មេដឹកនាំខ្មែរក្តាប់អំណាចតាមរបបកុម្មុយនីស្តផ្ដាច់ការលោក ហ៊ុន សែន ព្រមានទូទាត់បញ្ជីជាមួយលោក សម រង្ស៊ី នៅពេលក្រោយ បន្ទាប់ពីអតីតមេដឹកនាំបក្សប្រឆាំងរូបនេះបានសន្យាសហការគ្នាជាមួយចារកម្មដែលតែងផ្តល់ព័ត៌មានពីមេដឹកនាំបក្សកាន់អំណាចឱ្យទៅពួកគេ ថានឹងធ្វើឃាតលោក ហ៊ុន សែន នាពេលកន្លងមក។
អតីតមេកម្មាភិបាលខ្មែរក្រហមរូបនេះបានសរសេរលើបណ្ដាញទំនាក់ទំនងតេឡេក្រាមរបស់ខ្លួន ដោយភ្ជាប់សារសំឡេងសកម្មជនបក្សប្រឆាំងដែលស្និទ្ធនឹងលោក សម រង្ស៊ី នៅថ្ងៃទី១ មិថុនា នេះដោយលើកជាសំណួរទៅកាន់មន្ត្រីបក្សប្រឆាំងថា តើមនុស្សដែលតែងផ្តល់ព័ត៌មានឲ្យពួកគេតែងប្រើឈ្មោះ កុសល មែនឬទេ?
លោក ហ៊ុន សែន បន្ថែមថា ពួកគេមានអំនួតខ្លាំងណាស់ដែលថាមានមនុស្សបង្កប់នៅក្បែរ ហ៊ុន សែន តែពួកគេមិនដឹងថា នោះគឺជាល្បិចចារកម្មអត់ស្រមោលរបស់ ហ៊ុន សែន នោះទេ។
លោក ហ៊ុន សែន អះអាងថា លោកតែងទទួលបានព័ត៌មានពីក្រុមប្រឆាំងតាមរយៈមនុស្សរបស់លោកដែលកំពុងរស់នៅជាមួយពួកគេសព្វថ្ងៃនេះ ហើយមនុស្សខ្លះជេរ ហ៊ុន សែន ឮជាងគេផង ប៉ុន្តែសម្រាប់មន្ត្រីបក្សប្រឆាំងវិញទទួលបានព័ត៌មានពី ហ៊ុន សែន ត្រឹមតែជាព័ត៌មានដែលលោកចង់ផ្តល់ឲ្យតាមរយៈចារកម្មរបស់លោកតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា ដើម្បីប្រដៅក្រុមប្រឆាំងនៅក្រៅស្រុកដែលអះអាងថាមានមនុស្សនៅក្បែរ ហ៊ុន សែន ដើម្បីផ្តល់រឿងសម្ងាត់ឱ្យពួកគេនោះ លោកគួរតែប្រាប់ថា នោះគឺរូបលោកផ្ទាល់តែម្តងដែលតែងតែផ្តល់ព័ត៌មានឲ្យអ្នកទាំងនោះរហូតមក ដូចជាការផ្តល់ព័ត៌មានឱ្យភរិយាលោក សម រង្ស៊ី គឺអ្នកស្រី ជូឡុង សូម៉ូរ៉ា លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក ឡុង រី លោក ហូរ វ៉ាន់ និងមេដឹកនាំក្រុមប្រឆាំងមួយចំនួនទៀតផងដែរ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលមេដឹកនាំបក្សកាន់អំណាចបានទម្លាយសំឡេងរបស់មន្ត្រីបក្សប្រឆាំងដែលបើកកិច្ចប្រជុំពិភាក្សាជុំវិញការបែកធ្លាយសំឡេងរបស់ពួកគេទៅដល់ដៃរបស់លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ។
នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នេះ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានទម្លាយសំឡេងសកម្មជនបក្សប្រឆាំងលោក ឆាំ ឆានី ក្នុងកិច្ចប្រជុំមួយបន្ទាប់ពីសំឡេងក្នុងកិច្ចប្រជុំកាលចុងខែឧសភា ឆ្នាំ២០២៣ របស់ពួកគេត្រូវបែកធ្លាយដោយលោក ឆាំ ឆានី អះអាងថា ការបញ្ជូនរឿងសម្ងាត់របស់ពួកគេទៅឱ្យលោក ហ៊ុន សែន គឺជារឿងធម្មតានោះទេ ព្រោះថារឿងសម្ងាត់របស់លោក ហ៊ុន សែន ក៏មានគេបញ្ជូនមកឱ្យក្រុមប្រឆាំងដូចគ្នាដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានទម្លាយសំឡេងក្នុងកិច្ចប្រជុំរបស់សកម្មជនបក្សប្រឆាំងដែលគ្រោងរៀបផែនការតាមបណ្ដាញសង្គមហ្វេសប៊ុកប្រឆាំងនឹងការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
រយៈពេលកន្លងមក គេសង្កេតឃើញថា កិច្ចប្រជុំសម្ងាត់ៗនានារបស់មន្ត្រីបក្សប្រឆាំងមួយចំនួន តែងត្រូវបានមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ទម្លាយជាសាធារណៈជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ុន សែន ធ្លាប់បានទម្លាយកិច្ចប្រជុំសម្ងាត់មួយរបស់មន្ត្រីបក្សប្រឆាំងជុំវិញផែនការពង្រឹងបណ្ដាញសកម្មជនរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាផងដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីជួបជាមួយមេធាវីស្ម័គ្រចិត្តនៅវិមានសន្តិភាព លោក ហ៊ុន សែន បានអះអាងថា ក្រុមមួយដែលមានមនុស្សចាប់ពី ៥នាក់ឡើងទៅ គឺមានមនុស្សរបស់លោកនៅជាមួយជានិច្ច ហើយពួកគេមានតួនាទីត្រូវតាមយកការណ៍ពីខាងបក្សប្រឆាំងនៅគ្រប់ទីកន្លែងទាំងអស់។
ជុំវិញការតាមដានក្រុមប្រឆាំងនេះ កាលពីចុងឆ្នាំ២០១៩ សកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋានជាច្រើនត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន និងចោទប្រកាន់ពីបទផ្សំគំនិតផ្តួលរំលំរដ្ឋាភិបាលកម្ពុជាជាហូរហែ បន្ទាប់ពីអ្នកទាំងនោះចូលរួមក្នុងយុទ្ធនាការមាតុភូមិនិវត្តន៍ ៩វិច្ឆិកា របស់អតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី បើទោះបីជាពួកគេមិនបានបង្ហាញពីការចូលរួមជាសាធារណៈក៏ដោយ។
មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំ ជាដើម។
ដោយឡែកមាត្រា៤០ នៃរដ្ឋធម្មនុញ្ញ ចែងថា អាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ និងតាមទូរសព្ទជាដើម ត្រូវបានធានាយ៉ាងពេញលេញ ប៉ុន្តែកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ការឆ្លើយឆ្លងតាមមធ្យោបាយនានា មិនត្រូវបានរក្សាការណ៍សម្ងាត់នោះឡើយ ដោយលោក ហ៊ុន សែន តែងប្រើលេសថាដើម្បីការពារសន្តិសុខជាតិ៕