31 C
Phnom Penh

អ៊ុយក្រែន​សច្ចា​វាយ​យក​គ្រីមៀរ​មក​វិញ ខណៈ​ប្រាប់​ប្រេសិត​ចិន​ថា​កុំ​បង្ខំ​ឱ្យ​អ៊ុយក្រែន​កាត់​ដី​ឱ្យ​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​ឧសភា បាន​សច្ចា​វាយ​រំដោះ​ដែនដី​នៃ​ឧបទ្វីប​គ្រីមៀរ ពី​រុស្ស៊ី​មក​វិញ​ដោយ​បញ្ជាក់​ថា ការ​វាយ​រំដោះ​ដែនដី​នេះ​នឹង​ត្រូវ​ធ្វើឡើង​អំឡុង​ទ័ព​អ៊ុយក្រែន​ត្រូវ​បើក​វាយបក​ទ្រង់ទ្រាយ​ធំ​នៅ​ពេល​ខាងមុខ​នេះ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ឱ្យ​ដឹង​ថា លោក ហ្សេឡេនស្គី ធ្វើការ​កត់សម្គាល់​ដូចនេះ​នៅ​ឯ​ពិធី​មួយ​រៀបចំ​ឡើង​ក្នុង​ទីក្រុង​គៀវ ដើម្បី​រំឭក​ខួប​នៃ​ការ​បណ្ដេញ​ចេញ​ជនជាតិ​តាតា ចេញពី​តំបន់​គ្រីមៀរ ដោយ​អាជ្ញាធរ​សហភាព​សូវៀត កាលពី​ឆ្នាំ​១៩៤៤។

ក្នុង​ឱកាស​នោះ លោក ហ្សេឡេនស្គី បាន​បង្កើត​ក្រុមប្រឹក្សា​បង្រួបបង្រួម​ជាតិ​មួយ​ដែល​មាន​តួនាទី​ប្រឹក្សា​យោបល់​ស្ដីពី​ការ​ស្ដារ​ឡើងវិញ​នូវ​ការ​គ្រប់គ្រង​របស់​អ៊ុយក្រែន លើ​តំបន់​គ្រីមៀរ។

លោក​ប្រកាស​ថា ការ​រំដោះ​ឧបទ្វីប​មួយ​នេះ​ដែល​ត្រូវ​បាន​រុស្ស៊ី​ដណ្ដើម​យក​កាលពី​ឆ្នាំ​២០១៤ ច្បាស់​ណាស់​ថា​នឹង​កើតឡើង​យ៉ាង​ពិតប្រាកដ។ បើ​តាម​លោក ហ្សេឡេនស្គី ប្រទេស​កាន់តែ​ច្រើន​ឡើង​ចាប់ផ្ដើម​យល់​ឃើញ​ថា សន្តិភាព​នឹង​មិន​អាច​កើតឡើង បើ​គ្មាន​ការ​ប្រគល់​តំបន់​គ្រីមៀរ​មក​ឱ្យ​អ៊ុយក្រែន​វិញ។

លោក​បញ្ជាក់​ថា អ៊ុយក្រែន​នឹង​បន្ត​ការងារ​របស់​ខ្លួន​ដើម្បី​រំដោះ​តំបន់​គ្រីមៀរ​ដែល​ច្បាស់​ណាស់​ថា​វា​នឹង​កើតឡើង ហើយ​តំបន់​គ្រីមៀរ នឹង​ត្រឡប់​ទៅ​ក្រោម​ប្រព័ន្ធ​គ្រប់គ្រង​របស់​អ៊ុយក្រែន​វិញ។

ទាំង​លោក ហ្សេឡេនស្គី និង​ក្រុម​មន្ត្រី​អ៊ុយក្រែន តែងតែ​លើកឡើង​ថា ការ​ដណ្ដើម​យក​តំបន់​គ្រីមៀរ​មក​វិញ គឺជា​គោលដៅ​មួយ​ក្នុង​យុទ្ធនាការ​វាយបក​ទ្រង់ទ្រាយ​ធំ។

គ្រីមៀរ​ជា​ឧបទ្វីប​សមុទ្រ​ខ្មៅ។ ដែនដី​មួយ​នេះ​មាន​ផ្ទៃដី​ជាង ២៧០០​គីឡូម៉ែត្រ​ក្រឡា ដែល​បច្ចុប្បន្ន​មាន​ប្រជាជន​រស់នៅ​ជាង ២​លាន ៤​សែន​នាក់ តែ ៨០​ភាគរយ​ជា​ជនជាតិ​រុស្ស៊ី។ រុស្ស៊ី​ដណ្ដើម​យក​គ្រីមៀរ​ពី​អ៊ុយក្រែន​តាមរយៈ​ការ​ចុះហត្ថលេខា​របស់​អតីត​ប្រធានាធិបតី​អ៊ុយក្រែន លោក វិចទ័រ យ៉ាណាកូវិច នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៤ ដែល​លោក យ៉ាណាកូវិច យល់ព្រម​ឱ្យ​មាន​ការ​បោះឆ្នោត​បំបែក​ទឹកដី​គ្រីមៀរ ទៅ​ឱ្យ​រុស្ស៊ី។

តែ​បុរស​នេះ​ត្រូវ​កងទ័ព និង​ប្រជាជន​អ៊ុយក្រែន ដេញ​ទម្លាក់​ពី​អំណាច​ភ្លាមៗ ហើយ​កាត់ទោស​ពី​ទោស​ក្បត់​ជាតិ។ បច្ចុប្បន្ន លោក យ៉ាណាកូវិច និង​គ្រួសារ​កំពុង​រស់នៅ​ក្រុង​មូស្គូ ដោយ​បាន​ចូល​សញ្ជាតិ​រុស្ស៊ី​ទៀត​ផង។

ទាំង​លោក ហ្សេឡេនស្គី និង​លោក វិចទ័រ ប៉េរេសឆេនកូ អតីត​ប្រធានាធិបតី​អ៊ុយក្រែន​ជំនាន់​ក្រោយ​លោក យ៉ាណាកូវិច បាន​សច្ចា​ថា​នឹង​រក​គ្រប់​មធ្យោបាយ​ដើម្បី​យក​គ្រីមៀរ​មក​វិញ។ គ្រីមៀរ​នៅ​ពេលនេះ​នៅតែ​ស្ថិត​ក្នុង​ផែនទី​របស់​ប្រទេស​អ៊ុយក្រែន ដែល​បាន​តម្កល់​ទុក​នៅ​ឯ​អង្គការ​សហប្រជាជាតិ។

អំពី​អធិបតេយ្យភាព​នៃ​ប្រទេស​អ៊ុយក្រែន នេះ នៅ​ចំពោះ​មុខ​ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​ចិន លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន ឌីមីត្រូ គូលីបា បាន​ថ្លែង​ថា អធិបតេយ្យភាព​នៃ​ដែនដី​អ៊ុយក្រែន គឺជា​រឿង​ចាំបាច់​បំផុត។

ក្នុង​ជំនួប​នៅ​ក្នុង​ទីក្រុង​គៀវ លោក លី ហ៊ុយ ប្រេសិត​របស់​លោក ស៊ី ជីនពីង បាន​ជួប​សន្ទនា​ជាមួយ​ថ្នាក់​ដឹកនាំ​អ៊ុយក្រែន និង​ប្រមុខ​ការទូត ឌីមីត្រូ គូលីបា កាលពី​ថ្ងៃ​ពុធ ទី​១៧ ឧសភា។

ក្នុង​ជំនួប​នោះ ប្រមុខ​ការទូត​អ៊ុយក្រែន បាន​ប្រាប់​ថា ប្រេសិត​ចិន​ថា​គោលការណ៍​នៃ​ការ​កសាង​សន្តិភាព​យូរ​អង្វែង និង​យុត្តិធម៌​ដោយ​ផ្អែក​លើ​ការ​គោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន។ លោក គូលីបា បាន​បញ្ជាក់​ថា អ៊ុយក្រែន នឹង​មិន​ទទួល​យក​ជាដាច់ខាត​នូវ​សំណើ​ដំណោះស្រាយ​ណា​ដែល​ឈាន​ដល់​ការ​បាត់បង់​ទឹកដី​របស់​អ៊ុយក្រែន។

លោក លី ហ៊ុយ ប្រេសិត​ពិសេស​របស់​ចិន​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប-អាស៊ី បាន​ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប ហើយ​បាន​មក​ដល់​ទីក្រុង​គៀវ នៅ​ថ្ងៃ​ពុធ ទី​១៧ ឧសភា។ គោលដៅ​នៃ​ទស្សនកិច្ច​របស់​លោក លី ហ៊ុយ ក្នុង​ទឹកដី​អឺរ៉ុប គឺ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

ដំណោះស្រាយ​ដែល​លោក លី ហ៊ុយ បាន​លើក​ទៅ​ជជែក គឺ​ផែនការ ១២​ចំណុច​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ចិន​នា​ពេល​កន្លងមក។ ជា​បញ្ហា គឺ​ថា​ផែនការ​ចំនួន ១២​ចំណុច​នេះ​មិន​ត្រូវ​បាន​ស្វាគមន៍​ដោយ​បស្ចិម​ប្រទេស ជាពិសេស​សហរដ្ឋ​អាមេរិក រួម​ទាំង​អ៊ុយក្រែន​ខ្លួន​គេ​ផ្ទាល់ ព្រោះ​ពុំ​បាន​កំណត់​អំពី​អធិបតេយ្យ​អ៊ុយក្រែន និង​ការ​ដក​ទ័ព​រុស្ស៊ី​ចេញពី​អ៊ុយក្រែន។

លោក​ប្រមុខ​ការទូត​អ៊ុយក្រែន គូលីបា បាន​បញ្ជាក់​ទៀត​ថា អ៊ុយក្រែន​ពិត​ជា​ត្រូវការ​សន្តិភាព តែ​អ៊ុយក្រែន​មិន​សម្រេច​យក​សន្តិភាព​ក្លែងក្លាយ​ជាមួយ​នឹង​ការ​កាត់​ទឹកដី​ឱ្យ​អ្នក​ឈ្លានពាន​នោះ​ទេ។

ស្រប​ពេល​នេះ​ដែរ លោក ហ្សេឡេនស្គី នឹង​ទៅ​កាន់​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​២០ ឧសភា នេះ ដើម្បី​ជួប​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G-7 ដែល​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង Hiroshima ប្រទេស​ជប៉ុន។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក Jake Sullivan ឱ្យ​ដឹង​ថា លោក ហ្សេឡេនស្គី អាច​នឹង​មាន​វត្តមាន​ក្នុង​វេទិកា​នៃ​មេដឹកនាំ G-7 នេះ​ដែរ។

តាម​មន្ត្រី​អ៊ុយក្រែន លោក ហ្សេឡេនស្គី នឹង​ថ្លែង​អំពី​ផែនការ​សន្តិភាព ១០​ចំណុច​របស់​អ៊ុយក្រែន ដែល​បាន​លើកឡើង​កាលពី​ក្នុង​កិច្ចប្រជុំ​នៃ​មេដឹកនាំ G-20 កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​គេ​រំពឹង​ថា​លោក ហ្សេឡេនស្គី នឹង​បន្ត​សុំ​ឱ្យ​មេដឹកនាំ G-7 បន្ថែម​ជំនួយ​សព្វាវុធ​ថែម​ទៀត​ទៅ​ឱ្យ​អ៊ុយក្រែន ឱ្យ​មុន​អ៊ុយក្រែន​បើក​ការ​វាយបក​ទ្រង់ទ្រាយ​ធំ​ដើម្បី​រំដោះ​ទឹកដី​ពី​រុស្ស៊ី​មក​វិញ ដោយ​រាប់​ទាំង​ឧបទ្វីប​គ្រីមៀរ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស