30.7 C
Phnom Penh

លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាស​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី មក​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ដើម្បី​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្និទ្ធ​នឹង​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី គឺ​លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាស​ផ្តាច់​ខ្លួន​ពី​មេ​បក្ស​របស់​ខ្លួន គឺ​លោក សម រង្ស៊ី ដោយ​ងាក​ទៅ​ចុះចូល​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដើម្បី​រួច​ផុត​ពី​ការ​ចោទប្រកាន់​កន្លងមក​ក្នុង​បំណង​វិលត្រឡប់​ទៅ​រស់នៅ​ប្រទេស​កម្ពុជា​វិញ។

អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទឫទ្ធិ កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ចេញ​លិខិត​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​លើកលែង​ទោស និង​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​ទាំងអស់​លើ​រូបលោក​ដែល​តុលាការ​កម្ពុជា​បាន​ចោទប្រកាន់ និង​សម្រេច​ផ្ដន្ទាទោស​នា​ពេល​កន្លងមក។

លោក អ៊ូ ច័ន្ទឫទ្ធិ អះអាង​ថា លោក​បាន​សម្រេច​ចិត្ត​ផ្តាច់​ខ្លួន និង​ឈប់​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ខាងក្រៅ​ប្រទេស​ជាមួយ​លោក សម រង្ស៊ី និង​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត​ហើយ ដោយសារ​លោក​អស់​ជំនឿ​ទៅ​លើ​គោលនយោបាយ​បរទេស​និយម ដែល​មិន​អាច​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ​បាន។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ជា​បន្តបន្ទាប់​ចំពោះ​អ្នក​ដែល​សុខចិត្ត​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី នឹង​ត្រូវ​ទទួល​បាន​ការ​លើកលែង​ទោស​គ្រប់​បែប​យ៉ាង​ទាំងអស់។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ មិថុនា នេះ​ថា ការ​សម្រេច​ចិត្ត​របស់​លោក អ៊ូ ច័ន្ទឫទ្ធិ គឺជា​សិទ្ធិ​របស់​គាត់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ស្ដីពី​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​កិច្ចការ​នយោបាយ ប៉ុន្តែ​ការ​ប្រកាស​ផ្តាច់​ខ្លួន គឺ​មាន​ន័យ​ស្មើ​គ្នា​ទៅ​នឹង​ស្បថ​ចំពោះ​បក្ស​កាន់​អំណាច​ថា មិន​អាច​សូម្បីតែ​រាប់អាន​ជាមួយ​អតីត​មេដឹកនាំ​របស់​ខ្លួន​ឡើងវិញ ដែល​ទង្វើ​នេះ​មិន​គួរ​កើតមាន​សោះ​ឡើយ​ចំពោះ​អ្នក​នយោបាយ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​ចេញពី​បក្ស​មួយ​ទៅ​បក្ស​មួយ គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​ក៏​ពិត​មែន ប៉ុន្តែ​វា​ជា​គំរូ​អាក្រក់​មួយ​ក្នុង​ការ​វាយ​បំបាក់​ទឹកចិត្ត​របស់​ពលរដ្ឋ​ដែល​បាន​ផ្តល់​ក្តី​សង្ឃឹម​លើ​ខ្លួន​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា បើ​តាំង​ខ្លួន​ថា​ធ្វើ​នយោបាយ​ដើម្បី​ប្រទេស​ជាតិ និង​ពលរដ្ឋ មិន​ត្រូវ​ធ្វើ​ទង្វើ​ណា​ដែល​សម្លាប់​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ​ដែល​បាន​ជឿជាក់ និង​ផ្តល់​ក្តី​សង្ឃឹម​មក​លើ​ខ្លួន​នោះ​ឡើយ ជាពិសេស​ការ​ដឹកនាំ​នយោបាយ​ដើម្បី​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​ជាតិ និង​ពលរដ្ឋ ក៏​មិន​គួរ​យក​ទៅ​ដោះដូរ​នឹង​តំណែង ឬ​តួនាទី​ណា​មួយ​នោះ​ដែរ ព្រោះ​ទង្វើ​នេះ​ជា​ទង្វើ​អគុណធម៌​ធ្ងន់ធ្ងរ​ចំពោះ​ពលរដ្ឋ​រាប់​លាន​នាក់​ដែល​បាន​ផ្តល់​ក្តី​សង្ឃឹម​មក​លើ​ខ្លួន។

កាលពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២៣ ក្នុង​ពិធី​ពិនិត្យ​ដំណើរការ​សាងសង់​មន្ទីរពេទ្យ​ជាតិ លោក ហ៊ុន សែន អះអាង​ថា សេចក្តី​ត្រូវការ​របស់​លោក គឺ​ការ​កម្ចាត់​តែ​អ្នក​ដឹកនាំ​នយោបាយ​ជ្រុល​និយម គឺ​លោក សម រង្ស៊ី តែ​ម្នាក់​គត់ ចំណែក​អ្នក​នយោបាយ​ក្រៅពី​នោះ លោក​នឹង​លើកលែង​ទោស​ឲ្យ ប្រសិនបើ​ពួកគេ​ព្រម​ផ្តាច់​ខ្លួន​ចេញពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នោះ។

ចាប់តាំងពី​ការ​ប្រកាស​របស់​លោក ហ៊ុន សែន តាំងពី​ដើម​ខែ​មករា ឆ្នាំ​២០២៣ មក លោក អ៊ូ ច័ន្ទឫទ្ធិ គឺជា​មនុស្ស​ទី​មួយ​ហើយ​ដែល​បាន​ប្រកាស​ផ្តាច់​ខ្លួន​ពី​មេ​បក្ស​របស់​ខ្លួន គឺ​លោក សម រង្ស៊ី ហើយ​ងាក​ទៅ​ចុះចូល​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប៉ុន្តែ​ការ​ប្រកាស​ផ្តាច់​ខ្លួន​បែប​នេះ គេ​រំពឹង​ថា​នឹង​មាន​ជា​ហូរហែ​បន្តបន្ទាប់​ទៀត​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​មក​ដល់​ខាងមុខ​នេះ ដែល​ជា​ឱកាស​ចុងក្រោយ​របស់​អ្នក​ទាំងនោះ​ក្នុង​ការ​ទទួល​បាន​ការ​លើកលែង​ទោស​ផង និង​ទទួល​បាន​តំណែង​ពី​ការ​ចុះចូល​នេះ​ផង​ដែរ​នោះ។

កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២០ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ទាំងអស់ លើកលែងតែ​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ដូចជា​លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក ម៉ែន សុថាវរិន្ទ្រ អ្នកស្រី មូរ សុខហួរ លោក ឡុង រី អ្នកស្រី ជូឡុង សូម៉ូរ៉ា លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ និង​លោក គង់ សុភា ជាដើម ដែល​នៅ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន ព្រោះ​ពួកគេ​កំពុង​រស់នៅ​និរទេស​ក្នុង​សហរដ្ឋ​អាមេរិក។

ទាក់ទិន​នឹង​បញ្ហា​នេះ នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​បាន​ប្រកាស​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជុំវិញ​ការ​កាត់ទោស​លោក អ៊ូ ច័ន្ទឫទ្ធិ រួម​ទាំង​លោក គង់ សុភា លោក ហូរ វ៉ាន់ និង​លោក សេង ម៉េងប៉ុនរ៉ុង ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ម្នាក់ៗ ៤​លាន​រៀល​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស