អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី អះអាងថា ពលរដ្ឋថៃគ្រប់មជ្ឈដ្ឋានដែលគាំទ្រគណបក្សប្រឆាំងថៃទើបនឹងឈ្នះឆ្នោតកាលពីពេលថ្មីៗនេះ បានសម្ដែងការមិនពេញចិត្តនឹងនាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ដោយសារតែពួកគេបានចាត់ទុកថាលោក ហ៊ុន សែន ជាមេដឹកនាំដែលប្រព្រឹត្តអំពើផ្ដាច់ការ និងព្រៃផ្សៃលើពលរដ្ឋខ្លួនឯង។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៤ មិថុនា ថា បណ្ដាញសង្គមព័ត៌មានរបស់ប្រទេសថៃ បាននាំគ្នាចុះផ្សាយថា មេដឹកនាំខ្មែរលោក ហ៊ុន សែន កំពុងតែធ្វើរឿងមិនត្រឹមត្រូវក្នុងការព្យាយាមកម្ចាត់រូបលោកដោយប្រើកាំភ្លើងធុន BM-21 អំឡុងពេលដែលលោកមានវត្តមានក្នុងប្រទេសម៉ាឡេស៊ី និងបន្តចូលទឹកដីថៃ ដើម្បីឆ្ពោះទៅប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន គំរាមបាញ់លោក សម រង្ស៊ី ដោយគ្រាប់ BM-21 ប្រសិនបើលោក សម រង្ស៊ី ហ៊ានឈានជើងចូលទឹកដីកម្ពុជាមែននោះ។
បន្ទាប់ពីការគំរាមនេះ សារព័ត៌មានក្នុងប្រទេសថៃ បាននាំគ្នាចុះផ្សាយយ៉ាងព្រោងព្រាតអំពីការគំរាមប្រហារជីវិតអ្នកនយោបាយប្រឆាំងរបស់ប្រទេសកម្ពុជាពេញប្រទេសថៃតែម្តង។
ក្នុងពិធីសម្ពោធស្ពានអាកាសឫស្សីកែវ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បុរសខ្លាំងក្រាញអំណាចតពូជនៅកម្ពុជា លោក ហ៊ុន សែន បានគំរាមបាញ់លោក សម រង្ស៊ី ដោយគ្រាប់ BM-21 ប្រសិនបើលោក សម រង្ស៊ី ហ៊ានឈានជើងចូលទឹកដីកម្ពុជាវិញ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ល្បែងនយោបាយរបស់លោក ហ៊ុន សែន និងលោក សម រង្ស៊ី មិនសូវខុសគ្នាប៉ុន្មាននោះទេ។ ជាក់ស្តែង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងរូបនេះក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរ និងកងកម្លាំងប្រដាប់អាវុធងើបឡើងប្រើកាណុងកាំភ្លើងបែរសំដៅទៅរកមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលកំពុងដឹកនាំដោយបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះដែរ។
ដោយសារតែបញ្ហានេះ លោក សម រង្ស៊ី បានរងនូវការចោទប្រកាន់ពីបទឧបឃាត និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឱ្យថែមទៀត។
ការធ្វើនយោបាយរវាងអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន រយៈពេលជាង ៣០ឆ្នាំមកនេះ ត្រូវគេមើលឃើញថា មានពេលខ្លះពួកគេឈ្លោះគ្នាស៊ីសាច់ហុតឈាម ប៉ុន្តែមានពេលខ្លះពួកគេក៏ផ្អែមល្ហែមចាក់ទឹកមិនលិចជាមួយគ្នាដែរ ប៉ុន្តែទាំងជម្លោះ និងការសម្របសម្រួលគ្នាខាងនយោបាយរបស់មេដឹកនាំនយោបាយទាំងពីរនាក់នេះ មិនដែលបានផ្តល់ផលប្រយោជន៍ឲ្យប្រទេសជាតិម្តងណាឡើយ។
ជាក់ស្តែង នៅពេលដែលពួកគេមានជម្លោះនយោបាយជាមួយគ្នា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន តែងបញ្ជាឲ្យចាប់ខ្លួនអ្នកគាំទ្រលោក សម រង្ស៊ី ដាក់គុកជាហូរហែ ដូចជាអំឡុងឆ្នាំ២០១៩ ដែលលោក សម រង្ស៊ី ប្រកាសធ្វើមាតុភូមិនិវត្តន៍ និងអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបះបោរផ្តួលរំលំរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនសកម្មជនបក្សប្រឆាំងដាក់គុករាប់រយនាក់ ក្នុងនោះមានអ្នកខ្លះកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររហូតដល់ពេលនេះ។
យ៉ាងណាក៏ដោយ នៅពេលដែលពួកគេត្រូវរ៉ូវគ្នា និងមានការសម្របសម្រួលនយោបាយគ្នាហើយនោះ លោក សម រង្ស៊ី ត្រូវគេដឹងថាជារឿយៗតែងបំពេញមហិច្ឆតានយោបាយឲ្យលោក ហ៊ុន សែន ជានិច្ច ដូចជាការដកពាក្យបណ្តឹងពីតុលាការក្រុងញ៉ូវយ៉ក ដែលគាត់បានប្តឹងលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការគប់គ្រាប់បែកដៃលើហ្វូងបាតុករកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ជាថ្នូរនឹងការលើកលែងទោសពីលោក ហ៊ុន សែន ដើម្បីឲ្យគាត់អាចវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។
ក្រៅពីដកពាក្យបណ្ដឹងនៅតុលាការក្រុងញ៉ូវយ៉ក លោក សម រង្ស៊ី ក៏បានជួយកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ ទៅជា ៥០ភាគរយបូក១ ដែលជាមូលហេតុជួយឲ្យលោក ហ៊ុន សែន កាន់តែក្តោបក្តាប់អំណាចបានទាំងស្រុងរហូតដល់សព្វថ្ងៃនេះ។
ក្រុមអ្នករិះគន់ខ្លះលើកឡើងថា ការប្រើវោហារសាស្ត្រវាយប្រហារលោក ហ៊ុន សែន ពីចម្ងាយដែលលោក សម រង្ស៊ី តែងតែធ្វើកន្លងមក មិនគ្រាន់តែមិនអាចដោះស្រាយបញ្ហាជាប់គាំងនយោបាយរបស់កម្ពុជាបានទេ ប៉ុន្តែវានឹងរុញស្ថានភាពវិបត្តិនយោបាយសព្វថ្ងៃនេះឲ្យកាន់តែធ្ងន់ធ្ងរឡើងៗទៅវិញប៉ុណ្ណោះ៕