សមាគមឧកញ៉ាកម្ពុជាទាមទារឲ្យអ្នកមានគោរមងារឧកញ៉ាចុះឈ្មោះ និងផ្ដល់អាសយដ្ឋានដល់សមាគម ដោយថារហូតមកដល់ពេលនេះ អ្នកដែលមានគោរមងារឧកញ៉ាទាំងនោះមិនទាន់បង្ហាញអាសយដ្ឋានរបស់ខ្លួននៅឡើយទេ។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា លោក ហ៊ុន ឡាក់ លើកឡើងថា ការដែលសមាគមឧកញ៉ាកម្ពុជាទាមទារបែបនេះ គឺដើម្បីផ្ដល់នូវភាពងាយស្រួលក្នុងការចូលរួមក្នុងពិធី។ ដូច្នេះ អ្នកមានគោរមងារជាឧកញ៉ាមួយចំនួនដែលមិនទាន់ឲ្យសមាគមឧកញ៉ាកម្ពុជាស្គាល់អាសយដ្ឋាននោះ ត្រូវតែផ្ដល់អាសយដ្ឋានរបស់ខ្លួនដល់សមាគម ដោយទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬស្កែនចូលរួមតាម QR Code។
ចំណែកឧកញ៉ាដែលបានចុះឈ្មោះចូលរួមពិធីរួចហើយ ត្រូវចាត់បុគ្គលិក ឬជំនួយការទៅទទួលយកនូវលិខិតអញ្ជើញផ្លូវការ និងកាតសម្រាប់ពាក់ ដើម្បីចូលរួមពិធីនៅអគ្គលេខាធិការដ្ឋានសមាគមឧកញ៉ាកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងមួយដោយទទួលស្គាល់សមាគមឧកញ៉ាកម្ពុជា។

បើតាមទីស្ដីការគណៈរដ្ឋមន្ត្រីបញ្ជាក់ពីលក្ខខណ្ឌក្នុងលិខិតរបស់ខ្លួនថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគនានានៅកម្ពុជា ដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធានកិត្តិយសនៅពេលនេះ។
សមាគមឧកញ៉ាកម្ពុជាដែលទើបបង្កើតឡើងថ្មីៗនេះ គឺមានលោក លី យ៉ុងផាត់ ជាប្រធានសមាគម។ លោក លី យ៉ុងផាត់ គឺជាឧកញ៉ាដែលល្បីល្បាញខាងការរកស៊ីឈើខុសច្បាប់ និងរំលោភដីធ្លីរបស់ពលរដ្ឋនៅខេត្តកោះកុង ដែលមានរហស្សនាមថា ស្តេចកោះកុង (King of Koh Kong) បន្ទាប់ពីទទួលបានងារជាអ្នកឧកញ៉ាកាលពីចុងឆ្នាំ១៩៩៨។
ក្រុមអ្នកសង្កេតការណ៍និយាយថា ការប្រើប្រាស់ឥទ្ធិពលដោយគ្មានការទប់ស្កាត់នេះ បន្ទាប់ពីឧកញ៉ា លី យ៉ុងផាត់ បានជួយឧបត្ថម្ភថវិកាដល់លោក ហ៊ុន សែន រាប់លានដុល្លារ ដោយថវិកាទាំងនោះបានមកពីការបំផ្លាញធនធានធម្មជាតិ និងការរំលោភដីធ្លីរបស់ពលរដ្ឋ។
ក្រោយទទួលគោរមងារជាឧកញ៉ា និងទទួលបានការពេញចិត្តពេញថ្លើមពីក្រុមគ្រួសារលោក ហ៊ុន សែន ហើយ ឧកញ៉ា លី យ៉ុងផាត់ បានប្រើឥទ្ធិពលរបស់ខ្លួនបញ្ជូនកម្លាំងកងរាជអាវុធហត្ថទៅទន្ទ្រានឈូសឆាយយកដីធ្លីរបស់ពលរដ្ឋខ្មែរ រួចដុតផលដំណាំ និងបណ្តេញអ្នកភូមិចេញពីផ្ទះសម្បែងទាំងបង្ខំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕