ក្រុមអ្នកឃ្លាំមើលសង្គម ព្រមានទៅកាន់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ថាការរៀបចំល្បិចនយោបាយរារាំងមិនឲ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោត គឺជាល្បិចកលនយោបាយវ័ណ្ឌកខ្លួនឯងរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ ព្រោះការបដិសេធនូវលិខិតរបស់ក្រសួងមហាផ្ទៃ គឺជាបញ្ហាដ៏ធំចំពោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៣០ ឧសភា ថា នៅពេលដែលក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប បដិសេធនូវលិខិតនានារបស់បក្សភ្លើងទៀនដែលចេញដោយក្រសួងមហាផ្ទៃ គឺស្មើនឹងស្ថាប័នទាំងពីរនេះចាត់ទុកឯកសាររបស់ក្រសួងមហាផ្ទៃជាឯកសារខុសច្បាប់ ដែលមានន័យថា ពួកគេបានចាត់ទុកក្រសួងមហាផ្ទៃទាំងមូលជាស្ថាប័នខុសច្បាប់ដែរ។
លោក គឹម សុខ បញ្ជាក់ថា នៅពេលដែលក្រសួងមហាផ្ទៃដែលស្ថិតក្នុងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ត្រូវស្ថាប័នទាំងពីរខាងលើនេះចាត់ទុកជាស្ថាប័នខុសច្បាប់ នោះគឺមានន័យថារដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏ខុសច្បាប់ដែរ ហើយក្រុមប្រឹក្សាធម្មនុញ្ញ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខ្លួនឯងក៏ជាស្ថាប័នខុសច្បាប់ដូចគ្នាដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបដិសេធនូវលិខិតនានារបស់គណបក្សភ្លើងទៀនដែលចេញដោយក្រសួងមហាផ្ទៃ ដើម្បីរារាំងបក្សនេះមិនឲ្យចូលរួមការបោះឆ្នោតនៅខែកក្កដា ខាងមុខនេះ។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្ររបស់គណបក្សភ្លើងទៀនជាផ្លូវការ ក្រោមហេតុផលថា គណបក្សនេះមិនបានភ្ជាប់មកជាមួយនូវប្រកាសស្ដីពីការចុះបញ្ជីគណបក្សនយោបាយច្បាប់ដើមនៅក្រសួងមហាផ្ទៃ សម្រាប់បញ្ជាក់នីត្យានុកូលកម្ម បើទោះបីជាគណបក្សភ្លើងទៀនមានឯកសារថតចម្លងរបស់ក្រសួងមហាផ្ទៃ និងលិខិតបញ្ជាក់ពីក្រសួងមហាផ្ទៃទទួលស្គាល់ភាពស្របច្បាប់របស់គណបក្សនេះក៏ដោយ។
ក្រោយការបដិសេធរបស់ គ.ជ.ប គណបក្សភ្លើងទៀនបានប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធចោលបណ្តឹងរបស់គណបក្សភ្លើងទៀន ដែលធ្វើឲ្យគណបក្សនេះមិនអាចចូលរួមការបោះឆ្នោតជាតិនៅចុងខែកក្កដា ខាងមុខនេះ។
ទាក់ទិននឹងបញ្ហានេះ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន លើកឡើងកាលពីពេលថ្មីៗនេះថា លិខិតស្ដីពីការចុះបញ្ជីគណបក្សនយោបាយច្បាប់ដើមនៅក្រសួងមហាផ្ទៃ មិនបានបាត់ទៅណាទេ ប៉ុន្តែលិខិតនោះប្រាកដជារក្សាទុកនៅនឹងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ជាមិនខាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ពួកគេមិនបញ្ចេញលិខិតនោះ ព្រោះគេមានចេតនាមិនឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត ដែលជាល្បិចរុញឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោក។
យ៉ាងណាក៏ដោយ ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ លើកឡើងថា បើមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងណាម្នាក់លាក់ឯកសារនោះ ក្រសួងមហាផ្ទៃនៅតែអាចចេញលិខិតបញ្ជាក់ពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃច្បាប់ដើមឲ្យគណបក្សភ្លើងទៀនបានដដែល ដើម្បីកុំឲ្យផែនការរបស់មន្ត្រីបក្សប្រឆាំងដែលមានចេតនាទាមទារឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដូចការព្រួយបារម្ភរបស់លោក ហ៊ុន សែន នោះ។
អ្នកវិភាគឯករាជ្យរូបនេះបញ្ជាក់ថា តាមការពិតនៅពេលដែលក្រសួងមហាផ្ទៃមិនចេញលិខិតបញ្ជាក់ពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃច្បាប់ដើមឲ្យគណបក្សភ្លើងទៀនបែបនេះ គឺអាចបញ្ជាក់យ៉ាងច្បាស់ថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជាល្បិចចោរស្រែកឲ្យចាប់ចោរប៉ុណ្ណោះ ព្រោះថាគាត់ជាអ្នករារាំងមិនឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត ប៉ុន្តែគាត់បែរជាចោទថាមន្ត្រីបក្សនេះមានចេតនាលាក់ឯកសារដើម្បីកុំឱ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោតបានទៅវិញ។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រមាត្រា២៧ ចែងថា ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះតំណាងរាស្ត្រជាផ្លូវការ គណបក្សនយោបាយត្រូវភ្ជាប់មកជាមួយនូវសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ច្បាប់៕