31 C
Phnom Penh

ក្រុម​បក្ស​ប្រជាធិបតេយ្យ​ត្រៀម​ទទួល​អំណាច​ពី​ពួក​យោធា ខណៈ​លោក ប្រាយុទ្ធ ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ថា​លោក​បន្ត​ក្រាញ​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ដឹកនាំ​ដោយ​លោក ភិថា លឹមចារឿងរ៉ាត់ បាន​កំពុងតែ​រៀបចំ​បង្កើត​គណៈកម្មាធិការ​ដើម្បី​ទទួល​អំណាច​ពី​រដ្ឋាភិបាល​របស់​ពួក​យោធា​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ចាញ់​ឆ្នោត លោក ប្រាយុទ្ធ ចាន់អូចា។

គណបក្ស​សម្ព័ន្ធភាព​នេះ​មាន ៨​គណបក្ស ក្នុង​នោះ​មាន​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ និង​គណបក្ស​ភឿថៃ ដែល​ទទួល​បាន​អាសនៈ​ច្រើន​ជាងគេ ត្រូវ​បង្កើត​គណៈរដ្ឋមន្ដ្រី​ជំនួស​គណៈរដ្ឋមន្ដ្រី​របស់​លោក ប្រាយុទ្ធ ដែល​ត្រូវ​ចាកចេញ​ពី​អំណាច​នៅ​ដើម​ខែ​សីហា។

ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដែល​មាន ៨​គណបក្ស ហើយ​បេក្ខជន​នាយករដ្ឋមន្ត្រី គឺ​លោក ភិថា លឹមចារឿងរ៉ាត់ បាន​បង្កើត​គណៈកម្មាធិការ​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ទី​៣០ ឧសភា ដើម្បី​ធ្វើ​ពិធី​ទទួល​យក​ការ​ផ្ទេរ​តំណែង​ពី​លោក ប្រាយុទ្ធ និង​គណៈរដ្ឋមន្ដ្រី​របស់​លោក។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post។

លោក លឹមចារឿងរ៉ាត់ បាន​ប្រកាស​ថា​ការ​ឈាន​ទៅ​ដល់​ការ​បង្កើត​ក្រុម​ការងារ​ដើម្បី​រៀបចំ​ពិធី​នេះ ធ្វើឡើង​ក្រោយពី​សម្ព័ន្ធភាព ៧​គណបក្ស​ទៀត​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ជាមួយ​នឹង​ការ​ចាត់តាំង​រូបលោក​ជា​ប្រធាន​គណៈកម្មាធិការ​នេះ។

បន្ថែម​លើ​នេះ គណៈកម្មាធិការ​នេះ​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​កិច្ចការ​ទាំងឡាយ​ជាមួយ​គណបក្ស​នយោបាយ​ទាំងអស់​ដែល​មិនមែន​ជា​សម្ព័ន្ធភាព ដើម្បី​ងាយស្រួល​ក្នុង​ការ​ទទួល​ការ​ផ្ទេរ​តំណែង​ដោយ​សន្តិវិធី។

យោង​តាម​កាសែត បាងកក​ប៉ុស្តិ៍ ក្រុម​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ បាន​សម្របសម្រួល​គ្នា​ដំណាក់កាល​ចុងក្រោយ​ជាមួយ​នឹង​គណបក្ស​ភឿថៃ ដែល​ជា​កម្លាំង​នយោបាយ​ធំ​ទី​ពីរ​នៅ​ក្នុង​រដ្ឋសភា។

ជំនួប​រវាង​គណបក្ស​ធំ​ពីរ​នេះ ធ្វើឡើង​ដើម្បី​បញ្ចប់​ភាព​មន្ទិល​សង្ស័យ​នៃ​មជ្ឈដ្ឋាន​មួយ​ចំនួន​ដែល​ធ្វើការ​វាយប្រហារ​ថា គណបក្ស​ភឿថៃ មាន​ផែនការ​ទៅ​បង្កើត​សម្ព័ន្ធភាព​ថ្មី​មួយ​ទៀត​ជាមួយ​នឹង​ក្រុម​គណបក្ស​ដែល​មាន​និន្នាការ​ទៅ​រក​ពួក​យោធា ដូចជា​គណបក្ស​ភូមិឆាត់ថៃ និង​គណបក្ស​ប្រជាធិបតេយ្យ ជាដើម ហើយ​រហូត​មាន​ដំណឹង​មក​ថា គណបក្ស​ភឿថៃ​ត្រូវរ៉ូវ​គ្នា​ជាមួយ​គណបក្ស​បាឡាំងប្រាចារ៉ាត់ របស់​ពួក​យោធា ដើម្បី​ឈាន​ទៅ​ដល់​ការ​តែងតាំង​បេក្ខជន​នាយករដ្ឋមន្ត្រី​ចេញពី​គណបក្ស​ភឿថៃ ហើយ​ស្វែងរក​ការ​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា។

យ៉ាងណា កាសែត​បាងកក​ប៉ុស្តិ៍ បាន​ចុះផ្សាយ​ថា គណបក្ស​ភឿថៃ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ​នៅ​ថ្ងៃ​នេះ​ដោយ​បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដូចនេះ។

គណបក្ស​ភឿថៃ ប្រកាស​ថា ខ្លួន​គ្មាន​ជម្រើស​ដែល​ត្រូវ​ដើរ​ចេញពី​សម្ព័ន្ធភាព​នោះ​ទេ​ជាមួយ​គណបក្ស​ឆ្ពោះ​ទៅ​មុខ ដោយ​បាន​បញ្ជាក់​ថា កម្លាំង​អ្នក​ប្រជាធិបតេយ្យ​មិន​ត្រូវ​បែកបាក់​គ្នា​ទេ។

យ៉ាងណា មជ្ឈដ្ឋាន​មួយ​ចំនួន រួម​នឹង​ក្រុម​ខ្លះ​ក្នុង​គណបក្ស​ភឿថៃ សម្ដែង​ការ​ខកចិត្ត​នឹង​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ព្យាយាម​ឱបក្រសោប​អំណាច​ទាំង​អំណាច​នីតិប្រតិបត្តិ និង​អំណាច​នីតិប្បញ្ញត្តិ។

ក្រុម​មួយ​នៅ​ក្នុង​គណបក្ស​ភឿថៃ បាន​ទាមទារ​ថា គណបក្ស​ភឿថៃ​ត្រូវតែ​កាន់​តំណែង​ប្រធាន​រដ្ឋសភា នៅ​ខណៈ​ដែល​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​កាន់​តំណែង​នាយករដ្ឋមន្ត្រី។ ក្រុម​នេះ​គំរាម​ថា គណបក្ស​ភឿថៃ​ត្រូវតែ​បញ្ឈប់​សម្ព័ន្ធភាព​ជាមួយ​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ បើ​តំណែង​រដ្ឋសភា​មិន​បាន​មក​លើ​បក្ស​ភឿថៃ​នោះ។

ដើម្បី​លុបបំបាត់​នូវ​ពាក្យ​លេចឮ​ទាំងនេះ លោក លឹមចារឿងរ៉ាត់ បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី​បាន​ប្រកាស​បើក​កិច្ចប្រជុំ​ជាមួយ​គណបក្ស​ភឿថៃ​ជាបន្ទាន់ ហើយ​ឈាន​ទៅ​ដល់​ការ​បង្កើត​គណៈកម្មាធិការ​ដើម្បី​ទទួល​ការ​ផ្ទេរ​អំណាច​ពី​គណបក្ស​របស់​ពួក​យោធា។

តាម​ដំណឹង​មក​ថា រដ្ឋាភិបាល​ចម្រុះ​របស់​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​ដឹកនាំ​ដោយ​លោក លឹមចារឿងរ៉ាត់ គឺ​មាន ១៦​ក្រសួង។ គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​កាន់កាប់ ១០​ក្រសួង ក្នុង​នោះ​មាន​ក្រសួង​ការពារ​ជាតិ ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ការបរទេស។ ចំណែក​គណបក្ស​ភឿថៃ កាន់កាប់ ៦​ក្រសួង ក្នុង​នោះ​មាន​ក្រសួង​ទេសចរណ៍។

តែ​ជាមួយ​គ្នា​នេះ អតីត​នាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ណែនាំ​គណបក្ស​ភឿថៃ មិន​ត្រូវ​ដើរ​ចេញពី​សម្ព័ន្ធភាព​នៃ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​ចម្រុះ​គួរតែ​ជា​រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ច្រើន និង​ទូលំទូលាយ។

ប៉ុន្តែ​ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា បាន​ច្រានចោល​នូវ​ពាក្យ​លេចឮ​ដែល​ថា លោក​បន្ត​ក្រាញ​អំណាច។ លោក ប្រាយុទ្ធ ថា​លោក​គ្មាន​ចេតនា​បន្ត​កាន់​អំណាច​ដោយ​រំលោភ​បំពាន​គោលការណ៍​ប្រជាធិបតេយ្យ​នោះ​ទេ។ លោក​ចាត់ទុក​ថា មជ្ឈដ្ឋាន​មួយ​ចំនួន​កំពុងតែ​គិត​ខុស​រឿង​នេះ។

ការ​ផ្ទេរ​អំណាច​ត្រូវ​ធ្វើឡើង​ក្រោយ​ការ​បោះឆ្នោត​រយៈពេល ៦០​ថ្ងៃ។ ការ​បោះឆ្នោត​នៅ​ថ្ងៃទី​១៤ ឧសភា គណបក្ស​ជាង ១០​គណបក្ស​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដែល​មាន ៥០០​អាសនៈ ប៉ុន្ដែ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ និង​គណបក្ស​ភឿថៃ បាន​សំឡេង​រហូត​ដល់​ទៅ​ជិត ៣០០​អាសនៈ។ ចំណែក​គណបក្ស​របស់​ពួក​យោធា គឺ​គណបក្ស​របស់​លោក ប្រាយុទ្ធ អតីត​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ទទួល​បាន ៣៦​អាសនៈ ហើយ​គណបក្ស​របស់​ពួក​យោធា​មួយ​ទៀត​ដែល​កំពុង​កាន់​អំណាច​បាន ៤០​អាសនៈ។

យ៉ាងណា គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ និង​សម្ព័ន្ធភាព​ដែល​មាន​អាសនៈ ៣១២​អាសនៈ​នៅ​ក្នុង​ដៃ ត្រូវការ ៦៤​អាសនៈ​ទៀត​ទើប​អាច​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​តំណែង​ឱ្យ​លោក លឹមចារឿងរ៉ាត់ ជា​នាយករដ្ឋមន្ត្រី។

បើ​តាម បាងកក​ប៉ុស្តិ៍ នៅ​សប្ដាហ៍​ទី​១ នៃ​ខែ​សីហា រដ្ឋសភា​ត្រូវ​ជួប​ប្រជុំ​គ្នា​ដើម្បី​បោះឆ្នោត​លើ​បេក្ខភាព​នាយករដ្ឋមន្ត្រី​ដែល​មាន​សមាជិក​ព្រឹទ្ធសភា ២៥០​រូប​ចូលរួម​បោះឆ្នោត​ផង​ដែរ។ តែ​សមាជិក​ព្រឹទ្ធសភា​ទាំងនេះ​ភាគច្រើន​មាន​និន្នាការ​ទៅ​រក​ពួក​យោធា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស