គណៈកម្មាធិការបោះឆ្នោតរបស់រាជាណាចក្រថៃ ប្រកាសជាផ្លូវការអំពីជ័យជម្នះរបស់គណបក្សប្រឆាំង ចលនាឆ្ពោះទៅមុខ ដែលដណ្ដើមអាសនៈបានច្រើនជាងគេនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១៤ ឧសភា។
យោងតាមសារព័ត៌មាន The Star នៃប្រទេសម៉ាឡេស៊ី គណៈកម្មាធិការបោះឆ្នោតនៃប្រទេសថៃ កាលពីថ្ងៃទី២៥ ឧសភា បានទទួលស្គាល់អាសនៈរបស់គណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ដែលឈ្នះបានអាសនៈ១៥១ ហើយក៏ទទួលស្គាល់ផងដែរគណបក្សប្រឆាំងធំមួយទៀត គឺបក្សភឿថៃ ដែលបានអាសនៈ១៤១។
ជាមួយគ្នានេះ ស្ថាប័នបោះឆ្នោតរបស់រាជាណាចក្រនៅអាស៊ីអាគ្នេយ៍មួយនេះ ក៏បានទទួលស្គាល់បក្សជាច្រើនទៀត ដូចជាបក្សភូមិឆៃថៃ បាន ៧១អាសនៈ បក្សប៉ាល្ល័ងប្រាចារ៉ាត់ បាន ៤០អាសនៈ បក្សថៃរួបរួមជាតិរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា បាន ៣៦អាសនៈ បក្សប្រជាធិបតេយ្យ បាន ២៥អាសនៈ ហើយក៏ទទួលស្គាល់អាសនៈរបស់បក្សចំនួន ៦ ទៀត ដែលបានអាសនៈនៅក្នុងរដ្ឋសភា។ រដ្ឋសភារបស់រាជាណាចក្រថៃ មាន ៥០០អាសនៈ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការបោះឆ្នោតថៃ សមាជិកសភាជាប់ឆ្នោតទាំងអស់នឹងស្នើឱ្យមកអង្គុយក្នុងរដ្ឋសភានៅថ្ងៃទី១៣ កក្កដា ដើម្បីទទួលយកសុពលភាពរបស់ខ្លួនជាអ្នកតំណាងរាស្ត្រ ហើយនឹងធ្វើការកំណត់ដើម្បីជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីឈានទៅដល់ការបង្កើតគណៈរដ្ឋមន្ត្រីថ្មី។
ក្រុមចម្រុះបក្សលម្អៀងទៅរកប្រជាធិបតេយ្យដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ បានប្រកាសបង្កើតរដ្ឋាភិបាលរួបរួម ដែលលោក ភិថា លឹមចារឿងរ៉ាត់ ជាបេក្ខជននាយករដ្ឋមន្ត្រី ព្រោះលោកជាមេដឹកនាំរបស់បក្សឈ្នះឆ្នោតសភាច្រើនជាងគេមកពីបក្សចលនាឆ្ពោះទៅមុខ។ តាមការបូកបញ្ចូលគ្នានៃអាសនៈរបស់រដ្ឋសភា ក្រុមចម្រុះនេះមានអាសនៈ៣១២ តែចំនួនអាសនៈត្រឹមប៉ុននេះមិនអាចឱ្យក្រុមនេះមានលទ្ធភាពពេញលេញទៅបង្កើតរដ្ឋាភិបាលបានទេ ដោយត្រូវការសំឡេង ៣៧៦អាសនៈ។ នេះបើយោងតាមរដ្ឋធម្មនុញ្ញថៃ ឆ្នាំ២០១៧។
យោងតាមច្បាប់កំពូលដែលពួកយោធាតាក់តែងឡើង មានន័យថា ក្រុមចម្រុះរបស់បក្សចលនាឆ្ពោះទៅមុខ ចាំបាច់ត្រូវការសំឡេងគាំទ្រចេញពីសមាជិកព្រឹទ្ធសភា ២៥០រូប ដើម្បីជួយបង្គ្រប់ឱ្យបាន ៣៧៦សំឡេង។
តាមកាសែតបាងកកប៉ុស្តិ៍ គណបក្សចលនាឆ្ពោះទៅមុខ (Move Forward) កំពុងតែបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាផង និងដាក់គំនាបផងឱ្យយល់ព្រមបោះឆ្នោតគាំទ្រលោក ភិថា លឹមចារឿងរ៉ាត់ ជានាយករដ្ឋមន្ត្រី។ មកដល់ពេលនេះ មានសមាជិកព្រឹទ្ធសភា ១៩រូបចេញមុខជាចំហគាំទ្រលោក ភិថា។
ក្រុមចម្រុះដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ ក្នុងពេលបច្ចុប្បន្ន រួមមានគណបក្ស Pheu Thai បក្ស Prachachat បក្ស Thai Liberal បក្ស Thai Sang Thai បក្សយុត្តិធម៌ បក្ស Plung Sungkom Mai និងគណបក្ស Pue Thai Rumphlang។
នៅក្នុងរដ្ឋាភិបាលចម្រុះនេះមាន ១៦ក្រសួង។ គណបក្សចលនាឆ្ពោះទៅមុខរបស់លោក ភិថា ត្រូវកាន់កាប់ ១០ក្រសួង ក្នុងនោះមានក្រសួងការពារជាតិ ក្រសួងការបរទេស និងក្រសួងសេដ្ឋកិច្ច។ ចំណែកគណបក្សភឿថៃ កាន់កាប់ ៦ក្រសួង។ តាមច្បាប់បោះឆ្នោតនៅប្រទេសថៃ ៦០ថ្ងៃក្រោយការបោះឆ្នោត ត្រូវតែមានរដ្ឋាភិបាលថ្មី។
នាយករដ្ឋមន្ត្រីចាំផ្ទះសន្យាផ្ទេរអំណាចទៅបក្សឈ្នះឆ្នោត៖
យ៉ាងណា អតីតមេរដ្ឋប្រហារយោធានៅឆ្នាំ២០១៤ ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា លោកត្រូវគោរពតាមស្មារតីប្រជាធិបតេយ្យ និងឆន្ទៈរបស់ប្រជាជនចំពោះលទ្ធផលនៃការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ ទី១៤ ឧសភា។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ លោក ប្រាយុទ្ធ បានបញ្ជាក់ថា ខណៈប្រទេសកំពុងឆ្ពោះទៅមុខ លោកនឹងបន្តធ្វើការដើម្បីសន្តិសុខជូនប្រជាជន ដោយរង់ចាំរដ្ឋាភិបាលថ្មីឡើងមកកាន់អំណាច។
លោកបញ្ជាក់ថា សម្រាប់ខ្លួនលោកផ្ទាល់ មិនមានបញ្ហាអ្វីនោះទេជាមួយគ្រប់ភាគីទាំងអស់ ព្រោះលោកត្រូវគោរពតាមនីតិវិធីប្រជាធិបតេយ្យដែលកំពុងដំណើរការ។
លោក ប្រាយុទ្ធ ប្រកាសថា លោកសូមចេញមុខធានាពីការផ្ទេរអំណាចដោយសន្តិវិធីពីរដ្ឋាភិបាលចាំផ្ទះរបស់លោកទៅឱ្យរដ្ឋាភិបាលថ្មី។
ដំណើរការបោះឆ្នោតសភាថៃ ដើរលើគន្លងប្រជាធិបតេយ្យដ៏គួរឱ្យសរសើរ៖
អង្គការបណ្ដាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី ហៅកាត់ថា ANFREL ដែលបញ្ជូនភ្នាក់ងារ និងអ្នកជំនាញកិច្ចការបោះឆ្នោតទៅអង្កេតការណ៍បោះឆ្នោតនៅប្រទេសថៃ បានហៅដំណើរការបោះឆ្នោតនៅថៃ ថាជាផ្ទាំងប្រជាធិបតេយ្យដ៏ស្រស់បំព្រងនៃតំបន់អាស៊ីអាគ្នេយ៍។
អង្គការបណ្ដាញអាស៊ីដើម្បីបោះឆ្នោតដោយសេរីនេះ គឺជាក្រុមឃ្លាំមើលការបោះឆ្នោតឯករាជ្យមួយនៅអាស៊ី បានចេញសេចក្ដីថ្លែងការណ៍ដោយពណ៌នាដំណើរការបោះឆ្នោតនៅថៃ ថាប្រកបដោយតម្លាភាព គ្មានហិង្សា និងជាព្រឹត្តិការណ៍គួរឱ្យសរសើរមួយក្នុងការបោះឆ្នោតជាច្រើននៅបណ្ដាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យត្រឹមត្រូវ។ សេចក្ដីថ្លែងការណ៍របស់ ANFREL បានហៅដំណើរការបោះឆ្នោតរបស់ប្រទេសថៃ ប្រៀបបាននឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការប្រតិបត្តិសេរីភាពរបស់ប្រជាជនដែលមិនបានបំបាត់ឆន្ទៈ និងសំឡេងរបស់ប្រជាជននោះទេ។
លោក Rohana Hettiarachchi ប្រធានបេសកកម្មរបស់អង្គការ ANFREL បានថ្លែងថា ដំណើរការបោះឆ្នោតប្រកបដោយអហិង្សា និងសេរី យុត្តិធម៌។ លោកបានថ្លែងកោតសរសើរដល់ប្រជាជន អ្នកនយោបាយ ជាពិសេសស្ថាប័នរៀបចំការបោះឆ្នោតថៃ ដែលបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម និងឥតលម្អៀង។ លោកបានហៅការចេញទៅបោះឆ្នោតរបស់ប្រជាជនថៃ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីទៀតរបស់រាជាណាចក្រនេះ។
នៅក្នុងការឃោសនាបោះឆ្នោត និងការបោះឆ្នោត មិនមានការលេចចេញនូវបាតុភូតមិនប្រក្រតីកើតឡើងនោះទេ ទាំងហិង្សានយោបាយ និងការបន្លំសន្លឹកឆ្នោត ឬការចែកអំណោយទិញទឹកចិត្តអ្នកបោះឆ្នោត។
ការបោះឆ្នោតសភារបស់រាជាណាចក្រថៃ បានក្លាយជាផ្ទាំងប្រជាធិបតេយ្យដ៏ស្រស់បំព្រងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្ថិតក្រោមក្រសែភ្នែករបស់អ្នកសង្កេតការណ៍អន្តរជាតិ ដោយចាត់ទុកជាព្រឹត្តិការណ៍អច្ឆរិយនៃប្រទេសមួយនៃដងទន្លេមេគង្គ។ ប្រជាជនថៃ ដែលបានទៅបោះឆ្នោត និងប្រជាជនដែលខកខានការបោះឆ្នោត ពួកគេមិនបានបារម្ភពីការលួចទិន្នន័យ ឬបន្លំសន្លឹកឆ្នោតឡើយ។ ក្រោយពីបោះឆ្នោតហើយ ពួកគេប្រមូលផ្ដុំគ្នាតាមដងវិថី និងទីសាធារណៈ ដើម្បីមើលទិដ្ឋភាពនៃការបញ្ចាំងផ្ទាល់ពីការរាប់សន្លឹកឆ្នោត គឺដូចប្រទេសកម្ពុជាបញ្ចាំងផ្ទាល់ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាដែលទើបបិទបញ្ចប់កាលពីថ្ងៃទី១៧ ឧសភា។
ប្រជាជនថៃ មិនចាំបាច់ដេកយាមហិបឆ្នោត សន្លឹកឆ្នោតរបស់ពួកគេនោះទេ ព្រោះតែស្ថាប័នបោះឆ្នោតរបស់រាជាណាចក្រមួយនេះមិនស្ថិតនៅក្រោមឥទ្ធិពលរបស់បក្សយោធា ឬបក្សនយោបាយណាមួយឡើយ។ ស្ថាប័ននេះគ្មានលម្អៀង ហើយក៏ពុំជួយច្នៃប្រឌិតហេតុការណ៍ណាមួយនាំឱ្យមានការសង្ស័យពីការជួយបំពេញបន្ថែមទៅតាមមហិច្ឆតារបស់បក្សកាន់អំណាចឡើយ។
មន្ត្រីកំពូលៗរបស់ស្ថាប័នបោះឆ្នោតប្រទេសថៃ ក៏មិនជាប់ពាក់ព័ន្ធជាមួយបក្សនយោបាយ ឬបក្សរបស់ពួកយោធានោះដែរ។ ពួកគេបំពេញតាមវិជ្ជាជីវៈ និងតួនាទីឯករាជ្យរបស់ខ្លួនដោយមិនផ្គាប់ចិត្ត ឬក្រោមខ្សែញាក់ ឬក្រោមឥទ្ធិពលរបស់អ្នកមានអំណាចឡើយ៕