37.6 C
Phnom Penh

ក្រុម​ឃ្លាំមើល​ថា​ជំនួប​លោក ហ៊ុន សែន និង​ប្រធានាធិបតី​អ៊ុយក្រែន​ជា​នយោបាយ​ការទូត​បង្កើន​មិត្ត បន្ថយ​សត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​អះអាង​ថា ជំនួប​រវាង​លោក ហ៊ុន សែន ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី មិន​មាន​អ្វី​ជា​អាថ៌កំបាំង​ទេ គ្រាន់តែ​ជា​នយោបាយ​ការទូត​របស់​មេដឹកនាំ​អ៊ុយក្រែន បង្កើន​មិត្ត ហើយ​កាត់បន្ថយ​សត្រូវ​នៅ​ពេល​ដែល​ខ្លួន​កំពុង​មាន​សង្គ្រាម​ប៉ុណ្ណោះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ ឧសភា នេះ​ថា អ្វី​ដែល​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ចង់​បាន​គឺ​ជំហរ​របស់​កម្ពុជា​នៅតែ​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​នានា ដើម្បី​ប្រឆាំង​រុស្ស៊ី ប៉ុណ្ណោះ។

លោក គឹម សុខ បញ្ជាក់​ថា ភាព​ឆ្លាតវៃ​របស់​ប្រធានាធិបតី​អ៊ុយក្រែន គឺ​អាច​ឲ្យ​កម្ពុជា និង​ចិន ដែល​ជា​មិត្ត​របស់​រុស្ស៊ី អនុញ្ញាត​ឲ្យ​អ៊ុយក្រែន ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ និង​ការ​គាំទ្រ​របស់​កម្ពុជា​ចំពោះ​សំណើ​របស់​អ៊ុយក្រែន ដែល​សុំ​ចូល​ជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន​នា​ពេលនេះ ដែល​មាន​ន័យ​ថា កិច្ចការ​ធំៗ​ផ្ទៃក្នុង​មួយ​ចំនួន​របស់​អាស៊ាន​លាក់លៀម​អ៊ុយក្រែន​លែង​បាន​តទៅ​ហើយ ហើយ​ក៏​ជា​អ្វី​ដែល​លោក ហ្សេឡេនស្គី ចង់​បាន​ដែរ ដូច្នេះ​ការ​ប្រើ​នយោបាយ​ការទូត​ដោយ​ភាព​ទន់ភ្លន់​ចំពោះ​កម្ពុជា គឺជា​រឿង​ចៀស​មិន​ផុត​នោះ​ទេ។

កាលពី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (VOLODYMYR ZELENSKYY) តាម​ទូរសព្ទ​ជា​លើក​ទី​២ បន្ទាប់ពី​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា​ជា​លើកដំបូង​តាម​ទូរសព្ទ​កាលពី​ចុង​ឆ្នាំ​២០២២ កន្លងទៅ ហើយ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរសព្ទ​នៅ​ពេលនេះ លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ពី​ការ​បន្ត​គាំទ្រ​សំណើ​របស់​អ៊ុយក្រែន ចូល​ជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន​ផង​ដែរ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ខាង​លើ​បញ្ជាក់​ថា ក្នុង​ជំនួប​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​គោរព និង​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​ជានិច្ច ក្នុង​នោះ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​សង្កត់​ធ្ងន់​អំពី​មធ្យោបាយ​ជាក់ស្តែង​ដើម្បី​បញ្ចប់​សង្គ្រាម​របស់​អ៊ុយក្រែន​ថែម​ទៀត។

កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​តាម​ទូរសព្ទ​ជាមួយ​លោក Volodymyr Zelenskyy ម្តង​រួច​មក​ហើយ ដោយ​បញ្ជាក់​ជំហរ​ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ ប្រឆាំង​នឹង​ការ​ឈ្លានពាន ការ​គំរាម ឬ​ការ​ប្រើប្រាស់​កម្លាំង​លើ​អធិបតេយ្យភាព បូរណភាព​ដែនដី​របស់​រដ្ឋ​ឯករាជ្យ និង​មិន​គាំទ្រ​ដល់​ការ​បំបែក​រដ្ឋ ឬ​ការ​ទន្ទ្រាន​យក​ទឹកដី​ពី​ប្រទេស​ដទៃ​ឡើយ ហើយ​កម្ពុជា​ក៏​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដើម្បី​ជំរុញ​ឱ្យ​រុស្ស៊ី បញ្ឈប់​ការ​ឈ្លានពាន និង​ដក​ទ័ព​ចេញពី​អ៊ុយក្រែន ប៉ុន្តែ​នៅ​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២២ កម្ពុជា​ក៏​បាន​បោះឆ្នោត​អនុប្បវាទ​ជាមួយ​ប្រទេស ៥៨ ផ្សេង​ទៀត ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដើម្បី​ព្យួរ​ប្រទេស​រុស្ស៊ី ពី​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទៅ​វិញ។

មាត្រា​២ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ចែង​ថា ក្នុង​កិច្ច​ប្រាស្រ័យ​ទាក់ទង​អន្តរជាតិ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ត្រូវ​ចៀសវាង​ការ​ពឹង​ផ្អែក​លើ​ការ​គំរាមកំហែង​តាម​របៀប​ណា​មួយ​ពី​សមាជិក​ដទៃ​ដែល​មិន​ស្រប​នឹង​វត្ថុបំណង​នៃ​អង្គការ​សហប្រជាជាតិ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ដើម្បី​ប្រយោជន៍​ជាតិ​ខ្មែរ​ទាំងមូល លោក ហ៊ុន សែន គួរ​រៀនសូត្រ​ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ដោយ​ស្មោះត្រង់ ព្រោះ​ថា​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​ពិត​ជា​មាន​ឧត្តមគតិ​ជាតិ​ខ្ពស់​ណាស់​សម្រាប់​ជាតិ​មាតុភូមិ​របស់​គេ ដែល​ធ្វើ​ឲ្យ​ពិភពលោក​គោរព​ស្ញប់ស្ញែង​គ្រប់ៗ​គ្នា មិនមែន​ដូច​លោក ហ៊ុន សែន ដែល​ចេះ​តែ​ប្រើ​អំណាច​ហួងហែង គំរាម សម្លុត បំភិតបំភ័យ​ប្រជារាស្ត្រ​ខ្មែរ ធ្វើ​ឲ្យ​ពិភពលោក​ធុញទ្រាន់​ដូច​សព្វថ្ងៃ​នេះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស