក់​ឡើង ២០១១០០​នាក់ ដែល​ចំនួន​នេះ​ធំ​ជាង ២០​ដង បើ​ធៀប​នឹង​សង្គ្រាម​សហភាព​សូវៀត​លើក​ទ័ព​ជួយ​ការពារ​រដ្ឋាភិបាល​កុម្មុយនីស្ត​នៃ​ដែនដី​អាហ្វហ្គានីស្ថាន កាលពី​អំឡុង​ទសវត្ស​១៩៨០។

អ្នក​ស្រាវជ្រាវ​ឱ្យ​សារព័ត៌មាន Forbes លោក Volodymyr Dacenko បាន​និយាយ​ថា ការ​បាត់បង់​ទ័ព​របស់​រុស្ស៊ី នៅ​លើ​ទឹកដី​ប្រទេស​អ៊ុយក្រែន មាន​ទំហំ​យ៉ាង​ធំ​នេះ គឺ​ច្រើន​ជាង​សហភាព​សូវៀត​លុកលុយ​ប្រទេស​អាហ្វហ្គានីស្ថាន ប្រហែល​ជាង ២០​ដង។ នៅ​ក្នុង​សង្គ្រាម​រយៈពេល ១០​ឆ្នាំ​ដែល​វា​ចាប់ផ្ដើម​ផ្ទុះឡើង​នៅ​ចុង​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ សហភាព​សូវៀត​បាត់បង់​ទ័ព​ជិត ២៥០០០​នាក់។

លោក​បញ្ជាក់​ថា បើ​ធៀប​នឹង​សហរដ្ឋ​អាមេរិក​បាត់បង់​ទ័ព​ក្នុង​សង្គ្រាម​នៅ​វៀតណាម​ខាងត្បូង​រយៈពេល ១១​ឆ្នាំ​ពី​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៧៥ ក៏​រុស្ស៊ី​បាត់បង់​ទ័ព​ច្រើន​ជាង​ទ័ព​អាមេរិក​ដល់​ជាង ២០​ដង​ដែរ។ លោក​បញ្ជាក់​ថា រុស្ស៊ី​បាត់បង់​ទ័ព​មួយ​ថ្ងៃ​ជាង ៣៨០​នាក់ ហើយ​ចំណែក​អាមេរិក​បាត់បង់​ទ័ព​នៅ​វៀតណាម មួយ​ថ្ងៃ ២០​នាក់។

យោង​តាម​អគ្គសេនាធិការ​កងទ័ព​អ៊ុយក្រែន មក​ដល់​ពេលនេះ សង្គ្រាម ៤៥០​ថ្ងៃ រុស្ស៊ី​បាត់បង់​ទ័ព​ជាង ២០១១០០​នាក់ បាត់បង់​រថក្រោះ ៣៧៧៣​គ្រឿង រថពាសដែក ៧៣៧៣​គ្រឿង រថយន្ត​ដឹក​ភស្តុភារ បាត់បង់ ៧០៧៣​គ្រឿង ប្រព័ន្ធ​កាំភ្លើង​ធំ ៣១៩៨​គ្រឿង ប្រព័ន្ធ​រ៉ុក្កែត ៥៦៣​គ្រឿង ប្រព័ន្ធ​ការពារ​ដែនអាកាស ៣១៨​គ្រឿង ធ្លាក់​យន្តហោះ ៣០៨​គ្រឿង ធ្លាក់​ឧទ្ធម្ភាគចក្រ ២៩៤​គ្រឿង បាញ់​ធ្លាក់​ដ្រូន ២៧៥៩​គ្រឿង និង​នាវា ១៨​គ្រឿង។ តែ​យ៉ាងណា នេះ​ជា​តួលេខ​ដែល​បញ្ចេញ​ដោយ​ភាគី​របស់​អ៊ុយក្រែន ប៉ុណ្ណោះ។

កាលពី​សប្ដាហ៍​កន្លងមក​នេះ ភ្នាក់ងារ​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក CIA រក​ឃើញ​ថា ក្នុង​អំឡុង ៥​ខែ​ចុងក្រោយ​នេះ រុស្ស៊ី​បាត់បង់​ទ័ព​របស់​ខ្លួន​ដល់​ទៅ​ជាង ១០​ម៉ឺន​នាក់។

បណ្ដាញ​ផ្សាយ​ព័ត៌មាន Defense Post បាន​ចុះផ្សាយ​ដោយ​ស្រង់​របាយការណ៍ CIA អាន​ដោយ​អ្នក​នាំពាក្យ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក John Kirby ដែល​លោក​ថា​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​ចារកម្ម​សហរដ្ឋ​អាមេរិក រុស្ស៊ី​ដែល​បាន​បាត់បង់​ទ័ព​ជាង ១០​ម៉ឺន​នាក់​ក្នុង​សង្គ្រាម ៥​ខែ​ចុងក្រោយ​នេះ គឺ​នៅតែ​សមរភូមិ​ដុនបាស​នៅ​ភាគ​ខាងកើត​ប្រទេស ហើយ​សមរភូមិ​បាកមូត នៅ​ក្នុង​ខេត្ត​ដូណេត រុស្ស៊ី​បាត់បង់​ទ័ព​ច្រើន​ជាង​សមរភូមិ​ផ្សេង​ទៀត។

បើ​តាម​លោក John Kirby ការ​បាត់បង់​ទ័ព​ដ៏​ច្រើន​ក្នុង​អំឡុង​តែ ៥​ខែ​ចុងក្រោយ​មក​នេះ បាន​នាំ​ឱ្យ​រុស្ស៊ី​មិន​អាច​សម្រេច​តាម​ផែនការ​របស់​ខ្លួន​ដែល​ត្រូវ​វាយ​យក​ទឹកដី​ក្នុង​តំបន់​ដុនបាស​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ ក្នុង​ចំនួន​ទ័ព​ជាង ១០​ម៉ឺន​នាក់​នេះ គឺ​ក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​រុស្ស៊ី មាន​ជិត ៥​ម៉ឺន​នាក់។

តែ​ជាមួយ​គ្នា​នេះ គេ​សង្កេត​ឃើញ​រុស្ស៊ី​ព្យាយាម​បាញ់​មីស៊ីល​ស្រោច​ទៅ​លើ​ទីក្រុង​ជាច្រើន រួម​ទាំង​ទីក្រុង​គៀវ ផង​ដែរ។

លោក Serhiy Popko ប្រធាន​រដ្ឋបាល​យោធា​ទីក្រុង​គៀវ បាន​និយាយ​នៅ​ថ្ងៃទី​១៨ ឧសភា នេះ​ថា ប្រទេស​រុស្ស៊ី​បាន​វាយប្រហារ​តាម​អាកាស​លើ​ទីក្រុង​គៀវ ដោយ​ប្រើ​ដ្រូន និង​មីស៊ីល។ លោក​បាន​ហៅ​ការ​បាញ់​ស្រោច​នេះ​ថា​មាន​កម្រិត​ធ្ងន់ធ្ងរ។

លោក Popko បាន​បង្ហោះ​សារ​នៅ​លើ Telegram ថា ការ​វាយប្រហារ​នៅ​យប់​ថ្ងៃទី​១៧ ឧសភា មាន​មីស៊ីល ៣០​គ្រាប់ តែ ២៩​គ្រាប់​ត្រូវ​បាន​បាញ់​ទម្លាក់។

កងទ័ព​ជើង​អាកាស​របស់​អ៊ុយក្រែន អះអាង​ថា ខ្លួន​បាន​បាញ់​ទម្លាក់​មីស៊ីល​ទាំង ២៩​គ្រាប់​ដែល​រុស្ស៊ី​បាន​បាញ់​ដាក់​ទីក្រុង​គៀវ និង​ទីក្រុង​ផ្សេងៗ​ទៀត​ដែល​ក្នុង​នោះ​រួមមាន​ទាំង​មីស៊ីល​លឿន​ជាង​សំឡេង​ប្រភេទ Kinzhal ចំនួន ៦​គ្រាប់​ក៏​បាន​បាញ់​ទម្លាក់​កាលពី​យប់​ថ្ងៃទី​១៦ ឧសភា។

លោក Popko បាន​បញ្ជាក់​ថា ការ​វាយប្រហារ​តាម​អាកាស​នេះ គឺជា​ការ​វាយប្រហារ​លើក​ទី​៩ សំដៅ​លើ​ទីក្រុង​គៀវ។ អភិបាល​ក្រុង​គៀវ លោក Vitali Klitschko បាន​រាយការណ៍​ថា កម្ទេចកម្ទី​មីស៊ីល និង​ដ្រូន ដែល​ធ្លាក់​ពី​លើ​អាកាស​បាន​បណ្ដាល​ឱ្យ​មាន​ការ​ខូចខាត​ដល់​សង្កាត់​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​គៀវ ដែល​ក្នុង​នោះ​រួម​មនុស្ស ៣​នាក់​បាន​រង​របួស។

ចំណែក​ពី​សមរភូមិ​បាកមូត នៅ​ភាគ​ខាងកើត កងទ័ព​អ៊ុយក្រែន បាន​បញ្ជាក់​ថា កងទ័ព​រុស្ស៊ី​បាន​បន្ត​ដាក់​សម្ពាធ​លើ​ទីក្រុង​បាកមូត នៅ​ក្នុង​ពេល​ពេញ​មួយ​ថ្ងៃ​កន្លងមក​នេះ។ ស្រប​ពេល​នោះ​ដែរ រុស្ស៊ី​បាន​បាញ់​ផ្លោង​ដាក់​លើ​គោលដៅ​ស៊ីវិល​នានា​នៅ​ភាគ​ខាងត្បូង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​បាន​ធ្វើការ​វាយប្រហារ​ខ្លាំងក្លា​តាម​អាកាស​លើ​ទីក្រុង​គៀវ និង​ទីក្រុង​ផ្សេងៗ​ទៀត​របស់​អ៊ុយក្រែន។ កងទ័ព​រុស្ស៊ី បាន​វាយប្រហារ ៥៥​ដង​លើ​គោលដៅ​នានា​របស់​អ៊ុយក្រែន នៅ​ក្នុង​ទីក្រុង Bakhmut ក្នុង​ពេល​មួយ​ថ្ងៃ​កន្លងមក​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គសេនាធិការ​កងទ័ព​អ៊ុយក្រែន។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ការ​ប្រយុទ្ធ​ខ្លាំងក្លា​បំផុត​នៅ​បន្ត​ធ្វើ​ឡើង​នៅ​សមរភូមិ​ជួរមុខ​នៃ​តំបន់ Bakhmut-Avdiyivka-Maryinka ដែល​ជា​ចំណុច​កណ្ដាល​នៃ​ការ​វាយ​រុល​ចូល​របស់​ទ័ព​រុស្ស៊ី នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។

កងទ័ព​អ៊ុយក្រែន បាន​បញ្ជាក់​ថា រុស្ស៊ី​បាន​វាយប្រហារ​សំដៅ​លើ​គោលដៅ​យោធា និង​គោលដៅ​ស៊ីវិល​ដោយ​ការ​វាយប្រហារ​តាម​អាកាស​ចំនួន ៥៧​ដង និង​ការ​បាញ់​កាំភ្លើង​ធំ​ផ្ទួនៗ​គ្នា​ចំនួន ៩៦​គ្រាប់​ចេញពី​ប្រព័ន្ធ​រ៉ុក្កែត​នៅ​ក្នុង​អំឡុង​ថ្ងៃទី​១៧ ឧសភា។

ការ​វាយប្រហារ​យ៉ាង​ខ្លាំង​របស់​រុស្ស៊ី ដោយ​បាញ់​មីស៊ីល​ស្រោច​ទៅ​លើ​ទីក្រុង​គៀវ និង​ក្រុង​ផ្សេងៗ​ទៀត​របស់​អ៊ុយក្រែន ជា​ការ​ឆ្លើយតប​ចំពោះ​ការ​ត្រៀម​បើក​ការ​វាយបក​ទ្រង់ទ្រាយ​ធំ​របស់​ទ័ព​អ៊ុយក្រែន ដើម្បី​រំដោះ​ទឹកដី​ពី​រុស្ស៊ី​មក​វិញ​ដែល​គេ​រំពឹង​ថា ការ​វាយបក​នេះ​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស