តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)

ព័ត៌មានអន្តរជាតិ

អាហ្វ្រិក​ខាងត្បូង​កំពុងតែ​ដើរ​លើ​ផ្លូវ​ទាល់​ចង់​ផ្ទេរ​កិច្ចប្រជុំ​កំពូល BRICS ទៅ​ឱ្យ​ចិន​ជា​អ្នក​រៀបចំ

By ឌឹ ខេមបូឌា ដេលី

June 02, 2023

ជាមួយ​នឹង​ដីកា​ចាប់​ខ្លួន​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​ចេញ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ខណៈ​នេះ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង កំពុង​ដើរ​លើ​ផ្លូវ​ទាល់ ថា​តើ​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​ដោយ​របៀប​ណា ព្រោះ​ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជា​សមាជិក​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ។

កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣ ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​បញ្ជូន​លិខិត​រួច​ទៅ​ហើយ​ដើម្បី​ស្នើ​លោក ពូទីន មក​ចូលរួម​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​សហប្រតិបត្តិការ​សេដ្ឋកិច្ច ៥​ប្រទេស ដែល​ហៅ​កាត់​ថា BRICS។ ប្រទេស​ទាំង ៥ នេះ​មាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង។

នៅ​ឆ្នាំ​២០២៣ នេះ អាហ្វ្រិក​ខាងត្បូង គឺជា​ម្ចាស់​ផ្ទះ​ដែល​រៀបចំ​ជំនួប​កំពូល​នេះ​នៅ​ទីក្រុង​ព្រីតូរីយា ហើយ​ជំនួប​នេះ​នឹង​ធ្វើឡើង​ពី​រវាង​ថ្ងៃទី​២២-២៤ ខែ​សីហា ដែល​នៅ​សល់​ជិត ៣​ខែ​ទៀត​ប៉ុណ្ណោះ។

តុលាការ​អន្តរជាតិ ICC ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន និង​ករណី​ចាប់​ពង្រត់​កុមារ​អ៊ុយក្រែន ជាង ១៦០០០​នាក់។

សម្រាប់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ជា​ប្រទេស​ហត្ថលេខី​មួយ​ក្នុង​ចំណោម​សមាជិក ១២៣​ប្រទេស​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម ដែល​ជា​ប្រទេស​រួម​គ្នា​បង្កើត​តុលាការ ICC។

តាម​សារព័ត៌មាន​អ៊ីស្រាអែល The Jerusalem Post រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ខាងត្បូង​កំពុង​ពិចារណា​លើ​ជម្រើស​ជាច្រើន​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​អន្តរជាតិ ICC ទៅ​លើ​លោក វ្ល៉ាឌីមៀរ ពូទីន ក្នុង​ករណី​ដែល​ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ​ទទួល​យក​ការ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស BRICS នៅ​ខែ​សីហា ខាងមុខ។

បើ​តាម​លោក Zane Dangor ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង មក​ទល់​នឹង​ពេលនេះ​មិនទាន់​មាន​ការ​សម្រេច​ចិត្ត​ច្បាស់លាស់​ណា​មួយ​ជុំវិញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន ហើយ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ​នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ជម្រើស​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។

តែ​យ៉ាងណា មិន​មាន​ការ​បញ្ជាក់​ថា តើ​អ្វី​ទៅ​ជា​ជម្រើស​របស់​អាហ្វ្រិក​ខាងត្បូង​ដែល​ស្រប​ពេល​នេះ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា រដ្ឋាភិបាល​កំពុង​គិត​ថា​នឹង​ចង់​ផ្ទេរ​ជំនួប​កំពូល​នេះ​ទៅ​ឱ្យ​ប្រទេស​ចិន​ជា​អ្នក​រៀបចំ។

មន្ត្រី​រូប​នោះ​បង្ហើប​ឱ្យ​ដឹង​ថា មាន​ជម្រើស​មួយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​គណៈរដ្ឋមន្ត្រី​ភាគច្រើន គឺ​ការ​ស្នើសុំ​ឱ្យ​ចិន​រៀបចំ​កិច្ចប្រជុំ​កំពូល BRICS ដែល​គ្រោង​ធ្វើឡើង​នៅ​ខែ​សីហា ជំនួស​អាហ្វ្រិក​ខាងត្បូង ខណៈ​ចិន​មិនមែន​ជា​សមាជិក ICC នោះ​ទេ។

ចំណែក​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Thabo Mbeki បាន​និយាយ​ថា រដ្ឋាភិបាល​មិន​ទទួល​រ៉ាប់រង​ជំនួប​នោះ​ទេ គឺ​ត្រូវ​ផ្ទេរ​ទៅ​ប្រទេស​ផ្សេង​ទៀត។

លោក​ថា បើ​ផ្អែក​តាម​លក្ខន្តិកៈ​ក្រុង​រ៉ូម អាហ្វ្រិក​ខាងត្បូង​ជា​ប្រទេស​សមាជិក​របស់ ICC ត្រូវតែ​អនុវត្ត​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​អន្តរជាតិ​នេះ។

ដោយឡែក​អនុរដ្ឋមន្ត្រី​ម្នាក់​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង Obed Bapela បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ថា រដ្ឋាភិបាល​កំពុង​ស្ថិត​ក្នុង​ផ្លូវ​មួយ​ពិបាក​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច ថា​តើ​ត្រូវ​ប្រកាន់​កាតព្វកិច្ច​របៀប​ណា​ចំពោះ​ដីកា​របស់ ICC។ លោក​ថា ជម្រើស​គឺ​ត្រូវ​ចាប់​ខ្លួន​លោក ពូទីន ឬ​ត្រូវ​ស្នើ​មេដឹកនាំ​រុស្ស៊ី​រូប​នេះ​កុំ​មក​ចូលរួម​ប្រជុំ។

តែ​បែប​នេះ​ក្ដី អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី Sergei Ryabkov និយាយ​ថា ជំនួប​កំពូល​នៃ​មេដឹកនាំ BRICS ត្រូវតែ​ធ្វើ​នៅ​លើ​ទឹកដី​ប្រទេស​ដែល​ជា​ប្រធាន​កិច្ចប្រជុំ​សម្រាប់​ឆ្នាំ​២០២៣ នេះ ដែល​លោក​ចង់​ប្រាប់​ថា ត្រូវតែ​ធ្វើឡើង​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នេះ។

បើ​តាម​មន្ត្រី​រុស្ស៊ី​រូប​នេះ លោក ពូទីន នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល BRICS នៅ​ពេល​វេលា​ស័ក្តិសម​ណា​មួយ។

ក្នុង​នាម​ជា​សមាជិក ICC អាហ្វ្រិក​ខាងត្បូង​មាន​កាតព្វកិច្ច​អនុវត្ត​តាម​ដីកា​ចាប់​ខ្លួន​លោក ពូទីន ដែល​ត្រូវ​បាន​ចេញ​ដោយ​តុលាការ​អន្តរជាតិ​មួយ​នេះ ប៉ុន្តែ​ទីក្រុង​មូស្គូ បាន​ច្រានចោល​ការ​ចោទប្រកាន់​បែប​នេះ ហើយ​ក្រុម​មន្ត្រី​រុស្ស៊ី​ខ្លះ​ថែមទាំង​គំរាម​ថា ប្រទេស​ណា​ដែល​ហ៊ាន​ចាប់​ខ្លួន​លោក ពូទីន គឺ​មាន​ន័យ​ស្មើ​នឹង​ប្រកាស​សង្គ្រាម​ជាមួយ​នឹង​រុស្ស៊ី។ មិន​តែប៉ុណ្ណោះ របប​នៅ​ក្រុង​មូស្គូ បាន​សម្រេច​វាយបក​តុលាការ ICC វិញ ដោយ​សម្រេច​ដាក់​ឈ្មោះ​រដ្ឋអាជ្ញា​របស់​តុលាការ​អន្តរជាតិ​នេះ គឺ​លោក Karim Khan នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​រុស្ស៊ី ដែល​ត្រូវ​ចាប់​ខ្លួន៕