28 C
Phnom Penh

ក្រសួង​ពាណិជ្ជកម្ម​ផ្ទុះ​រឿង​អំពើពុករលួយ​ជុំវិញ​ការ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន​៦៦​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ពាណិជ្ជកម្ម កំពុង​ផ្ទុះ​រឿង​អំពើពុករលួយ​ពេញ​ស្ថាប័ន​ជុំវិញ​ការ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន ៦៦​នាក់​ជា​សម្ងាត់ ដោយ​ការ​សូក​លុយ​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី ៣​ម៉ឺន ៥​ពាន់​ដុល្លារ​ទៅ ៤​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​រូបភាព​កម្មសិក្សា។

ប្រភព​ច្បាស់​ការណ៍​ពី​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​នាក់ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១ មិថុនា នេះ​ថា ការ​ប្រកាស​ជ្រើស​មន្ត្រី​ចូល​ក្របខ័ណ្ឌ​ដើម្បី​បម្រើ​ការ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ចំនួន ៦៦​នាក់​នា​ពេល​កន្លងមក គ្រាន់តែ​ជា​ការ​ប្រកាស​ឱ្យ​ល្អ​មើល​តែប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត ក្រសួង​ពាណិជ្ជកម្ម​បាន​កំណត់​អ្នក​ជាប់​ចូល​បម្រើ​ការ​នៅ​ក្នុង​ក្រសួង​ចំនួន ៦៦​នាក់​រួច​ជាស្រេច​ហើយ ដែល​ក្រសួង​តម្រូវ​ឱ្យ​អ្នក​ទាំងនោះ​សូក​លុយ​ក្នុង​ម្នាក់​ចាប់ពី ៣​ម៉ឺន ៥​ពាន់​ដុល្លារ​ទៅ ៤​ម៉ឺន​ដុល្លារ​អាមេរិក។

ប្រភព​ដដែល​អះអាង​ថា មន្ត្រី​ដែល​ជ្រើសរើស​ជា​សម្ងាត់​ទាំង ៦៦​នាក់​នោះ បាន​ចូល​បម្រើ​ការ​នៅ​ក្រសួង​ពាណិជ្ជកម្ម​អស់​ហើយ ក្រោម​រូបភាព​ចុះ​កម្មសិក្សា ដែល​ទង្វើ​នេះ​គឺជា​ការ​បំផ្លាញ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល បំផ្លាញ​ធនធាន​មនុស្ស​របស់​ប្រទេស​ជាតិ និង​ជា​ការ​បំផ្លាញ​ថវិកា​ជាតិ​ដែល​ពលរដ្ឋ​បាន​បង់​ពន្ធ​ជូន​រដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៣ ក្រសួង​មុខងារ​សាធារណៈ បាន​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​ក្រសួង​ស្ថាប័ន​ជាតិ​ធ្វើការ​ជ្រើសរើស​មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​ជាប់​កិច្ចសន្យា​សម្រាប់​ឆ្នាំ​២០២៣ ដោយ​ផ្អែក​តាម​ការ​សម្រេច​ចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុញ្ញាត​កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២២ កន្លងទៅ ដោយ​ការ​ប្រឡង​ជ្រើសរើស​ទៅ​តាម​លក្ខខណ្ឌ​ច្បាប់ និង​សមត្ថភាព​របស់​បេក្ខជន​ម្នាក់ៗ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​បញ្ជូន​មន្ត្រី​កម្មសិក្សា​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ​២០២៣ ចំនួន ៦៦​រូប ដែល​ត្រូវ​ធ្វើ​កម្មសិក្សា​រយៈពេល ១​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ​នេះ​តទៅ។

យ៉ាងណា​ក៏ដោយ មន្ត្រី​ដែល​ត្រូវ​ធ្វើ​កម្មសិក្សា​សម្រាប់​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ​២០២៣ ចំនួន ៦៦​រូប​នោះ ត្រូវ​គេ​ដឹង​ថា​សុទ្ធតែ​ជាប់​ដោយសារតែ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ទាំងអស់ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​ពេញ​ច្បាប់​ក្នុង​ក្រសួង​នេះ។

ជុំវិញ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​នេះ កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ក៏​ធ្លាប់​ត្រូវ​បាន​គេ​រក​ឃើញ​អំពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ម្តង​រួច​មក​ហើយ​ជាមួយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ដែល​បាន​ស៊ីដាច់​លុយ​ក្រសួង​សម្រាប់​អនុវត្ត​ការងារ​ដើម្បី​រ៉ាប់រង​ការ​ចំណាយ​របស់​អង្គភាព​នានា​ក្នុង​ក្រសួង​ពាណិជ្ជកម្ម កន្លងមក។

ជាង​នេះ​ទៅ​ទៀត រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ក៏​ត្រូវ​គេ​រក​ឃើញ​ផង​ដែរ​ថា លោក​បាន​ទទួល​សំណូក​ជា​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​នៅ​ម្តុំ​មាត់ទន្លេ ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ ដែល​មាន​តម្លៃ​ជាង ១​លាន​ដុល្លារ​អាមេរិក​ពី​ក្រុម​បក្ខពួក​របស់​លោក ផាន អូន ផង​ដែរ ជា​ថ្នូរ​នឹង​ការ​ជួយ​ការពារ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា អំពើពុករលួយ​នៅ​កម្ពុជា​កំពុងតែ​ចាក់​ឫស​យ៉ាង​ជ្រៅ​ចូល​ទៅ​ក្នុង​ស្ថាប័ន​ជាតិ ដែល​កំពុង​ទាញ​ទម្លាក់​កម្ពុជា​ចូល​ទៅ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ដែល​ងើប​មុខ​មិន​រួច ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​វិធានការ​ច្បាប់​ច្បាស់លាស់​លើ​មន្ត្រី​ខិលខូច​ដែល​កំពុង​ចង​បណ្ដាញ​ដើម្បី​បំផ្លាញ​ជាតិ​ក្នុង​ស្ថាប័ន​រដ្ឋ​ទេ​នោះ។

ប្រធាន​កម្មវិធី​សុចរិតភាព​ធុរកិច្ច និង​ធនធាន​រ៉ែ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក តុង សុប្រាជ្ញ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​កន្លង​ទៅ​ថា បើ​ទោះបីជា​អំពើពុករលួយ​កើត​មាន​នៅ​កម្ពុជា​រហូត​សហគមន៍​អន្តរជាតិ​ដាក់​ពិន្ទុ​ឱ្យ​ស្ថិត​ក្នុង​លេខ​រៀង​ដ៏​អាក្រក់​ក៏ដោយ ក៏​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ជាដើម មិន​សូវ​ឃើញ​មាន​វិធានការ​ស៊ើបអង្កេត​លើ​ស្ថាប័ន​នានា​ដែល​មន្ត្រី​នៃ​ស្ថាប័ន​នោះ​កំពុង​សម្ងំ​កេងប្រវ័ញ្ច​លុយ​ជាតិ​នោះ​ទេ។

មន្ត្រី​អង្គការ​តម្លាភាព​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​អំពើពុករលួយ​កាន់តែ​រីក​ដុះដាល និង​កាន់តែ​ចាក់​ឫស​ចូល​ជ្រៅ​នៅ​កម្ពុជា អ្នក​ដែល​រង​នូវ​ផល​ប៉ះពាល់​ពី​បញ្ហា​នេះ គឺ​មាន​តែ​មន្ត្រី​រាជការ​ដែល​ស្មោះត្រង់ និង​ពលរដ្ឋ​ប៉ុណ្ណោះ។ ជាង​នេះ​ទៅ​ទៀត វិបត្តិ​ផ្សេងៗ ដូចជា​អយុត្តិធម៌​សង្គម គ្រឿងញៀន អំពើ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់ ជាដើម នឹង​កើតមាន​យ៉ាង​អនាធិបតេយ្យ​ជាមិនខាន។

កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​លាតត្រដាង​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ នៅ​លើ​ពិភពលោក​ជុំវិញ​នៃ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ឆ្នាំ​២០២១។

កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​តាំងពី​ឆ្នាំ​២០១២ មក ក្នុង​នោះ​ឆ្នាំ​២០១៦ កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៦ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៦១ ខណៈ​ឆ្នាំ​២០១៩ ជាប់​លេខ​រៀង​ទី​១៦២ ឆ្នាំ​២០២០ ជាប់​លេខ​រៀង​ទី​១៦០ និង​ឆ្នាំ​២០២១ ជាប់​លេខ​រៀង​ទី​១៥៧៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស