ព្រះភិក្ខុវជីរប្បញ្ញោ សាន សុជា បានសម្រេចចិត្តលាចាកផ្នួសភេទជាព្រះភិក្ខុសង្ឃហើយកាលពីថ្ងៃអាទិត្យ នៅប្រទេសអូស្ត្រាលី បន្ទាប់ពីបានសាងផ្នួសក្នុងព្រះពុទ្ធសាសនាអស់រយៈពេល ៣១ឆ្នាំ ដែលធ្វើឲ្យពុទ្ធបរិស័ទជាច្រើនធ្លាប់តែតាមដានស្តាប់ការបង្រៀនធម៌របស់ព្រះភិក្ខុអង្គនេះមានការសោកស្តាយជាពន់ពេក។
ព្រះភិក្ខុវជីរប្បញ្ញោ សាន សុជា ដែលជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនាដ៏ល្បីល្បាញមួយព្រះអង្គក្នុងការបង្រៀនព្រះអភិធម្ម បានធ្វើការផ្សាយលើគណនីហ្វេសប៊ុករបស់ព្រះអង្គក្នុងភេទជាបព្វជិតជាលើកចុងក្រោយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នេះថា ចាប់ពេលនេះតទៅ លោកនឹងលែងជាព្រះភិក្ខុសង្ឃតទៅទៀតហើយ។
ព្រះភិក្ខុអង្គនេះលើកឡើងថា ចាប់ពេលនេះតទៅ រាល់វីដេអូនានាដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមទំនាក់ទំនងក្នុងភេទជាព្រះសង្ឃ គ្រាន់តែវីដេអូចាស់ៗរបស់ព្រះអង្គតែប៉ុណ្ណោះ ព្រោះថាចាប់ពីពេលនេះតទៅ លោកនឹងមិនមែនជាអ្នកបួសតទៅទៀតនោះឡើយ គឺគ្រាន់តែជាឧបាសកក្នុងព្រះពុទ្ធសាសនាមួយរូបប៉ុណ្ណោះ។
ព្រះភិក្ខុ សាន សុជា បញ្ជាក់ថា ការសម្រេចចិត្តលាចាកសិក្ខាបទនៅពេលនេះ គឺគោលការណ៍នៃដំណើរជីវិតផ្ទាល់ខ្លួនរបស់ព្រះអង្គតែប៉ុណ្ណោះ។
ព្រះភិក្ខុវជីរប្បញ្ញោ សាន សុជា កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៧៦ ស្ថិតក្នុងភូមិទួលតាអុក ឃុំកំពង់យោល ស្រុកទ្រាំង ខេត្តតាកែវ និងបានចូលបួសជាសាមណេរក្នុងព្រះពុទ្ធសាសនានៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩២ ក្នុងវ័យ ១៦ឆ្នាំ។
ក្រោយចូលបួសក្នុងព្រះពុទ្ធសាសនា និងការខិតខំរៀនសូត្រ សាមណេរ សាន សុជា បានប្រឡងជាប់វិញ្ញាបនបត្រនៃសាលាពុទ្ធិកបឋមសិក្សានៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ១៩៩៧ ព្រះអង្គក៏បានប្រឡងជាប់វិញ្ញាបនបត្រមធ្យមសិក្សាបឋមភូមិនៃពុទ្ធិកវិទ្យាល័យសិក្សាព្រះសុរាម្រិត ម្តងទៀត ប៉ុន្តែលោកត្រូវផ្អាកការសិក្សាដោយខ្លួនឯង ព្រោះតែចង់បដិបត្តិតាមធម៌របស់ព្រះសម្មាសម្ពុទ្ធច្រើនជាងការសិក្សានៅឯសាលារៀន។
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៩៧ សាមណេរ សាន សុជា បានចាប់ផ្តើមបង្រៀនព្រះសង្ឃដទៃទៀតក្នុងវត្តពោធិមន្ត្រី ស្ថិតក្នុងភូមិគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់ព្រះអង្គនៅឆ្នាំ១៩៩៩ ផងដែរ។ ក្រោយបង្រៀនបានមួយរយៈ អតីតភិក្ខុសង្ឃអង្គនេះបានប្រឡងជាប់ជាគ្រូកម្រិតពុទ្ធិកបឋមសិក្សាពេញសិទ្ធិជាផ្លូវការរបស់ក្រសួងធម្មការ និងសាសនាតែម្តង។
បន្ទាប់ពីប្រឡងជាប់ជាគ្រូបាន ៣ឆ្នាំ ព្រះភិក្ខុវជីរប្បញ្ញោ សាន សុជា បានចេញទៅបង្រៀនព្រះសង្ឃនៅសាលាពុទ្ធិកបឋមសិក្សាវត្តពាលញែក ក្នុងខេត្តពោធិ៍សាត់ ប៉ុន្តែនៅអំឡុងឆ្នាំ២០០១ ព្រះភិក្ខុអង្គនេះក៏បានត្រឡប់ទៅបង្រៀនព្រះសង្ឃនៅវត្តកែវសុវណ្ណ វិញ ប៉ុន្តែស្ថិតក្នុងទឹកដីខេត្តពោធិ៍សាត់ ដដែល។
ក្រោយធ្វើជាគ្រូបង្រៀននៅវត្តកែវសុវណ្ណ បានមួយរយៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០១ ព្រះភិក្ខុ សាន សុជា បានបង្កើតកន្លែងសិក្សាធម៌មួយឈ្មោះមជ្ឈមណ្ឌលសិក្សាអប់រំព្រះពុទ្ធសាសនា ដែលមានទីតាំងនៅក្នុងវត្តកែវសុវណ្ណ ដដែល សម្រាប់បង្រៀនព្រះអភិធម្មដល់ឧបាសកឧបាសិកានៅទីនោះ។
បន្ទាប់ពីមានការគាំទ្រពីពុទ្ធបរិស័ទកាន់តែច្រើនឡើងៗ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០០១ មជ្ឈមណ្ឌលសិក្សាអប់រំព្រះពុទ្ធសាសនាត្រូវផ្លាស់ប្ដូរទៅកសាងនៅទីតាំងថ្មី ស្ថិតក្នុងខេត្តពោធិ៍សាត់ ដដែល ប៉ុន្តែបានប្តូរឈ្មោះទៅជាពុទ្ធសាសនមណ្ឌលមុនីរត្ន វិញ ដែលត្រូវដាក់ឲ្យស្ថិតនៅក្នុងបរិវេណវត្តមណីរត្ន ដែលត្រូវបានបង្កើតឡើងនៅពេលជាមួយគ្នានោះ។
ប៉ុន្តែក្រោយមក ពុទ្ធសាសនមណ្ឌលមុនីរត្ន ក៏បានប្តូរឈ្មោះម្តងទៀត គឺប្តូរទៅជាមណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន រហូតដល់សព្វថ្ងៃនេះ ហើយព្រះភិក្ខុវជីរប្បញ្ញោ សាន សុជា ក៏បានធ្វើជាព្រះគ្រូចៅអធិការវត្តនៅវត្តនោះរហូតមកដល់ពេលដែលលោកបានលាចាកសិក្ខាបទនៅពេលនេះផងដែរ ដែលមានរយៈពេលប្រមាណជា ២២ឆ្នាំហើយ បើគិតមកទល់នឹងពេលនេះ៕