26 C
Phnom Penh

បក្ស​ភ្លើង​ទៀន៖ ពលរដ្ឋ​មាន​សិទ្ធិ​សម្រេច​ចូលរួម​ឬ​មិន​ចូលរួម​បោះឆ្នោត​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ភ្លើង​ទៀន ព្រមាន​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ស្រប​តាម​ច្បាប់ ការ​ចូលរួម ឬ​មិន​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ ដោយ​មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គាបសង្កត់ បង្ខិតបង្ខំ គំរាមកំហែង និង​ញុះញង់​ពី​សំណាក់​បុគ្គល ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​០៧ ខែ​មិថុនា ឆ្នាំ​២០២៣ គណបក្ស​ភ្លើង​ទៀន បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​នៅតែ​បន្ត​គាំទ្រ​ខ្លួន បើ​ទោះបីជា​បក្ស​នេះ​មិន​បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក៏ដោយ។

ប្រភព​ដដែល​អះអាង​ថា បើ​តាម​គោលការណ៍​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដូច្នេះ​ការ​បោះឆ្នោត​នៅ​កម្ពុជា គឺជា​សិទ្ធិ​របស់​ពលរដ្ឋ តែ​មិនមែន​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បាន​ធានា​ការពារ​ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ។

បក្ស​មួយ​នេះ​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​សម្ដែង​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​សេចក្តី​សម្រេច​បដិសេធ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​ទាត់​ចោល​បក្ស​ភ្លើង​ទៀន មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ។

បក្ស​នេះ​អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ ដោយសារ​មិន​មាន​វត្តមាន​គណបក្ស​ភ្លើង​ទៀន ដែល​ពួកគាត់​ពេញចិត្ត​ផង​ដែរ។

ករណី​នេះ គណបក្ស​ភ្លើង​ទៀន អះអាង​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ពេញលេញ​ស្រប​តាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​តាម​ឆន្ទៈ និង​សតិសម្បជញ្ញៈ​ពិតប្រាកដ​របស់​ខ្លួន​ក្នុង​ការ​ចូលរួម ឬ​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ពេល​ខាងមុខ​នេះ ដោយ​មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គាបសង្កត់ ការ​បង្ខិតបង្ខំ ការ​គំរាមកំហែង ឬ​ការ​ញុះញង់​ពី​សំណាក់​បុគ្គល ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

ទោះជា​យ៉ាងណា​ក៏ដោយ បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ទៅ​ចូលរួម​បោះឆ្នោត ក្រោម​ហេតុផល​ថា ដើម្បី​ជ្រើស​យក​ការ​រក្សា​បាន​សន្តិភាព និង​ការ​អភិវឌ្ឍ។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត នា​ថ្ងៃទី​៧ ខែ​មិថុនា នេះ លោក ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចាត់​វិធានការ​ចំពោះ​អ្នក​បន្ទច់​បង្អាក់​នៃ​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស