តុលាការខេត្តរតនគិរី សម្រេចឃុំខ្លួនលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការី ២នាក់ទៀតនៅពន្ធនាគារខេត្តនេះពីបទ «ញុះញង់ និងរួមគំនិតក្បត់» ករណីចុះជួយ និងបណ្ដុះបណ្ដាលដល់កសិករខេត្តរតនគិរី កាលពីពាក់កណ្ដាលខែឧសភា នេះ។
ការចោទប្រកាន់ និងឃុំខ្លួនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន និងសហការី ២នាក់ទៀតពីសំណាក់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២២ ឧសភា នេះ ក្រោមហេតុផលថា អ្នកទាំងបីនាក់បានបំផុសរឿង «បដិវត្តន៍កសិករ» នៅខេត្តរតនគិរី។
គេហទំព័រហ្វេសប៊ុករបស់លោក ថេង សាវឿន បានបង្ហោះសារមួយនៅថ្ងៃនេះដោយសរសេរថា មួយជាតិនេះក្រុមរបស់លោកស្គាល់គ្រប់រសជាតិអស់ហើយ ប៉ុន្តែក្រុមរបស់លោកនៅតែរឹងមាំជានិច្ច ព្រោះកិច្ចការដែលក្រុមរបស់លោកធ្វើរាល់ថ្ងៃមិនដូចអ្វីដែលគេចោទប្រកាន់នោះទេ។
ចំណែកឯសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានចាត់ទុកការចោទប្រកាន់ និងឃុំខ្លួនលោក ថេង សាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច ថាជារឿងអយុត្តិធម៌។
CCFC អះអាងថា ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមក សមាគមនេះបានជួយដល់កសិករច្រើនណាស់ ហើយមិនដែលធ្វើសកម្មភាព ឬទង្វើណាមួយប៉ះពាល់ដល់សង្គមជាតិឡើយ។
ចំណែកម្ដាយរបស់លោក ថេង សាវឿន វិញបានយំរៀបរាប់នៅខាងមុខក្រសួងមហាផ្ទៃថា កូនរបស់លោកស្រីខិតខំធ្វើការងារដើម្បីផលប្រយោជន៍របស់ពលរដ្ឋ ជួយសង្គមជាតិ តែបែរជារដ្ឋាភិបាលមកចាប់ជំរិតកូនរបស់គាត់ទាំងមិនមានកំហុសទៅវិញ។
លោកស្រីបានច្រានចោលការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ និងតុលាការដែលចោទថាកូនរបស់គាត់ធ្វើ «បដិវត្តន៍កសិករ»។ លោកស្រីស្នើទៅលោក ស ខេង ឲ្យជួយអន្តរាគមន៍ទៅតុលាការដោះលែងកូនរបស់គាត់ និងសហការី ២នាក់ទៀតដែលកំពុងជាប់ឃុំជាមួយគ្នា បើមិនដូច្នេះទេ លោកស្រី និងប្រជាពលរដ្ឋផ្សេងទៀតមិនត្រឡប់ទៅផ្ទះវិញឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ សង្គមស៊ីវិល និងសាធារណជនបានបង្ហាញភាពក្ដុកក្ដួល និងហួសចិត្តបន្ទាប់ពីតុលាការខេត្តរតនគិរី ចោទប្រកាន់ និងឃុំខ្លួនលោក ថេង សាវឿន និងសហការី ២នាក់ទៀតក្រោមហេតុផលថា បំផុស «បដិវត្តន៍កសិករ» នៅខេត្តរតនគិរី នោះ។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានសរសេរលើហ្វេសប៊ុកចោទជាសំណួរដោយភ្ជាប់រូបភាពម្ដាយលោក ថេង សាវឿន ថា តើកម្ពុជាសម្បូរពលរដ្ឋដែលក្បត់ ឬរួមគំនិតក្បត់ដូចគេចោទមែនដែរឬទេ?
ចំណែកពលរដ្ឋសហគមន៍រងគ្រោះដីធ្លីមកពី ១៤ខេត្ត បាននាំគ្នាឡើងមកប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខក្រសួងមហាផ្ទៃ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនលោក ថេង សាវឿន និងសហការី ២នាក់ទៀតកាលពីថ្ងៃទី១៨ ខែឧសភា ដើម្បីទាមទារឲ្យលោក ស ខេង ជួយអន្តរាគមន៍ទៅតុលាការខេត្តរតនគិរី ដើម្បីដោះលែងអ្នកទាំង ៣នាក់ឲ្យមានសេរីភាពវិញ។
លើសពីនេះ ក្រុមពលរដ្ឋក៏បានបន្តប្ដេជ្ញាស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលរហូតទាល់តែមានការដោះលែងអ្នកទាំងបី ដោយថាលោក ថេង សាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច បានជួយដល់កសិករជាច្រើន ដូចជាជួយដល់ប្រជាកសិករឲ្យចេះចិញ្ចឹមសត្វ ចេះធ្វើកសិកម្មដោយមិនប្រើជីគីមី ជាដើម។
គិតមកថ្ងៃទី២៣ ខែឧសភា នេះ ក្រុមប្រជាពលរដ្ឋទាំង ១៤ខេត្តមិនទាន់ត្រឡប់ទៅផ្ទះវិញឡើយ ដោយពួកគេអះអាងថានឹងបន្តធ្វើយុទ្ធនាការរហូតទាល់តែមានការដោះលែងលោក ថេង សាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច។
លោក ថេង សាវឿន និងសហការី ២នាក់ត្រូវសមត្ថកិច្ចខេត្តក្រចេះ បានឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែឧសភា ហើយបានបញ្ជូនទៅស្នងការនគរបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែឧសភា។ ការឃាត់ខ្លួននេះ បន្ទាប់ពីលោក ថេង សាវឿន បាននាំគ្នាប្រជុំដើម្បីពង្រឹង ក៏ដូចជាកសាងសមត្ថភាពរបស់បុគ្គលិក និងវិភាគអភិក្រមសិទ្ធិជាមូលដ្ឋាន ដែលធ្វើឡើងនៅក្នុងខេត្តរតនគិរី អំឡុងពេលធ្វើដំណើរកម្សាន្តកាលពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣៕