33 C
Phnom Penh

កម្ពុជា-ឡាវ​និង​វៀតណាម​គ្រោង​រៀបចំ​ជំនួប​មិត្តភាព​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​លើក​ទី​១​នៅ​តំបន់​ត្រីកោណ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​កម្ពុជា ឡាវ និង​វៀតណាម ជួប​ពិភាក្សា​គ្នា​ដើម្បី​ត្រៀម​រៀបចំ​ប្រារព្ធ​ពិធី​ជំនួប​ប្រាស្រ័យ​មិត្តភាព​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​លើក​ទី​១ នៅ​តំបន់​ត្រីកោណ​មរកត ឬ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដែល​ជា​ព្រំដែន​ប្រសព្វ​របស់​ប្រទេស​ទាំង​បី។

ក្រសួង​ការពារ​ជាតិ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម ក្នុង​នោះ​ភាគី​កម្ពុជា​តំណាង​ដោយ​លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ចំណែក​ភាគី​ឡាវ តំណាង​ដោយ​លោក វង្សខាំ ភូម៉ាកន អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​ឡាវ និង​ភាគី​វៀតណាម តំណាង​ដោយ​លោក ហ័ង ស៊ុនជៀន អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម ផង​ដែរ។

កិច្ចពិភាក្សា​ជុំវិញ​តំបន់​ត្រីកោណ​មរកត ឬ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា តំបន់​នេះ​កំពុង​ក្លាយ​ទៅ​ជា​តំបន់​កាន់កាប់​របស់​រដ្ឋាភិបាល​វៀតណាម​ទៅ​ថ្ងៃ​ក្រោយ ក្រោម​ផែនការ​ឈ្លានពាន​របស់​ពួកគេ​មក​លើ​ប្រទេស​កម្ពុជា។

កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៣ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​ប្រវត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​គណបក្ស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វៀតណាម ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា​តាមរយៈ​នៃ​ការ​បង្កើត​ឱ្យ​មាន​តំបន់​ត្រីកោណ​មរតក ឬ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា ឡាវ និង​វៀតណាម ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ក្នុង​កិច្ចពិភាក្សា​នោះ អ្នកជំនាញ​ខាង​ព្រំដែន បណ្ឌិត ឌី ការ៉េត លើកឡើង​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម គឺជា​ផែនការ​របស់​វៀតណាម ដែល​មាន​ចេតនា​បង្កប់​កងទ័ព​របស់​ពួកគេ​ចូល​ក្នុង​ទឹកដី​ខ្មែរ​ដើម្បី​គ្រប់គ្រង​ខ្មែរ​តែប៉ុណ្ណោះ ព្រោះ​ថា​តំបន់​ត្រីកោណ​នេះ​គឺ​មាន​ឈ្មោះ​ដើម​ថា សហព័ន្ធ​ឥណ្ឌូចិន​វៀតណាម ប៉ុន្តែ​ក្រោយ​មក​ដោយ​ខ្លាច​មាន​ការ​តវ៉ា វៀតណាម​បាន​កែ​ឈ្មោះ​មក​ជា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​វិញ តែ​នៅ​ពេលនេះ​វៀតណាម​កែ​ឈ្មោះ​មក​ជា​តំបន់​ត្រីកោណ​មរតក ដោយ​លុប​ពាក្យ​អភិវឌ្ឍន៍​ចោល​វិញ។

បណ្ឌិត ឌី ការ៉េត លើកឡើង​ថា ផែនការ​របស់​វៀតណាម​ក្នុង​ការ​គ្រប់គ្រង​ទឹកដី​ខ្មែរ​នេះ គឺជា​ផែនការ​សម្ងាត់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​នឹង​វៀតណាម ជា​យូរ​មក​ហើយ ព្រោះ​ថា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ត្រូវ​បាន​វៀតណាម​ដាក់​ផែនការ​ពង្រីក​បន្តិច​ម្តងៗ​តាមរយៈ​នៃ​ការ​ដាក់​ខេត្ត​ខ្មែរ​ចូល​ក្នុង​តំបន់​នេះ​ចាប់ផ្តើម​ពី​ខេត្ត​ត្រឹមតែ​២ នៅ​លើកដំបូង និង​រហូត​ដល់​ដាក់​ខេត្ត​ចំនួន​៤ នៅ​ពេលនេះ។

អ្នកជំនាញ​ខាង​ព្រំដែន និង​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា តំបន់​មរតក​ត្រីកោណ​ដែល​មាន​ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​ខេត្ត​ឡាវ និង​វៀតណាម គឺជា​ការ​រៀបចំ​របស់​វៀតណាម​សុទ្ធសាធ ដើម្បី​គ្រប់គ្រង​ទឹកដី​ខ្មែរ​ជា​ជំហានៗ​តាម​ផែនការ​របស់​ពួកគេ​ទៅ​ថ្ងៃ​អនាគត។

ដោយសារតែ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៣ កន្លងទៅ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ចាត់ទុក​ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ដែល​លើកឡើង​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា ឡាវ និង​វៀតណាម នេះ ថា​ជា​ក្រុម​ជ្រុល​និយម​បំផ្លាញ​ជាតិ។ លោក ហ៊ុន សែន គំរាម​ថា អ្នក​ទាំងនោះ​នឹង​ពិបាក​ចូល​មក​ស្រុក​ខ្មែរ​នៅ​ពេល​ក្រោយ ដោយសារតែ​ពួកគេ​មាន​ចេតនា​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោក។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា លោក ហេង សំរិន បាន​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​ជាមួយ​ប្រធាន​រដ្ឋសភា​ឡាវ លោក សាយ សំភូន ភូមវិហាន និង​ប្រធាន​រដ្ឋសភា​វៀតណាម លោក វឿង ឌីញ ហ្វេ នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ឲ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​ក្របខ័ណ្ឌ​សភា​នៃ​ប្រទេស​ទាំង​បី​ទៅ​ថ្ងៃ​មុខ។

ជុំវិញ​ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ក្រុម​អ្នក​សង្កេតការណ៍​សម្ដែង​នូវ​ក្តី​បារម្ភ​ថា គឺជា​ហានិភ័យ​យ៉ាង​ធំធេង​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ព្រោះ​ថា​ខេត្ត​ទាំង​៤ របស់​កម្ពុជា មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​តែ ៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​ខេត្ត​ទាំង​៤ របស់​ប្រទេស​ឡាវ មាន​ប្រជាជន​ប្រមាណ ៧០​ម៉ឺន​នាក់ ដោយឡែក​ខេត្ត​ទាំង​៤ របស់​ប្រទេស​វៀតណាម ដែល​បាន​ដាក់​ចូល​តំបន់​ត្រីកោណ​នេះ មាន​ប្រជាជន​សរុប​ប្រមាណ​ដល់​ទៅ​ជាង ៧​លាន​នាក់​ឯណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​អ្នក​ឃ្លាំមើល​កម្ពុជា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ជាបន្ទាន់ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​រឹងមាំ​ជា​មុន​សិន ចាំ​គិតគូរ​ពិចារណា​រឿង​ការ​អភិវឌ្ឍ​រួម​គ្នា​នេះ​ឡើងវិញ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា ឬ​គ្រោះថ្នាក់​ធ្វើ​ឱ្យ​បាត់បង់​ព្រំដែន​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ​បន្ថែម​ទៀត។

តំបន់​អភិវឌ្ឍន៍​ត្រីកោណ ឬ​ហៅថា CLV ត្រូវ​បាន​ព្រមព្រៀង​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៩ ដោយ​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម ក្នុង​នោះ​មាន​ខេត្ត​ចំនួន​១២ ដែល​ភាគី​នីមួយៗ​បាន​ដាក់​ខេត្ត​ចំនួន​៤ ដូច​គ្នា​បញ្ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ក្នុង​នោះ​ខាង​ភាគី​កម្ពុជា​បាន​ដាក់​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស