35 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​ថា​ប្រជាធិបតេយ្យ​ដែល​គ្មាន​ការ​គោរព​ច្បាប់ គឺ​អនាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​តែង​ប្រើ​អំណាច​រំលោភ​ច្បាប់​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ថា សង្គម​ប្រជាធិបតេយ្យ​ដែល​គ្មាន​ការ​គោរព​ច្បាប់ គឺជា​សង្គម​អនាធិបតេយ្យ ខណៈ​កម្ពុជា​នៅ​ពេលនេះ​កំពុង​អនុវត្ត​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​បាន​យ៉ាង​ល្អ​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់។

លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី​នៃ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា ពិភពលោក​ទាំងមូល​ត្រូវ​ដឹកនាំ​ដោយ​ផ្អែក​លើ​ច្បាប់ និង​នីតិរដ្ឋ​ដូច​គ្នា​ដែរ ព្រោះ​ថា​បើ​ការ​ដឹកនាំ​ដែល​មិន​ផ្អែក​លើ​ច្បាប់ ហើយ​បែរជា​ផ្អែក​លើ​កម្លាំង​វិញ​នោះ ច្បាស់​ជា​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ទូទាំង​ពិភពលោក​ជាមិនខាន។

មេដឹកនាំ​ខ្មែរ​ដែល​គ្រប់គ្រង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ប្រទេស​នីមួយៗ​ប្រសិនបើ​គ្មាន​ច្បាប់​គ្រប់គ្រង​ឲ្យ​ច្បាស់លាស់​ទេ ប្រាកដជា​មាន​ការ​ឈ្លានពាន និង​រំលោភ​បំពាន​គ្នា ដោយ​ប្រទេស​ខ្លាំង​រំលោភ​បំពាន​ប្រទេស​ទន់ខ្សោយ​ដោយ​ចៀស​មិន​រួច​នោះ​ឡើយ។

បុរស​ខ្លាំង​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​បាន​ចាប់ផ្តើម​ក្នុង​ស្ថានភាព​ដ៏​លំបាក​ទម្រាំ​បាន​ល្អ​ប្រសើរ​ដូច​សព្វថ្ងៃ​នេះ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវតែ​ចូលរួម​ថែរក្សា​សន្តិភាព​ឲ្យខាងតែ​បាន ទោះ​ដើរ​ដល់​ដំណាក់កាល​ណា​ក៏ដោយ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន ខ្លួនឯង​មិន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​នោះ​ទេ តែ​បែរជា​រំលោភ​ច្បាប់​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ទៅវិញ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន គឺ​ពិត​ជា​ត្រឹមត្រូវ​សម្រាប់​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា ការ​អនុវត្ត​ជាក់ស្តែង​នៅ​កម្ពុជា​កន្លងមក​រហូត​ដល់​សព្វថ្ងៃ​នេះ គឺ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការ​អះអាង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ។

លោក សេក សុជាតិ លើកឡើង​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​កន្លងមក​តែង​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់​ថា​ជា​ការ​អនុវត្ត​ដែល​មាន​ស្តង់ដារ​ពីរ ក្នុង​នោះ​បក្ស​ក្រៅ​រដ្ឋាភិបាល សារព័ត៌មាន​ឯករាជ្យ និង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ខ្លះ ត្រូវ​បាន​គាបសង្កត់ និង​បំបិទ​សិទ្ធិ​សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ ដែល​មជ្ឈដ្ឋាន​នានា​រិះគន់​ថា ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ គឺ​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច ជាជាង​ការ​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​ជាតិ​ទាំងមូល។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា បើ​ការ​អនុវត្ត​ច្បាប់​ដូច​ដែល​កម្ពុជា​អនុវត្ត​កន្លងមក​នោះ គឺ​ពិត​ជា​មិន​អាច​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​ដែល​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​បាន​ទេ ព្រោះ​ថា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​មិន​ត្រូវ​បាន​អនុវត្ត​ដោយ​ស្មើ​ភាព​គ្នា​ចំពោះ​បុគ្គល​គ្រប់​រូប​នោះ​ឡើយ។

មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​រង​នូវ​ការ​គាបសង្កត់ និង​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ថែម​ទៀត នៅ​ពេល​ដែល​ពួកគេ​ប្រើ​សិទ្ធិ​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ តវ៉ា​ទាមទារ​រក​យុត្តិធម៌​ពី​ការ​ជិះជាន់​របស់​ពួក​អ្នក​មាន​អំណាច។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ពោរពេញ​ទៅ​ដោយ​ការ​គំរាមកំហែង ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ភ័យ​ខ្លាច​គ្រប់ៗ​គ្នា ព្រោះ​ថា​រដ្ឋាភិបាល​ឯក​បក្ស​មួយ​នេះ​តែងតែ​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​កិច្ចព្រមព្រៀង​អន្តរជាតិ ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ រំលោភ​សិទ្ធិមនុស្ស​ជា​អចិន្ត្រៃយ៍​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស