32.9 C
Phnom Penh

ក្រសួង​ការបរទេស​អាមេរិក​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ដែល​មិន​ឱ្យ​បក្ស​ភ្លើង​ទៀន​ចូលរួម​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើប​តែ​ព្រមាន​រដ្ឋ​បរទេស​មិន​ឲ្យ​លូក​ដៃ​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​មុខ​មក​ថ្កោលទោស​ជា​ថ្មី​ទាក់ទង​ទៅ​នឹង​សំណុំរឿង​បិទ​ផ្លូវ​មិន​ឲ្យ​គណបក្ស​ភ្លើង​ទៀន មាន​ឱកាស​ចូលរួម​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាងមុខ ថា​ជា​ទង្វើ​ដែល​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះឆ្នោត។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Matthew Miller ស្ដីពី​ទង្វើ​ដែល​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​បាន​ចេញ​នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​មាន​កង្វល់​ខ្លាំង​ដែល​អាជ្ញាធរ​កម្ពុជា​ធ្វើការ​ហាមប្រាម​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាងគេ​មិន​ឲ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣។

សេចក្តី​ថ្លែងការណ៍​ដដែល​ថា បណ្តឹង​បែប​ប្រឌិត ការ​គំរាមកំហែង ការ​យាយី និង​បទ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង សារព័ត៌មាន​ឯករាជ្យ និង​សង្គម​ស៊ីវិល បាន​បំផ្លាញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ដែល​ធ្វើ​ជាមួយ​អន្តរជាតិ ក្នុង​ការ​រីកចម្រើន​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពហុបក្ស។

សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​លើកឡើង​ថា អាមេរិក​មិន​មាន​គម្រោង​បញ្ជូន​មន្ត្រី​មក​សង្កេតការណ៍​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា នេះ​ទេ ដោយសារ​អ្នកជំនាញ​ឯករាជ្យ​កម្ពុជា និង​អ្នកជំនាញ​អន្តរជាតិ​ជាច្រើន​វាយ​តម្លៃ​ថា គ្មាន​ភាព​សេរី និង​យុត្តិធម៌។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃទី​២៣ លោក ហ៊ុន សែន បាន​ព្រមាន​អង្គទូត​លោក​សេរី​ឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​មិន​ត្រូវ​បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចាប់ពី​ពេលនេះ​រហូត​ដល់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា ខាងមុខ។

លោក​នាយករដ្ឋមន្ត្រី​ថា ការ​គាប​សង្កត់​កម្ពុជា គឺ​ដូចជា​ការ​គាប​សង្កត់​អាស៊ាន​អ៊ីចឹង​ដែរ ព្រោះ​កម្ពុជា​មាន​សិទ្ធិ​វេតូ និង​ជំទាស់​រាល់​សេចក្ដី​សម្រេច​ណា​មួយ​ដែល​កម្ពុជា​យល់​ថា​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណា​មួយ។

ក្រៅពី​ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ឧសភា អ្នកជំនាញ​អង្គការ​សហប្រជាជាតិ (UN) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ពី​ទីក្រុង​ហ្សឺណែវ ដោយ​បាន​កត់សម្គាល់​ថា ចំពោះ​ការ​សម្រេច​ដោយ គ.ជ.ប មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​ចូលរួម​ការ​បោះឆ្នោត គឺ គ.ជ.ប ហាក់ដូចជា​មាន​ការ​រើសអើង​ប្រឆាំង​នឹង​គណបក្ស​នយោបាយ​សំខាន់​មួយ ឬ​ច្រើន​របស់​កម្ពុជា។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily ថា គណបក្ស​ភ្លើង​ទៀន​មាន​ចំណុច​ខ្សោយ​ធំៗ​មួយ​ចំនួន​ដែល​មិន​អាច​ឲ្យ​បក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​បាន និង​មិន​អាច​ប្រមូល​កម្លាំង​តវ៉ា​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ទេ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លើកឡើង​ថា កំហុស​ទី​១ បក្ស​ភ្លើង​ទៀន គឺ​មិន​បាន​ផ្ទេរ​ឈ្មោះ​ក្នុង​លិខិត​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មក​លោក ទាវ វណ្ណុល។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា បើ​ឈ្មោះ​បញ្ជាក់​ម្ចាស់​កម្មសិទ្ធិ​នៅ​លើ​លិខិត​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ នៅតែ​ជា​ឈ្មោះ​របស់​លោក សម រង្ស៊ី ដែល​កំពុង​មាន​ទោស​ទណ្ឌ​តាម​ផ្លូវ​តុលាការ​នៅ​ពេលនេះ គឺ​មាន​ន័យ​ថា គណបក្ស​ភ្លើង​ទៀន​នឹង​ប្រឈម​នឹង​ផ្លូវ​ច្បាប់​នៅ​ពេល​ដែល​គេ​សើរើ​លើក​ករណី​នេះ។

អតីត​អ្នកទោស​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ចំណែកឯ​ការ​ប្រកាស​ប្រមូល​មនុស្ស​តវ៉ា​ជំទាស់​នឹង​ក្រុមប្រឹក្សា​ធម្មនុញ្ញ គ្មាន​សង្ឃឹម​ថា​នឹង​អាច​ទៅ​រួច​ទេ ព្រោះ​លោក រ៉ុង ឈុន កំពុង​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​នៅឡើយ ខណៈ​មន្ត្រី​បក្ស​ភ្លើង​ទៀន​ខ្លះ​ទៀត​កំពុង​ជាប់​បណ្តឹង​ថែម​ទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចុះ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​ចុះបញ្ជី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ដោយសារ​ខុស​នឹង​គតិ​ច្បាប់។

សេចក្ដី​សម្រេច​បដិសេធ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ ក៏​បាន​បិទ​ផ្លូវ​តវ៉ា​ផង​ដែរ។ ដូច្នេះ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ មិន​មាន​វត្តមាន​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួតប្រជែង​ឡើយ។

បើ​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ គ.ជ.ប សម្រាប់​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​មាន​ចំនួន ១៨​គណបក្ស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស