35 C
Phnom Penh

តុលាការ​ឃុំ​ខ្លួន​លោក ថេង សាវឿន និង​សហការី​២​នាក់​ពី​បទ​ចោទ «ញុះញង់​និង​រួម​គំនិត​ក្បត់»

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ខេត្ត​រតនគិរី សម្រេច​ឃុំ​ខ្លួន​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​សហការី ២​នាក់​ទៀត​នៅ​ពន្ធនាគារ​ខេត្ត​នេះ​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» ករណី​ចុះ​ជួយ និង​បណ្ដុះបណ្ដាល​ដល់​កសិករ​ខេត្ត​រតនគិរី កាលពី​ពាក់កណ្ដាល​ខែ​ឧសភា នេះ។

ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន និង​សហការី ២​នាក់​ទៀត​ពី​សំណាក់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​រតនគិរី កាលពី​ថ្ងៃទី​២២ ឧសភា នេះ ក្រោម​ហេតុផល​ថា អ្នក​ទាំង​បី​នាក់​បាន​បំផុស​រឿង «បដិវត្តន៍​កសិករ» នៅ​ខេត្ត​រតនគិរី។

គេហទំព័រ​ហ្វេសប៊ុក​របស់​លោក ថេង សាវឿន បាន​បង្ហោះ​សារ​មួយ​នៅ​ថ្ងៃ​នេះ​ដោយ​សរសេរ​ថា មួយ​ជាតិ​នេះ​ក្រុម​របស់​លោក​ស្គាល់​គ្រប់​រសជាតិ​អស់​ហើយ ប៉ុន្តែ​ក្រុម​របស់​លោក​នៅតែ​រឹងមាំ​ជានិច្ច ព្រោះ​កិច្ចការ​ដែល​ក្រុម​របស់​លោក​ធ្វើ​រាល់​ថ្ងៃ​មិន​ដូច​អ្វី​ដែល​គេ​ចោទប្រកាន់​នោះ​ទេ។

ចំណែក​ឯ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ចាត់ទុក​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​លោក ថេង សាវឿន លោក ញ៉ិល ភាព និង​លោក ថាន់ ហាច ថា​ជា​រឿង​អយុត្តិធម៌។

CCFC អះអាង​ថា ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​កន្លងមក សមាគម​នេះ​បាន​ជួយ​ដល់​កសិករ​ច្រើន​ណាស់ ហើយ​មិន​ដែល​ធ្វើ​សកម្មភាព ឬ​ទង្វើ​ណា​មួយ​ប៉ះពាល់​ដល់​សង្គម​ជាតិ​ឡើយ។

ចំណែក​ម្ដាយ​របស់​លោក ថេង សាវឿន វិញ​បាន​យំ​រៀបរាប់​នៅ​ខាងមុខ​ក្រសួង​មហាផ្ទៃ​ថា កូន​របស់​លោកស្រី​ខិតខំ​ធ្វើ​ការងារ​ដើម្បី​ផលប្រយោជន៍​របស់​ពលរដ្ឋ ជួយ​សង្គម​ជាតិ តែ​បែរ​ជា​រដ្ឋាភិបាល​មក​ចាប់​ជំរិត​កូន​របស់​គាត់​ទាំង​មិន​មាន​កំហុស​ទៅវិញ។

លោកស្រី​បាន​ច្រានចោល​ការ​ចោទប្រកាន់​របស់​ក្រសួង​មហាផ្ទៃ និង​តុលាការ​ដែល​ចោទ​ថា​កូន​របស់​គាត់​ធ្វើ «បដិវត្តន៍​កសិករ»។ លោកស្រី​ស្នើ​ទៅ​លោក ស ខេង ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ដោះលែង​កូន​របស់​គាត់ និង​សហការី ២​នាក់​ទៀត​ដែល​កំពុង​ជាប់​ឃុំ​ជាមួយ​គ្នា បើ​មិន​ដូច្នេះ​ទេ លោកស្រី និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ផង​ដែរ សង្គម​ស៊ីវិល និង​សាធារណជន​បាន​បង្ហាញ​ភាព​ក្ដុកក្ដួល និង​ហួសចិត្ត​បន្ទាប់ពី​តុលាការ​ខេត្ត​រតនគិរី ចោទប្រកាន់ និង​ឃុំ​ខ្លួន​លោក ថេង សាវឿន និង​សហការី ២​នាក់​ទៀត​ក្រោម​ហេតុផល​ថា បំផុស «បដិវត្តន៍​កសិករ» នៅ​ខេត្ត​រតនគិរី នោះ។

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​ហ្វេសប៊ុក​ចោទ​ជា​សំណួរ​ដោយ​ភ្ជាប់​រូបភាព​ម្ដាយ​លោក ថេង សាវឿន ថា តើ​កម្ពុជា​សម្បូរ​ពលរដ្ឋ​ដែល​ក្បត់ ឬ​រួម​គំនិត​ក្បត់​ដូច​គេ​ចោទ​មែន​ដែរ​ឬ​ទេ?

ចំណែក​ពលរដ្ឋ​សហគមន៍​រងគ្រោះ​ដីធ្លី​មកពី ១៤​ខេត្ត បាន​នាំគ្នា​ឡើង​មក​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​ក្រសួង​មហាផ្ទៃ បន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​លោក ថេង សាវឿន និង​សហការី ២​នាក់​ទៀត​កាលពី​ថ្ងៃទី​១៨ ខែ​ឧសភា ដើម្បី​ទាមទារ​ឲ្យ​លោក ស ខេង ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ខេត្ត​រតនគិរី ដើម្បី​ដោះលែង​អ្នក​ទាំង ៣​នាក់​ឲ្យ​មាន​សេរីភាព​វិញ។

លើស​ពី​នេះ ក្រុម​ពលរដ្ឋ​ក៏​បាន​បន្ត​ប្ដេជ្ញា​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​រហូត​ទាល់តែ​មាន​ការ​ដោះលែង​អ្នក​ទាំង​បី ដោយ​ថា​លោក ថេង សាវឿន លោក ញ៉ិល ភាព និង​លោក ថាន់ ហាច បាន​ជួយ​ដល់​កសិករ​ជាច្រើន ដូចជា​ជួយ​ដល់​ប្រជាកសិករ​ឲ្យ​ចេះ​ចិញ្ចឹម​សត្វ ចេះ​ធ្វើ​កសិកម្ម​ដោយ​មិន​ប្រើ​ជីគីមី ជាដើម។

គិត​មក​ថ្ងៃទី​២៣ ខែ​ឧសភា នេះ ក្រុម​ប្រជាពលរដ្ឋ​ទាំង ១៤​ខេត្ត​មិន​ទាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ដោយ​ពួកគេ​អះអាង​ថា​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​រហូត​ទាល់តែ​មាន​ការ​ដោះលែង​លោក ថេង សាវឿន លោក ញ៉ិល ភាព និង​លោក ថាន់ ហាច។

លោក ថេង សាវឿន និង​សហការី ២​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​ក្រចេះ បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ហើយ​បាន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី នៅ​ថ្ងៃទី​១៨ ខែ​ឧសភា។ ការ​ឃាត់​ខ្លួន​នេះ បន្ទាប់ពី​លោក ថេង សាវឿន បាន​នាំគ្នា​ប្រជុំ​ដើម្បី​ពង្រឹង ក៏ដូចជា​កសាង​សមត្ថភាព​របស់​បុគ្គលិក និង​វិភាគ​អភិក្រម​សិទ្ធិ​ជា​មូលដ្ឋាន ដែល​ធ្វើឡើង​នៅ​ក្នុង​ខេត្ត​រតនគិរី អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​កាលពី​ថ្ងៃទី​១៣-១៤ ខែ​ឧសភា ឆ្នាំ​២០២៣៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស