34 C
Phnom Penh

លោក សារ៉ូ សុវិជ័យ ប្ដេជ្ញា​មិន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក សារ៉ូ សុវិជ័យ ដែល​ប្រឆាំង​ដាច់ខាត​នឹង​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​លោក ហ៊ុន សែន ប្ដេជ្ញា​មិន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ប្រើ​អំណាច​រំលោភ​ច្បាប់ រំលោភ​សិទ្ធិមនុស្ស និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​ដាច់ខាត ដោយ​សុខចិត្ត​ទៅ​បួស​ជា​ព្រះសង្ឃ បើ​ទោះបីជា​សាច់ញាតិ និង​មិត្តភ័ក្ដិ​របស់​ខ្លួន​សម្រុក​ចូល​ដូច​ហ្វូង​គោ​ក៏ដោយ។

លោក សារ៉ូ សុវិជ័យ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា លោក​មិន​អាច​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដែល​កំពុង​ធ្វើ​បាប​ប្រជាពលរដ្ឋ​ពេញ​ផ្ទៃ​ប្រទេស​ដូច​សព្វថ្ងៃ​នេះ​បាន​ទេ។ លោក​បន្ថែម​ថា លោក​សុខចិត្ត​ទៅ​បួស​ជា​ព្រះសង្ឃ​វិញ​ប្រសើរ​ជាង ព្រោះ​ថា​បើ​លោក​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ទាំង​ដែល​បក្ស​នេះ​នៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ចំពោះ​ជាតិ​បែប​នេះ លោក​ច្បាស់​ជា​វេទនា​ដូច​ស្លាប់​ទាំង​រស់​អ៊ីចឹង។

លោក សារ៉ូ សុវិជ័យ បញ្ជាក់​ថា លោក​មិន​ខ្ពើម​ឆ្អើម​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ទង្វើ​ដែល​បក្ស​នេះ​បាន​ធ្វើ ដូចជា​ការ​ព្យាយាម​ទាញ​ប្រទេស​កម្ពុជា​ទៅ​ជា​ប្រព័ន្ធ​ដឹកនាំ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន ដោយ​ប្រាសចាក​ពី​ដំណើរ​ប្រជាធិបតេយ្យ និង​ការ​ប្រព្រឹត្ត​ទង្វើ​ទុច្ចរិត​រាប់​មិន​អស់​ជាច្រើន​ទៀត ពិត​ជា​មិន​អាច​ឲ្យ​លោក​ចុះចូល​ជាមួយ​បក្ស​នេះ​បាន​ឡើយ។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​រូប​នេះ​គូស​បញ្ជក់​ថា តាំងពី​លោក​នៅ​ជា​ក្មេង​វត្ត​ក្រីក្រ​គ្មាន​អ្វី​ទាំងអស់ ក៏​លោក​មិន​យល់ព្រម​ចូល​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​ផង ចុះ​ទម្រាំ​ពេល​នេះ​លោក​អាច​មាន​លទ្ធភាព​រស់ និង​ជួយ​មនុស្ស​បាន​ខ្លះ​ទៀត តើ​មាន​ហេតុផល​អ្វី​ឲ្យ​លោក​ទៅ​ចុះចូល​ជាមួយ​គណបក្ស​មួយ​ដែល​បង្ក​ភាព​អយុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ខ្លួនឯង​ជាង​កន្លះ​នគរ​នោះ។

ចាប់តាំងពី​ចុង​ឆ្នាំ​២០២២ និង​ដើម​ខែ​មករា ឆ្នាំ​២០២៣ មក អ្នកគាំទ្រ​បក្ស​ក្រៅ​រដ្ឋាភិបាល​ខ្លះ ដូចជា​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជាដើម បាន​នាំគ្នា​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់ បើ​ទោះបីជា​មេ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​ព័ត៌មាន​បិទ​អង្គភាព​សារព័ត៌មាន វីអូឌី ដែល​ជា​សញ្ញា​នៃ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ក៏ដោយ ក៏​ពួកគេ​នៅតែ​បន្ត​ការ​ចុះចូល​ដោយ​មិន​ខ្វល់​ពី​បញ្ហា​នេះ​ដែរ។

កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ ក្រោយពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០២៣ ចរន្ត​នៃ​ការ​ចុះចូល​របស់​សកម្មជន និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ទុះឡើង​យ៉ាង​ខ្លាំង ក្នុង​នោះ​ភាគី​លោក កឹម សុខា ដូចជា​លោក ហ៊ុន កុសល លោក យឹម ស៊ីណន លោក ប៉ែន ផល្លិកា លោក ជា រដ្ឋា និង​លោក សារ៉ូ សុវុឌ្ឍិ ជាដើម បាន​នាំគ្នា​ប្រកាស​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ព្រោងព្រាត។

ចំណែក​ភាគី​លោក សម រង្ស៊ី ដូចជា​លោក អៀ ចាន់ណា លោក តុ វ៉ាន់ចាន់ លោក គង់ ម៉ាស់ និង​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤​នាក់​ដែល​ទើប​នឹង​ចុះចូល​កាលពី​ពេល​ថ្មីៗ​នេះ ជាដើម ក៏​ប្រកាស​ផ្ដាច់​ខ្លួន​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ដែរ។

ក្រៅពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង និង​បក្ស​ក្រៅ​រដ្ឋាភិបាល ដូចជា​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ ជាដើម ដែល​បាន​ប្រកាស​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច ក៏​មាន​អតីត​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សង្គម​ស៊ីវិល​ដែរ ដូចជា​លោក ព្រាប កុល និង​ប្រធាន​អង្គការ​សម្ព័ន្ធ​ខ្មែរ​អាមេរិកាំង លោក ទូច វិបុល ផង​ដែរ ក្រោម​ហេតុផល​ស្រដៀងៗ​គ្នា​ថា គឺ​ដើម្បី​ចូល​ទៅ​ជួយ​កែទម្រង់​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ឬ​ព្រោះ​តែ​បក្ស​នេះ​មាន​មេដឹកនាំ​ដែល​ខ្លាំង ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ចុះចូល​ម្នាក់ៗ​សុទ្ធតែ​លើក​ហេតុផល​របស់​ពួកគេ​រៀងៗ​ខ្លួន ចំណែក​អ្នក​ដែល​មិន​ឯកភាព​នឹង​ការ​ចុះចូល​នេះ ក៏​មាន​ហេតុផល​រិះគន់​របស់​ពួកគេ​ដែរ។ ជាក់ស្តែង ប្រធាន​អង្គការ​សម្ព័ន្ធ​ខ្មែរ​អាមេរិកាំង លោក ទូច វិបុល ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា ការ​ដែល​លោក​សម្រេច​ចិត្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដោយសារ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​ខ្លាំង និង​មាន​លក្ខណៈ​សម្បត្តិ​ពេញលេញ​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

យ៉ាងណា​ក៏ដោយ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​រិះគន់​ដែល​ទំនង​ជា​សំដៅ​ទៅ​កាន់​លោក ទូច វិបុល ថា លោក ទូច វិបុល អះអាង​ថា​គាត់​ចូលរួម​ជាមួយ​អ្នក​នយោបាយ​បក្ស​កាន់​អំណាច​ព្រោះ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​មេដឹកនាំ​ខ្លាំង ដូច្នេះ​អាច​មាន​ន័យ​ថា បើ​គាត់​ធំ​ដឹង​ក្តី​ក្នុង​របប​ខ្មែរក្រហម គាត់​ប្រាកដជា​ចូលរួម​ជាមួយ​មេដឹកនាំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដើម្បី​ជួយ​សម្លាប់​ខ្មែរ​ដែរ​ហើយ​មើល​ទៅ​នោះ។

បែប​នេះ​ក្តី សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ទាំងអស់​មិន​អាច​ទៅ​កែ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ ព្រោះ​ថា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ គ្មាន​នរណា​ម្នាក់​អាច​កែ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឯក​បក្ស​នេះ​បាន​ឡើយ។

លោក ស្រ៊ុន ស្រ៊ន លើកឡើង​ថា កុំ​ថា​ឡើយ​អ្នក​ចុះចូល ២ ទៅ ៣​នាក់​ដែល​អួត​ថា​ចង់​កែ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ សូម្បី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​សមាជិក​រដ្ឋសភា និង​កៅអី​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​រហូត​ដល់​រាប់​ពាន់​នាក់ ក៏​មិន​អាច​កែ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផង តើ​ពួកគេ​ចាត់ទុក​ខ្លួនឯង​ជា​អ្វី បើ​គ្មាន​កម្លាំង​អ្នកគាំទ្រ​ផង​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស