35 C
Phnom Penh

អ្នក​សង្កេត​ការណ៍៖ បោះឆ្នោត​នៅ​ថៃ​ជា​ផ្ទាំង​ប្រជាធិបតេយ្យ​ដ៏​ស្រស់​បំព្រង​នៃ​តំបន់​អាស៊ី​អាគ្នេយ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​ឧសភា ប្រជាជន​ថៃ​ជិត ៧៥% នៃ​ចំនួន ៥២​លាន​នាក់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត បាន​ចេញ​ទៅ​បោះឆ្នោត។

ការ​បោះឆ្នោត​ចាប់ផ្ដើម​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៥​រសៀល។ រូបភាព​ដែល​បញ្ចេញ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ថៃ បាន​ថត​ឃើញ​ប្រជាជន​ថៃ​បន្ត​គ្នា​ជា​ជួរ និង​ការ​ប្រមូល​គ្នា​ជាច្រើន​រង់ចាំ​ចូល​បោះឆ្នោត។

នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត និង​ការ​បោះឆ្នោត មិន​មាន​ការ​លេច​ចេញ​នូវ​បាតុភូត​មិន​ប្រក្រតី​កើតឡើង​នោះ​ទេ ទាំង​ហិង្សា​នយោបាយ និង​ការ​បន្លំ​សន្លឹកឆ្នោត ឬ​ការ​ចែក​អំណោយ​ទិញ​ទឹកចិត្ត​អ្នក​បោះឆ្នោត។

ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​ទី​២ ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ កាលពី​ថ្ងៃទី​១៤ ឧសភា របស់​រាជាណាចក្រ​ថៃ បាន​ក្លាយ​ជា​ផ្ទាំង​ប្រជាធិបតេយ្យ​ដ៏​ស្រស់​បំព្រង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ស្ថិត​ក្រោម​ក្រសែភ្នែក​របស់​អ្នក​សង្កេតការណ៍​អន្តរជាតិ ដោយ​ចាត់ទុក​ជា​ព្រឹត្តិការណ៍​អច្ឆរិយ​នៃ​ប្រទេស​មួយ​នៃ​ដង​ទន្លេមេគង្គ។

ប្រជាជន​ថៃ ដែល​បាន​ទៅ​បោះឆ្នោត និង​ប្រជាជន​ដែល​ខកខាន​ការ​បោះឆ្នោត ពួកគេ​មិន​បាន​បារម្ភ​អំពី​ការ​លួច​ទិន្នន័យ ឬ​បន្លំ​សន្លឹកឆ្នោត​ឡើយ។

ក្រោយពី​បោះឆ្នោត​ហើយ ពួកគេ​ប្រមូលផ្ដុំ​គ្នា​តាម​ដង​វិថី និង​តាម​ទី​សាធារណៈ​ដើម្បី​មើល​ទិដ្ឋភាព​នៃ​ការ​បញ្ចាំង​ផ្ទាល់​ពី​ការ​រាប់​សន្លឹកឆ្នោត គឺ​ដូច​ប្រទេស​កម្ពុជា​បញ្ចាំង​ផ្ទាល់​ការ​ប្រកួត​កីឡា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​កម្ពុជា ដែល​ទើប​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា កន្លងទៅ​ដែរ។ ប្រជាជន​ថៃ មិន​ចាំបាច់​ដេក​យាម​ហិប​ឆ្នោត និង​សន្លឹកឆ្នោត​របស់​ពួកគេ​នោះ​ទេ ព្រោះ​តែ​ស្ថាប័ន​បោះឆ្នោត​របស់​រាជាណាចក្រ​មួយ​នេះ មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បក្ស​យោធា ឬ​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

ស្ថាប័ន​នេះ​គ្មាន​ភាព​លម្អៀង ហើយ​ក៏​ពុំ​ជួយ​ច្នៃប្រឌិត​ហេតុការណ៍​ណា​មួយ​នាំ​ឱ្យ​មាន​ការ​សង្ស័យ​ពី​ការ​ជួយ​បំពេញ​បន្ថែម​ឱ្យ​បក្ស​កាន់​អំណាច​ឡើយ។

មន្ត្រី​កំពូលៗ​របស់​ស្ថាប័ន​បោះឆ្នោត​ថៃ មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បក្ស​នយោបាយ ឬ​បក្ស​របស់​ពួក​យោធា​នោះ​ទេ។ ពួកគេ​បំពេញ​តាម​វិជ្ជាជីវៈ និង​តួនាទី​របស់​ខ្លួន​ដោយ​មិន​ផ្គាប់ចិត្ត ឬ​ក្រោម​ខ្សែ​ញាក់​របស់​អ្នក​មាន​អំណាច​ឡើយ។ ឥឡូវ​នេះ​ឃើញ​ថា បក្ស​ប្រឆាំង​ដែល​ជា​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ពិត​ជា​បាន​ឈ្នះ​ឆ្នោត​ដូច​ការ​ស្ទង់មតិ​របស់​វិទ្យាស្ថាន​ឋានតុសិត និង​វិទ្យាស្ថាន​រដ្ឋបាល​អភិវឌ្ឍន៍ ដែល​បង្ហាញ​មុន​ការ​បោះឆ្នោត​ថា បក្ស​ប្រឆាំង​ធំ​ពីរ គឺ​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (Move Forward) និង​បក្ស​ភឿថៃ ពិត​ជា​បាន​ឈ្នះ​ឆ្នោត​ដោយ​សំឡេង​ភាគច្រើន​នៃ​អាសនៈ​រដ្ឋសភា។

អង្គការ​បណ្ដាញ​អាស៊ី​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ហៅ​កាត់​ថា ANFREL បាន​បញ្ជូន​ភ្នាក់ងារ និង​អ្នកជំនាញ​កិច្ចការ​បោះឆ្នោត​ទៅ​អង្កេត​ការណ៍​បោះឆ្នោត​នៅ​ប្រទេស​ថៃ ទើប​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​១៤ ឧសភា។ អង្គការ​បណ្ដាញ​អាស៊ី​ដើម្បី​បោះឆ្នោត​ដោយ​សេរី​នេះ គឺជា​ក្រុម​ឃ្លាំមើល​ការ​បោះឆ្នោត​ឯករាជ្យ​មួយ​នៅ​អាស៊ី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ពណ៌នា​ដំណើរការ​បោះឆ្នោត​នៅ​ថៃ ថា​ប្រកប​ដោយ​តម្លាភាព គ្មាន​អំពើ​ហិង្សា និង​ជា​ព្រឹត្តិការណ៍​គួរ​ឱ្យ​សរសើរ​មួយ​ក្នុង​ការ​បោះឆ្នោត​ជាច្រើន​នៅ​ក្នុង​បណ្ដា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ត្រឹមត្រូវ។

សេចក្ដី​ថ្លែងការណ៍​របស់ ANFREL បាន​ហៅ​ដំណើរការ​បោះឆ្នោត​របស់​ប្រទេស​ថៃ ប្រៀប​បាន​នឹង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ការ​ប្រតិបត្តិ​សេរីភាព​របស់​ប្រជាជន​ដែល​មិន​បំបាត់​ឆន្ទៈ​របស់​ប្រជាជន​នោះ​ទេ។

លោក Rohana Hettiarachchi ប្រធាន​បេសកកម្ម​របស់​អង្គការ ANFREL បាន​ថ្លែង​នៅ​ឯ​ក្លឹប​អ្នកកាសែត​អន្តរជាតិ​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ក្រោយ​ការ​បោះឆ្នោត​មួយ​ថ្ងៃ​ថា ដំណើរការ​បោះឆ្នោត​ប្រកប​ដោយ​អហិង្សា និង​សេរី យុត្តិធម៌។ លោក​បាន​ថ្លែង​កោតសរសើរ​ដល់​ប្រជាជន អ្នក​នយោបាយ ជាពិសេស​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ថៃ ដែល​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​សកម្ម និង​ឥត​លម្អៀង។ លោក​បាន​ហៅ​ការ​ចេញ​ទៅ​បោះឆ្នោត​របស់​ប្រជាជន​ថៃ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​ទៀត​របស់​រាជាណាចក្រ​នេះ។

អង្គការ ANFREL បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ថៃ លើ​ការិយាល័យ​បោះឆ្នោត ៤៦០ នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា ហើយ​ក៏​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​រាប់​សិប​នាក់​ទៅ​កាន់​ប្រទេស​ថៃ តាំងពី​ប្រទេស​នេះ​ប្រកាស​បើក​ឱ្យ​មាន​ការ​ឃោសនា​បោះឆ្នោត​នៅ​ចុងខែ​មេសា។

ទោះជា​យ៉ាងណា ប្រធាន​បេសកកម្ម​របស់​អង្គការ ANFREL បាន​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​រលូត​ទៅ​ឱ្យ​បក្ស​ឈ្នះ​ឆ្នោត ហើយ​បក្ស​នយោបាយ​ទាំងអស់​បន្ត​គោរព​សិទ្ធិ និង​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត។

នៅ​ក្នុង​រាជាណាចក្រ​ថៃ ការ​ផ្ទេរ​អំណាច​នឹង​ចាប់ផ្ដើម​ក្រោយពី​ការ​បោះឆ្នោត​បាន​រយៈពេល ៦០​ថ្ងៃ។

អនាគត​នាយករដ្ឋមន្ត្រី​ថៃ មាន​អាយុ ៤៣​ឆ្នាំ លោក ភិថា លឹមចារឿងរ៉ាត់ មាន​អាយុ​តិច​ជាង​នាយករដ្ឋមន្ត្រី​ចាញ់​ឆ្នោត គឺ​លោក ប្រាយុទ្ធ ចាន់អូចា ដល់​ទៅ​ជិត ៣០​ឆ្នាំ។ គណបក្ស​ចលនា​ទៅ​មុខ​របស់​លោក​បាន​ឈ្នះ​ឆ្នោត​ដំណាក់កាល​ទី​១ ដោយ​ទទួល​បាន ១៥២​អាសនៈ និង​គណបក្ស​សម្ព័ន្ធភាព គឺ​បក្ស​ភឿថៃ បាន​លំដាប់​លេខ​២ ដោយ​ទទួល​បាន ១៤១​អាសនៈ។ អាសនៈ​រដ្ឋសភា​ថៃ មាន ៥០០។

ក្នុង​ពេលនេះ បក្ស​ចលនា​ទៅ​មុខ និង​បក្ស​ភឿថៃ បាន​ចងក្រង​បក្ស​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​៨ ផ្សេង​ទៀត ដោយ​សរុប​បាន​ចំនួន ៣១៣​អាសនៈ។ ប៉ុន្តែ​ក្រុម​នេះ​ត្រូវការ​សំឡេង ៣៧៦ ទើប​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន។

កាសែត​បាងកក​ប៉ុស្តិ៍ បាន​ចុះផ្សាយ​ថា ក្រុម​សមាជិក​ព្រឹទ្ធសភា​យ៉ាង​តិច​ជាង ៦០​នាក់​អាច​នឹង​បោះឆ្នោត​គាំទ្រ​លោក ភិថា ឱ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី។

លោក ភិថា លឹមចារឿងរ៉ាត់ កើត​នៅ​ក្នុង​ទីក្រុង​បាងកក។ លោកធំ​ដឹងក្ដី​នៅ​ក្នុង​ប្រទេស​នូវែលហ្សេឡង់ មុន​នឹង​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​ឯ​សាកលវិទ្យាល័យ Thammasat។

លោក ភិថា គឺជា​និស្សិត​ថៃ​ដំបូង​គេ​ដែល​ទទួល​បាន​អាហារូបករណ៍​បរទេស​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ Harvard នៅ​សហរដ្ឋ​អាមេរិក ជា​ទី​ដែល​ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​គោល​នយោបាយ​សាធារណៈ និង​ពាណិជ្ជកម្ម។ លោក​ក៏​បាន​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាស្ថាន Massachusetts Institute of Technology ដោយ​ទទួល​សញ្ញាបត្រ MBA ផង​ដែរ។

មុន​នឹង​ប្រឡូក​ចូល​ឆាក​នយោបាយ លោក ភិថា ធ្លាប់​ធ្វើ​ជា​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Grab ក្នុង​ប្រទេស​ថៃ និង​ធ្លាប់​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់​នៅ​ឯ​ក្រុមហ៊ុន Boston Consulting Group។

លោក ភិថា បាន​ចាប់​យក​អាជីព​ជា​អ្នក​នយោបាយ​នៅ​ក្រោយ​រូបលោក​ជាប់​ឆ្នោត​ជា​សមាជិក​សភា​មកពី​គណបក្ស Future Forward កាលពី​ឆ្នាំ​២០១៩។ គណបក្ស Future Forward Party ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ថាណាថន ជូរូនរូងគិត (Thanathorn Juangroongruangkit) ជា​មហាសេដ្ឋី​ម្នាក់ និង​ជា​មនុស្ស​ដែល​រិះគន់​ឥត​សំចៃ​លើ​ពួក​យោធា ប៉ុន្តែ​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​ធម្មនុញ្ញ​ថៃ នៅ​ឆ្នាំ​២០២០ ក្រោម​ហេតុផល​ថា​បក្ស​នេះ​បាន​រំលោភ​ច្បាប់​បោះឆ្នោត​ដោយសារ​ការ​ចំណាយ​លើស​ពី​ការ​កំណត់​របស់​ច្បាប់។

ប្រធាន​បក្ស​នេះ លោក Thanathorn ត្រូវ​បាន​ដកហូត​សមាជិក​សភា។ ទោះ​ជា​បក្ស Future Forward ត្រូវ​បាន​រំលាយ តែ​សមាជិក​សភា​របស់​បក្ស​នេះ​មិន​ត្រូវ​បាន​រំលាយ​ទេ ដោយ​ត្រូវ​បញ្ចូល​ក្នុង​បក្ស Move Forward ឬ​ចលនា​ទៅ​មុខ ដែល​មាន​លោក ភិថា ជា​មេដឹកនាំ។

លោក ភិថា លឹមចារឿងរ៉ាត់ និង​លោក Thanathorn គឺជា​មិត្ត​រួម​កម្លាំង​ជាមួយ​គ្នា​ក្នុង​ការ​ប្រឆាំង​ការ​ដឹកនាំ​របស់​ពួក​យោធា​ដែល​លោក ប្រាយុទ្ធ ជា​នាយករដ្ឋមន្ត្រី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស