រដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យមន្ត្រីរាជការ កម្មករ និយោជិតទូទាំងប្រទេសឈប់សម្រាក ៣ថ្ងៃ ដើម្បីឲ្យពួកគេមានពេលគ្រប់គ្រាន់សម្រាប់ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមិនតម្រូវឲ្យកាត់ប្រាក់ឈ្នួលឡើយ។
ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយកាលពីទី៣ មិថុនា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៥ មិថុនា នេះថា ដោយផ្អែកតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករ និយោជិតឈប់សម្រាកពីការងារចំនួន ៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីឲ្យពួកគេមានពេលគ្រប់គ្រាន់សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ដំណើរការនៃការបោះឆ្នោតជាតិអាណត្តិទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែការបោះឆ្នោតនេះមិនមានការចូលរួមពីអ្នកសង្កេតការណ៍អន្តរជាតិនោះទេ ដោយសារតែពួកគេចាត់ទុកថាជាការបោះឆ្នោតដែលមិនប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងគ្មានតម្លាភាពទៀតផង។
ក្នុងពិធីជួបជាមួយកម្មករនិយោជិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី៣ ខែមិថុនា លោក ហ៊ុន សែន អះអាងថា ការបោះឆ្នោតជាតិនាពេលខាងមុខនេះ ទោះមិនមានការចូលរួមសង្កេតពីសហគមន៍អន្តរជាតិក៏ដោយ ក៏គ្មានបញ្ហាដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា អ្វីដែលសំខាន់ គឺឱ្យតែមានពលរដ្ឋទៅបោះឆ្នោត មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានព្រះមហាក្សត្រកោះប្រជុំសភា មានការបង្កើតរាជរដ្ឋាភិបាល និងការឡាយព្រះហស្តលេខារបស់ព្រះមហាក្សត្រ នោះរដ្ឋាភិបាលថ្មីអាចដំណើរការបានដោយស្របច្បាប់ហើយ មិនមែនទាល់តែមានសហគមន៍អន្តរជាតិមកសង្កេតការណ៍បោះឆ្នោត ទើបធ្វើឲ្យមានរដ្ឋាភិបាលស្របច្បាប់នោះទេ។
យ៉ាងណាក៏ដោយ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប និងបារាំង នៅតែបន្តអំពាវនាវឱ្យកម្ពុជារៀបចំនូវការបោះឆ្នោតមួយដោយសេរី តម្លាភាព និងពហុបក្ស ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ចំណែកមន្ត្រីជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លោក ហ្វីល រ៉ូបឺសុន កាលពីពាក់កណ្តាលខែឧសភា បានចាត់ទុកការបោះឆ្នោតជាតិនៅកម្ពុជាដែលគ្មានគណបក្សប្រឆាំងចូលរួមនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ថាគ្រាន់តែជាការបោះឆ្នោតបែបកំប្លុកកំប្លែងដែលលោក ហ៊ុន សែន កំពុងទាញឱ្យធ្លាក់ទៅក្នុងការដឹកនាំដូចប្រទេសកូរ៉េខាងជើងប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ ប្រធាន គ.ជ.ប លោក ប្រាជ្ញ ច័ន្ទ បានស្នើមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសបារាំង ឱ្យបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកពិនិត្យ និងសង្កេតមើលការបោះឆ្នោតជាតិនៅកម្ពុជាដែរ ប៉ុន្តែបារាំងនៅមិនទាន់ឆ្លើយតបថា តើនឹងបញ្ជូន ឬមិនបញ្ជូនអ្នកសង្កេតការណ៍របស់គេមកកម្ពុជាដើម្បីចូលរួមការបោះឆ្នោតខាងមុខនេះនៅឡើយទេរហូតដល់ពេលនេះ។
ជាងនេះទៀត គ.ជ.ប ក៏ធ្លាប់បានបញ្ជាក់កាលពីពេលថ្មីៗនេះដែរថា ក្រៅពីប្រទេសបារាំង រដ្ឋាភិបាលកម្ពុជាក៏បានអញ្ជើញអ្នកសង្កេតការណ៍មកពីប្រទេសអង់គ្លេស (U.K) អាល្លឺម៉ង់ (Germany) និងប៉ាឡេស្ទីន (Palestine) ផងដែរ ប៉ុន្តែប្រទេសទាំងនោះក៏មិនទាន់ឆ្លើយតបមកកម្ពុជាវិញថែមទៀត។
ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៨ កន្លងទៅ កម្ពុជាបានរៀបចំឱ្យមានការបោះឆ្នោតជាតិចំនួន ៦លើករួចមកហើយ ប៉ុន្តែការបោះឆ្នោតដែលគេចាត់ទុកថាត្រឹមត្រូវនោះ គឺមានតែការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិនៅអាណត្តិទី១ ឆ្នាំ១៩៩៣ តែប៉ុណ្ណោះ ក្រៅពីនេះ ដូចជាអាណត្តិទី២ ឆ្នាំ១៩៩៨ អាណត្តិទី៣ ឆ្នាំ២០០៣ អាណត្តិទី៤ ឆ្នាំ២០០៨ អាណត្តិទី៥ ឆ្នាំ២០១៣ និងអាណត្តិទី៦ ឆ្នាំ២០១៨ សុទ្ធសឹងតែជាការបោះឆ្នោតដែលរងនូវការចោទប្រកាន់ថាជាការបោះឆ្នោតលួចបន្លំរបស់បក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ៕