28 C
Phnom Penh

លោក ហ៊ុន សែន ប្រកាស​បាញ់​លោក សម រង្ស៊ី ដោយ​គ្រាប់ BM 21 បើ​ហ៊ាន​វិល​ចូល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា គំរាម​ជា​សាធារណៈ​លើកដំបូង​ថា លោក​នឹង​បាញ់​លោក សម រង្ស៊ី ដោយ​គ្រាប់ BM 21 បើសិនជា​ហ៊ាន​ឈាន​ជើង​ចូល​ទឹកដី​កម្ពុជា​វិញ ខណៈ​លោក​ក៏​បាន​គំរាម​ចាប់​វាយ​ខ្នោះ​លោក រ៉ុង ឈុន សាជាថ្មី ប្រសិនបើ​ហ៊ាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ការ​ព្រមាន​នេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ឆ្លង​ទន្លេ និង​ស្ពាន​អាកាស​ឫស្សីកែវ នា​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣។

លោក ហ៊ុន សែន ថ្លែង​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​សន្យា​ជាមួយ​លោក​ចំនួន ៤​ដង ដោយ​មិន​ឲ្យ​លោក សម រង្ស៉ី ជាន់​ទឹកដី​ម៉ាឡេស៊ី ប៉ុន្តែ​លោក សម រង្ស៊ី នៅ​តែ​ប្រើ​ល្បិច​លួច​មក​តាម​វិស័យ​ឯកជន​ដោយ​ប្រើ​ប៉ាសស្ព័រ​បារាំង​ដដែល។

តែ​ទោះជា​យ៉ាងណា គម្រោង​បើក​កិច្ចប្រជុំ​នៅ​ប្រទេស​ម៉ាឡេស៊ី ពី​សំណាក់​លោក សម រង្ស៉ី និង​បក្ខពួក លោក ហ៊ុន សែន ថា​ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី រំសាយ​សកម្មភាព​ប្រជុំ​នោះ​វិញ។

លោក ហ៊ុន សែន ចំអក​ទៅ​កាន់​លោក សម រង្ស៊ី ថា កុំ​ឲ្យ​សង្ឃឹម​ខ្ពស់​ពេក ទោះបីជា​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ថៃ ឈ្នះ​ការ​បោះឆ្នោត​មែន តែ​លោក សម រង្ស៊ី នៅ​តែ​មិន​អាច​វិល​ចូល​កម្ពុជា​វិញ​បាន​ដែរ ទោះបីជា​មក​ដល់​ទឹកដី​ម៉ាឡេស៊ី និង​ទឹកដី​ថៃ ក៏ដោយ។

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​រូប​នេះ​ទទូច​ឲ្យ​លោក សេង សារី ដែល​ជា​អ្នក​ផ្ដល់​យោបល់​នោះ ឲ្យ​ចូល​មក​កម្ពុជា​ជាមួយ​លោក សម រង្ស៊ី ដោយ​ថា​រូបលោក​បាន​ត្រៀម​គ្រាប់ BM 21 សម្រាប់​បាញ់​ទៅ​លើ​លោក សម រង្ស៊ី និង​អ្នក​អម​ដំណើរ​ផង​ដែរ ប្រសិនបើ​ហ៊ាន​ឈាន​ជើង​ចូល​ទឹកដី​កម្ពុជា​នា​ពេល​ខាងមុខ។

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា ក៏​ណែនាំ​ទៅ​លោក សេង សារី កុំ​ចេះ​តែ​ផ្តល់​យោបល់​ទាំង​ខុស​ទទឹង​ទិស ដោយ​ធ្វើ​ឲ្យ​មនុស្ស​មក​ស្លាប់ ដោយសារ​លោក​បាន​ត្រៀម​គ្រាប់ BM 21 សម្រាប់​បាញ់​សម្លាប់​លោក សម រង្ស៊ី រួច​ហើយ​នោះ។

ក្រៅពី​ប្រកាស​បាញ់​ដោយ​គ្រាប់ BM 21 ហើយ លោក ហ៊ុន សែន ក៏​បាន​គំរាម​ចាប់​វាយ​ខ្នោះ​លោក រ៉ុង ឈុន និង​អ្នក​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន នៅ​ទីលាន​ប្រជាធិបតេយ្យ​ផង​ដែរ។

លោក​ថា បច្ចុប្បន្ន​លោក​បាន​ត្រៀម​កម្លាំង​ដើម្បី​បង្ក្រាប និង​ចាប់​ខ្លួន​លោក រ៉ុង ឈុន ព្រមទាំង​អ្នក​ចូលរួម​ផ្សេង​ទៀត​ដែល​ហ៊ាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) យក​ទៅ​ដាក់​គុក​នៅ​កន្លែង​ដាច់​ស្រយាល​ភ្លាមៗ​តែម្ដង។

ការ​ប្រកាស​បាញ់ និង​បង្ក្រាប​ដោយ​ហិង្សា​បែប​នេះ លោក ហ៊ុន សែន ថា​ដើម្បី​រក្សា​សន្តិសុខ និង​ស្ថិរភាព​ជាតិ ខណៈ​ការ​ដឹកនាំ​របស់​លោក​ជិត ៤០​ឆ្នាំ​មក​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំមើល​ថា​ជា​ការ​ដឹកនាំ​ផ្ដាច់ការ គ្រួសារ និង​បក្ខពួក​និយម។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា លោក ហ៊ុន សែន កំពុង​ស្រមៃ​ហើយ​ដែល​ប្រកាស​ចាប់​អ្នក​ចេញ​តវ៉ា​ទាំងអស់​ដែល​មាន​ចំនួន​រាប់​ម៉ឺន​នាក់​ត្រៀម​ចេញ​ទាមទារ​រក​យុត្តិធម៌។

លោក​ថា បើ​គ្រាន់តែ​ពលរដ្ឋ​ចេញ​ទាមទារ​យុត្តិធម៌​តាម​គោលការណ៍​សិទ្ធិ​ទទួល​បាន​សន្តិសុខ​ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ លោក ហ៊ុន សែន គ្មាន​សិទ្ធិ​គំរាមកំហែង​ទេ និង​ក៏​គ្មាន​អំណាច​ធ្វើ​ទុក្ខបុកម្នេញ​ចាប់​ដាក់​គុក​ដែរ ប៉ុន្តែ​លោក ហ៊ុន សែន មាន​កាតព្វកិច្ច​ការពារ​សន្តិសុខ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចេញ​មុខ​តវ៉ា។

អ្នកវិភាគ​រូប​នេះ​ថា កាលណា​លោក ហ៊ុន សែន ធ្វើ​ខុស​គោលការណ៍​នេះ គាត់​មិនមែន​ជា​នាយករដ្ឋមន្ត្រី​ឡើយ ហើយ​ជា​មេ​ឧទ្ទាម​បំផ្លាញ​ពលរដ្ឋ​ទៅ​វិញ។

លោក គឹម សុខ ថា​លោក ហ៊ុន សែន ក៏​កំពុង​យល់សប្តិ​ដែរ​ដែល​ប្រកាស​រំលត់​បាតុកម្ម​នៅ​កម្ពុជា ដែល​នេះ​អាច​ដោយសារ​លោក ហ៊ុន សែន ដឹកនាំ​យូរ​ពេក ឬ​គាត់​ចាស់​ពេក​ទៅ ក៏​វង្វេង​វិថី​ដឹកនាំ​ជាតិ។

លោក​បាន​រំលឹក​ទៅ​លោក ហ៊ុន សែន កុំ​ភ្លេច​ថា ការ​ធ្វើ​កូដកម្ម និង​បាតុកម្ម​ដោយ​សន្តិវិធី គឺជា​សិទ្ធិ​ជ្រើសរើស​សម្ដែង​មតិ​ជា​សាធារណៈ​របស់​ពលរដ្ឋ ក្នុង​ការ​តវ៉ា​រក​យុត្តិធម៌ ហើយ​កូដកម្ម និង​បាតុកម្ម​នឹង​ផ្ទុះ​ឡើង​កាន់តែ​ច្រើន​កន្លែង និង​កាន់តែ​ធំ​ឡើង កាលណា​អយុត្តិធម៌​សង្គម​កាន់តែ​ធំធេង​ដែរ។

ការ​គំរាម​បាញ់​សម្លាប់​លោក សម រង្ស៊ី និង​ចាប់​វាយ​ខ្នោះ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ភ្លើង​ទៀន​សម្រេច​ថា នឹង​ធ្វើ​ការ​ប្រមូលផ្ដុំ​សមាជិក​បក្ស​ចំនួន ១​ម៉ឺន​នាក់​ដើម្បី​តវ៉ា​ទាមទារ​ឲ្យ គ.ជ.ប ផ្ដល់​សិទ្ធិ​ឲ្យ​គណបក្ស​នេះ​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស