36 C
Phnom Penh

ក្រសួង​សុខាភិបាល​បិទ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​មួយ​កន្លែង​ទៀត​បន្ទាប់ពី​ធ្វើ​ឱ្យ​អ្នកជំងឺ​ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល បាន​សម្រេច​បិទ និង​ដកហូត​សេចក្ដី​សម្រេច​ឲ្យ​បើក​មជ្ឈមណ្ឌល​កែ​សម្ផស្ស «បុរិន្ទ​កោះពេជ្រ» ដោយសារ​មជ្ឈមណ្ឌល​នេះ​ខ្វះ​ការ​តាមដាន និង​បច្ចេកទេស​ក្នុង​ការ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ ដែល​បណ្ដាល​ឲ្យ​អ្នកជំងឺ​គ្រោះថ្នាក់​ដល់​អាយុជីវិត។

នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​បិទ និង​ដកហូត​សេចក្ដី​សម្រេច​ឲ្យ​បើក​មជ្ឈមណ្ឌល​កែ​សម្ផស្ស បុរិន្ទ​កោះពេជ្រ ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ S១៩ ផ្លូវ​អេលីត សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ គឺ​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​នេះ​តទៅ។

កាលពី​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៣ កន្លងទៅ ក្រសួង​សុខាភិបាល បាន​ប្រកាស​បិទ និង​ដកហូត​លិខិត​អនុញ្ញាត​ឲ្យ​បើក​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឯកជន​ឈ្មោះ «អី​២៥ ប៊ីយូធី» ដែល​មាន​ទីតាំង​ស្ថិត​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ដោយ​លោក​វេជ្ជបណ្ឌិត ភោគ ចន្ធី ជា​អ្នក​ទទួល​ខុសត្រូវ។

បើ​តាម​ក្រសួង​បាន​ឲ្យ​ដឹង​ថា ការ​បិទ និង​ដកហូត​នេះ ដោយសារ​បុគ្គលិក​គ្មាន​គុណវុឌ្ឍិ និង​គ្មាន​ជំនាញ​វិជ្ជាជីវៈ​សុខាភិបាល ដែល​បណ្តាល​ស្ត្រី​វ័យ ៤១​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​អំឡុង​ពេល​វះកាត់​នៅ​មជ្ឈមណ្ឌល​នោះ។

ចាប់តាំងពី​ខែ​មីនា ដល់​ខែ​ឧសភា ឆ្នាំ​២០២៣ នេះ ស្ត្រី​ដែល​ស្លាប់​ដោយសារ​មជ្ឈមណ្ឌល​កែ​សម្ផស្ស មិន​មាន​ជំនាញ​ច្បាស់លាស់​ដែល​ត្រូវ​បាន​អនុញ្ញាត​បើក​ពី​ក្រសួង​សុខាភិបាល​កម្ពុជា​មាន​ចំនួន ២​នាក់។

ក្រោយពី​មាន​ករណី​នេះ​កើតឡើង លោក ហ៊ុន សែន បាន​អំពាវនាវ​ទៅ​ស្ត្រី​ទាំងអស់​កុំ​ខំប្រឹង​កែ​សម្ផស្ស​ពេក ដោយ​ថា​បើ​ទេវតា​ផ្តល់​ឲ្យ​ប៉ុនណា គឺ​យក​ប៉ុណ្ណឹង​ទៅ។ លោក ហ៊ុន សែន អះអាង​ថា ការ​កែ​សម្ផស្ស​នេះ ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។

ក្រៅពី​ប្រកាស​បិទ និង​ដកហូត​លិខិត​អនុញ្ញាត​ឲ្យ​បើក​មជ្ឈមណ្ឌល​កែ​សម្ផស្ស​នោះ មក​ដល់​ពេលនេះ ក្រសួង​សុខាភិបាល​មិន​ទាន់​ចាត់​វិធានការ​ច្បាប់​លើ​ម្ចាស់​មជ្ឈមណ្ឌល​នេះ​បែប​ណា​នៅឡើយ​ទេ ខណៈ​លោក ហ៊ុន សែន បាន​អំពាវនាវ​ដោយ​ដាក់​បន្ទុក​លើ​ស្ត្រី​ដែល​ជា​អ្នក​ទៅ​កែ​សម្ផស្ស​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស