ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា បានសច្ចាវាយរំដោះដែនដីនៃឧបទ្វីបគ្រីមៀរ ពីរុស្ស៊ីមកវិញដោយបញ្ជាក់ថា ការវាយរំដោះដែនដីនេះនឹងត្រូវធ្វើឡើងអំឡុងទ័ពអ៊ុយក្រែនត្រូវបើកវាយបកទ្រង់ទ្រាយធំនៅពេលខាងមុខនេះ។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា លោក ហ្សេឡេនស្គី ធ្វើការកត់សម្គាល់ដូចនេះនៅឯពិធីមួយរៀបចំឡើងក្នុងទីក្រុងគៀវ ដើម្បីរំឭកខួបនៃការបណ្ដេញចេញជនជាតិតាតា ចេញពីតំបន់គ្រីមៀរ ដោយអាជ្ញាធរសហភាពសូវៀត កាលពីឆ្នាំ១៩៤៤។
ក្នុងឱកាសនោះ លោក ហ្សេឡេនស្គី បានបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិមួយដែលមានតួនាទីប្រឹក្សាយោបល់ស្ដីពីការស្ដារឡើងវិញនូវការគ្រប់គ្រងរបស់អ៊ុយក្រែន លើតំបន់គ្រីមៀរ។
លោកប្រកាសថា ការរំដោះឧបទ្វីបមួយនេះដែលត្រូវបានរុស្ស៊ីដណ្ដើមយកកាលពីឆ្នាំ២០១៤ ច្បាស់ណាស់ថានឹងកើតឡើងយ៉ាងពិតប្រាកដ។ បើតាមលោក ហ្សេឡេនស្គី ប្រទេសកាន់តែច្រើនឡើងចាប់ផ្ដើមយល់ឃើញថា សន្តិភាពនឹងមិនអាចកើតឡើង បើគ្មានការប្រគល់តំបន់គ្រីមៀរមកឱ្យអ៊ុយក្រែនវិញ។
លោកបញ្ជាក់ថា អ៊ុយក្រែននឹងបន្តការងាររបស់ខ្លួនដើម្បីរំដោះតំបន់គ្រីមៀរដែលច្បាស់ណាស់ថាវានឹងកើតឡើង ហើយតំបន់គ្រីមៀរ នឹងត្រឡប់ទៅក្រោមប្រព័ន្ធគ្រប់គ្រងរបស់អ៊ុយក្រែនវិញ។
ទាំងលោក ហ្សេឡេនស្គី និងក្រុមមន្ត្រីអ៊ុយក្រែន តែងតែលើកឡើងថា ការដណ្ដើមយកតំបន់គ្រីមៀរមកវិញ គឺជាគោលដៅមួយក្នុងយុទ្ធនាការវាយបកទ្រង់ទ្រាយធំ។
គ្រីមៀរជាឧបទ្វីបសមុទ្រខ្មៅ។ ដែនដីមួយនេះមានផ្ទៃដីជាង ២៧០០គីឡូម៉ែត្រក្រឡា ដែលបច្ចុប្បន្នមានប្រជាជនរស់នៅជាង ២លាន ៤សែននាក់ តែ ៨០ភាគរយជាជនជាតិរុស្ស៊ី។ រុស្ស៊ីដណ្ដើមយកគ្រីមៀរពីអ៊ុយក្រែនតាមរយៈការចុះហត្ថលេខារបស់អតីតប្រធានាធិបតីអ៊ុយក្រែន លោក វិចទ័រ យ៉ាណាកូវិច នៅក្នុងខែមីនា ឆ្នាំ២០១៤ ដែលលោក យ៉ាណាកូវិច យល់ព្រមឱ្យមានការបោះឆ្នោតបំបែកទឹកដីគ្រីមៀរ ទៅឱ្យរុស្ស៊ី។
តែបុរសនេះត្រូវកងទ័ព និងប្រជាជនអ៊ុយក្រែន ដេញទម្លាក់ពីអំណាចភ្លាមៗ ហើយកាត់ទោសពីទោសក្បត់ជាតិ។ បច្ចុប្បន្ន លោក យ៉ាណាកូវិច និងគ្រួសារកំពុងរស់នៅក្រុងមូស្គូ ដោយបានចូលសញ្ជាតិរុស្ស៊ីទៀតផង។
ទាំងលោក ហ្សេឡេនស្គី និងលោក វិចទ័រ ប៉េរេសឆេនកូ អតីតប្រធានាធិបតីអ៊ុយក្រែនជំនាន់ក្រោយលោក យ៉ាណាកូវិច បានសច្ចាថានឹងរកគ្រប់មធ្យោបាយដើម្បីយកគ្រីមៀរមកវិញ។ គ្រីមៀរនៅពេលនេះនៅតែស្ថិតក្នុងផែនទីរបស់ប្រទេសអ៊ុយក្រែន ដែលបានតម្កល់ទុកនៅឯអង្គការសហប្រជាជាតិ។
អំពីអធិបតេយ្យភាពនៃប្រទេសអ៊ុយក្រែន នេះ នៅចំពោះមុខប្រេសិតពិសេសរបស់ប្រធានាធិបតីចិន លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ឌីមីត្រូ គូលីបា បានថ្លែងថា អធិបតេយ្យភាពនៃដែនដីអ៊ុយក្រែន គឺជារឿងចាំបាច់បំផុត។
ក្នុងជំនួបនៅក្នុងទីក្រុងគៀវ លោក លី ហ៊ុយ ប្រេសិតរបស់លោក ស៊ី ជីនពីង បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន និងប្រមុខការទូត ឌីមីត្រូ គូលីបា កាលពីថ្ងៃពុធ ទី១៧ ឧសភា។
ក្នុងជំនួបនោះ ប្រមុខការទូតអ៊ុយក្រែន បានប្រាប់ថា ប្រេសិតចិនថាគោលការណ៍នៃការកសាងសន្តិភាពយូរអង្វែង និងយុត្តិធម៌ដោយផ្អែកលើការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ លោក គូលីបា បានបញ្ជាក់ថា អ៊ុយក្រែន នឹងមិនទទួលយកជាដាច់ខាតនូវសំណើដំណោះស្រាយណាដែលឈានដល់ការបាត់បង់ទឹកដីរបស់អ៊ុយក្រែន។
លោក លី ហ៊ុយ ប្រេសិតពិសេសរបស់ចិនទទួលបន្ទុកកិច្ចការអឺរ៉ុប-អាស៊ី បានធ្វើទស្សនកិច្ចនៅអឺរ៉ុប ហើយបានមកដល់ទីក្រុងគៀវ នៅថ្ងៃពុធ ទី១៧ ឧសភា។ គោលដៅនៃទស្សនកិច្ចរបស់លោក លី ហ៊ុយ ក្នុងទឹកដីអឺរ៉ុប គឺស្វែងរកដំណោះស្រាយដើម្បីឈានទៅបិទបញ្ចប់សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
ដំណោះស្រាយដែលលោក លី ហ៊ុយ បានលើកទៅជជែក គឺផែនការ ១២ចំណុចដែលស្នើឡើងដោយរដ្ឋាភិបាលចិននាពេលកន្លងមក។ ជាបញ្ហា គឺថាផែនការចំនួន ១២ចំណុចនេះមិនត្រូវបានស្វាគមន៍ដោយបស្ចិមប្រទេស ជាពិសេសសហរដ្ឋអាមេរិក រួមទាំងអ៊ុយក្រែនខ្លួនគេផ្ទាល់ ព្រោះពុំបានកំណត់អំពីអធិបតេយ្យអ៊ុយក្រែន និងការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន។
លោកប្រមុខការទូតអ៊ុយក្រែន គូលីបា បានបញ្ជាក់ទៀតថា អ៊ុយក្រែនពិតជាត្រូវការសន្តិភាព តែអ៊ុយក្រែនមិនសម្រេចយកសន្តិភាពក្លែងក្លាយជាមួយនឹងការកាត់ទឹកដីឱ្យអ្នកឈ្លានពាននោះទេ។
ស្របពេលនេះដែរ លោក ហ្សេឡេនស្គី នឹងទៅកាន់ប្រទេសជប៉ុន នៅថ្ងៃទី២០ ឧសភា នេះ ដើម្បីជួបមេដឹកនាំនៃក្រុមប្រទេស G-7 ដែលជួបប្រជុំគ្នានៅក្នុងទីក្រុង Hiroshima ប្រទេសជប៉ុន។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan ឱ្យដឹងថា លោក ហ្សេឡេនស្គី អាចនឹងមានវត្តមានក្នុងវេទិកានៃមេដឹកនាំ G-7 នេះដែរ។
តាមមន្ត្រីអ៊ុយក្រែន លោក ហ្សេឡេនស្គី នឹងថ្លែងអំពីផែនការសន្តិភាព ១០ចំណុចរបស់អ៊ុយក្រែន ដែលបានលើកឡើងកាលពីក្នុងកិច្ចប្រជុំនៃមេដឹកនាំ G-20 កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ហើយគេរំពឹងថាលោក ហ្សេឡេនស្គី នឹងបន្តសុំឱ្យមេដឹកនាំ G-7 បន្ថែមជំនួយសព្វាវុធថែមទៀតទៅឱ្យអ៊ុយក្រែន ឱ្យមុនអ៊ុយក្រែនបើកការវាយបកទ្រង់ទ្រាយធំដើម្បីរំដោះទឹកដីពីរុស្ស៊ីមកវិញ ដោយរាប់ទាំងឧបទ្វីបគ្រីមៀរផងដែរ៕