27.5 C
Phnom Penh

ក្រុង​មូស្គូ​រង​ការ​វាយប្រហារ​ដោយ​ដ្រូន​ដែល​មើល​ទៅ​ជា​ការ​សងសឹក​ពី​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគារ​មួយ​ចំនួន​នៅ​ទីក្រុង​មូស្គូ រង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​យ៉ាងតិច ៨​គ្រឿង ខណៈ​ប៉ុន្មាន​គ្រឿង​ទៀត​ត្រូវ​បាន​បាញ់​កម្ទេច អំឡុង​កំពុង​ហោះហើរ​ឆ្ពោះ​ទៅ​រដ្ឋធានី​របស់​រុស្ស៊ី​មួយ​នេះ។

ក្រុម​មន្ត្រី​នៃ​ប្រទេស​រុស្ស៊ី បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​៣០ ឧសភា នេះ​ថា យន្តហោះ​ដ្រូន​បាន​ហោះ​ធ្វើការ​វាយប្រហារ​ពី​លើ​អគារ​មួយ​ចំនួន​នៅ​ទីក្រុង​មូស្គូ បង្ក​ឱ្យ​មាន​ការ​ខូចខាត​តិចតួច​ប៉ុណ្ណោះ ដោយ​ពុំ​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​ឡើយ។ នេះ​ជា​ការ​បញ្ជាក់​របស់​អភិបាល​ក្រុង​មូស្គូ លោក Sergei Sobyanin ដែល​ស្រង់​មក​ចុះផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អង់គ្លេស​មួយ​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា។

អភិបាល​ក្រុង​មូស្គូ រូប​នេះ​បាន​និយាយ​ថា អគារ ២​ខ្នង​ដែល​រង​ការ​ខូចខាត​ក្នុង​ការ​វាយប្រហារ ត្រូវ​បាន​ជម្លៀស​មនុស្ស​ចេញ។

ស្រប​ពេល​នេះ​ដែរ លោក Andrei Vorobyov អភិបាល​តំបន់​មូស្គូ បាន​ឱ្យ​ដឹង​ថា យន្តហោះ​ដ្រូន​ចំនួន ៨​គ្រឿង ត្រូវ​បាន​បាញ់​កម្ទេច​នៅ​ពេល​ដែល​ពួកវា​កំពុង​ហោះ​លើ​ទីក្រុង​មូស្គូ។ តែ​លោក​អភិបាល​អះអាង​ថា វា​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា តើ​នរណា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​វាយប្រហារ​ដោយ​ដ្រូន​ទាំងនោះ តែ​នេះ​ជា​ករណី​វាយប្រហារ​លើក​ទី​២ ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​មូស្គូ បន្ទាប់ពី​មាន​ដ្រូន ២​គ្រឿង​បាន​វាយប្រហារ​លើ​វិមាន​ក្រឹមឡាំង ក្នុង​សកម្មភាព​ដែល​ទីក្រុង​មូស្គូ ចាត់ទុក​ថា​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន តែ​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ពេល​នោះ។

ក្រោយ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ចោទ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ថា​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម។ តែ​មើល​ទៅ គឺជា​ការ​សងសឹក​របស់​អ៊ុយក្រែន ព្រោះ​រុស្ស៊ី​បាន​ធ្វើការ​វាយប្រហារ​ដោយ​មីស៊ីល និង​យន្តហោះ​ចម្បាំង​ដ្រូន​ជាប់ៗ​គ្នា​រយៈពេល ១៦​ថ្ងៃ​មក​នេះ។

មន្ត្រី​អ៊ុយក្រែន បាន​រាយការណ៍​ថា ការ​វាយប្រហារ​ថ្មីៗ​នេះ​របស់​រុស្ស៊ី តាម​ផ្លូវ​អាកាស​លើ​ទីក្រុង​គៀវ និង​ទីក្រុង​ផ្សេងៗ​ទៀត​កើត​ឡើង​ជាបន្តបន្ទាប់ ហើយ​ចំពោះ​ទីក្រុង​គៀវ មាន​ការ​វាយប្រហារ​ជា​ទ្រង់ទ្រាយ​ធំ​ជាច្រើន​ថ្ងៃ​ជាប់​គ្នា​មក​នេះ។ អភិបាល​ក្រុង​គៀវ លោក Vitali Klitschko បាន​ឱ្យ​ដឹង​តាម​ប្រព័ន្ធ Telegram ថា​មាន​ការ​ផ្ទុះ​កើតឡើង​នៅ​កណ្ដាល​ទីក្រុង​គៀវ និង​បាន​ប្រាប់​ប្រជាជន​ឱ្យ​ស្នាក់នៅ​ក្នុង​កន្លែង​ស្នាក់នៅ​សុវត្ថិភាព​បណ្ដោះអាសន្ន។

ការ​វាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ ទី​២៩ ខែ​ឧសភា ត្រូវ​បាន​លោក Klitschko ហៅ​ថា​ជា​រាត្រី​ដ៏​លំបាក​មួយ​ទៀត​មក​លើ​រដ្ឋធានី​គៀវ ហើយ​ក្នុង​យប់​នោះ ប្រជាជន​ភាគច្រើន​រត់​ទៅ​ចូល​រូង​ដី​នៅ​តាម​ខ្សែ​រថភ្លើង។

លោក Serhiy Popko ប្រធាន​រដ្ឋបាល​យោធា​ទីក្រុង​គៀវ បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​បាន​ប្រើ​មីស៊ីល​បាលីស្ទិច និង​ដ្រូន Shahed ដោយ​សំដៅ​លើ​ទីក្រុង​គៀវ លើក​ទី​១៥ នៅ​ក្នុង​ខែ​ឧសភា នេះ។

ការ​វាយប្រហារ​តាម​អាកាស​ជា​បន្តបន្ទាប់​នេះ បាន​ធ្វើឡើង​មុន​ការ​វាយបក​របស់​កងទ័ព​អ៊ុយក្រែន ដែល​ត្រូវ​បាន​គេ​រំពឹង​ថា អ៊ុយក្រែន​អាច​ដណ្ដើម​ទឹកដី​ដែល​រុស្ស៊ី​បាន​ដណ្ដើម​យក​តាំងពី​រុស្ស៊ី​បាន​ធ្វើការ​ឈ្លានពាន​ពេញ​នៅ​ដើម​ឆ្នាំ​មុន​មក​នេះ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba បាន​សរសេរ​នៅ​លើ Twitter ថា ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន និង​មីស៊ីល​របស់​រុស្ស៊ី​មក​លើ​ទីក្រុង​របស់​អ៊ុយក្រែន គឺ​មិន​អាច​ចាត់ទុក​ថា​ជា​រឿង​ធម្មតា​បាន​ទេ។ លោក​ថា ការ​វាយប្រហារ​ទាំងអស់​នេះ គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ត្រូវតែ​បញ្ឈប់​តាមរយៈ​ការ​ពង្រឹង​ការ​ការពារ​ដែនអាកាស​របស់​អ៊ុយក្រែន ដែល​ក្នុង​នោះ អ៊ុយក្រែន​ត្រូវការ​យន្តហោះ​ចម្បាំង F-16 ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ការ​វាយប្រហារ​របស់​រុស្ស៊ី។

កាលពី​យប់​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​មក​នេះ រុស្ស៊ី​បាន​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​ដ៏​ធំ​បំផុត​មួយ​របស់​ទីក្រុង​មូស្គូ ចំ​ពេល​ដែល​មនុស្ស​ជាច្រើន​ជួបជុំ​គ្នា​តាម​ដងផ្លូវ ដើម្បី​ប្រារព្ធ​ខួប​នៃ​ការ​បង្កើត​រដ្ឋធានី​គៀវ។ ប៉ុន្តែ​កងទ័ព​អ៊ុយក្រែន អះអាង​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​ចំនួន ៥៨​គ្រឿង​ក្នុង​ចំណោម​យន្តហោះ​ដ្រូន ៥៩​គ្រឿង​របស់​រុស្ស៊ី។

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏​បាន​និយាយ​ផង​ដែរ​ថា យន្តហោះ​ដ្រូន​ចំនួន ៣៦​គ្រឿង​ដែល​សំដៅ​មក​កាន់​ទីក្រុង​គៀវ ត្រូវ​បាន​បំផ្លាញ​ទាំងអស់។

ក្នុង​សុន្ទរកថា​តាម​វីដេអូ លោក ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន បាន​បញ្ជាក់​ថា នេះ​ជា​របៀប​ដែល​ប្រទេស​រុស្ស៊ី ចូលរួម​ប្រារព្ធ​ទិវា​នៃ​ទីក្រុង​គៀវ ដែល​ជា​ទីក្រុង​បុរាណ បែរជា​រុស្ស៊ី​ចាប់​យក​ការ​វាយប្រហារ​ទៅវិញ។

យ៉ាងណា ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​អះអាង​ថា កងកម្លាំង​រុស្ស៊ី បាន​ស្ទាក់​ចាប់​បំផ្លាញ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ Storm Shadow ចំនួន ២​គ្រាប់ ដែល​ជា​មីស៊ីល​ជំនួយ​របស់​ចក្រភព​អង់គ្លេស ផ្គត់ផ្គង់​ឱ្យ​អ៊ុយក្រែន។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​អះអាង​ទៀត​ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​ខ្លួន​បាន​ស្ទាក់​ចាប់​បំផ្លាញ​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ដែល​បាញ់​ចេញពី​ប្រព័ន្ធ​រ៉ុក្កែត HIMARS របស់​សហរដ្ឋ​អាមេរិក​ដែល​ផ្ដល់​ឱ្យ​ទីក្រុង​គៀវ ហើយ​ក៏​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ដ្រូន ១២​គ្រឿង​របស់​អ៊ុយក្រែន​ក្នុង​រយៈពេល ២៤​ម៉ោង​គិត​ត្រឹម​ថ្ងៃទី​៣០ ឧសភា។

នៅ​ក្នុង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លង​មកនេះ​មាន​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​ចូល​យ៉ាង​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី ដោយ​មាន​គោលដៅ​វាយ​ទៅ​លើ​បំពង់​បង្ហូរ​ប្រេង​ដែល​រុស្ស៊ី​តែងតែ​ចោទ​ថា អ៊ុយក្រែន គឺជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​របៀប​នេះ តែ​អ៊ុយក្រែន​មិន​ដែល​ទទួលស្គាល់​ជា​ស្នាដៃ​របស់​កងទ័ព​អ៊ុយក្រែន​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស