ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា អង្គការក្រៅរដ្ឋាភិបាលអាចនឹងមានវាសនាដូចគណបក្សប្រឆាំង និងសារព័ត៌មានឯករាជ្យ ប្រសិនបើច្បាប់នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមិនត្រូវបានរដ្ឋាភិបាលគោរពដោយម៉ឺងម៉ាត់ទេនោះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៦ មិថុនា ថា ការបង្កើតច្បាប់ដើម្បីឱ្យអង្គការក្រៅរដ្ឋាភិបាលធ្វើរបាយការណ៍ជូនរដ្ឋាភិបាលស្ដីពីប្រភពប្រាក់ចំណូលរបស់ពួកគេ មិនមែនជាបញ្ហាចោទសម្រាប់អង្គការសង្គមស៊ីវិលនោះទេ ប៉ុន្តែត្រូវតែធ្វើឡើងតាមនីតិវិធី និងយន្តការសមស្របដែលមានការព្រមព្រៀងគ្នា ជាជាងការចាប់បង្ខំ ដែលជាហេតុធ្វើឱ្យមានការមិនទុកចិត្តគ្នារវាងរដ្ឋាភិបាល និងក្រុមអង្គការក្រៅរដ្ឋាភិបាលកាន់តែខ្លាំងជាងពេលបច្ចុប្បន្ននេះ។
បណ្ឌិត មាស នី អះអាងថា ជំនួយពីបរទេសនានាសម្រាប់ដំណើរការអង្គការក្រៅរដ្ឋាភិបាល គឺជាជំនួយស្របច្បាប់ទាំងអស់ ព្រោះជំនួយទាំងនោះគឺត្រូវបានធ្វើឡើងស្របតាមច្បាប់របស់ប្រទេសកម្ពុជាដែលចែងក្នុងរដ្ឋធម្មនុញ្ញត្រង់មាត្រា៤២ ជាដើម។ លោកបន្ថែមថា អង្គការក្រៅរដ្ឋាភិបាលគឺជាដៃគូសំខាន់ណាស់របស់រដ្ឋាភិបាលក្នុងការជួយអភិវឌ្ឍប្រទេសជាតិ។
បណ្ឌិត មាស នី គូសបញ្ជាក់ថា ការបែកបាក់កម្លាំងជួយអភិវឌ្ឍជាតិរវាងរដ្ឋាភិបាល និងបក្សប្រឆាំង រួមជាមួយសារព័ត៌មានឯករាជ្យ ព្រមទាំងការមិនទុកចិត្តពីប្រជាពលរដ្ឋដែលគាំទ្របក្សប្រឆាំង បានក្លាយជាឧបសគ្គធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសជាតិសព្វថ្ងៃនេះ។
លោកសង្កត់ធ្ងន់ថា បើរដ្ឋាភិបាលអនុវត្តដោយចាប់បង្ខំទៅលើអង្គការក្រៅរដ្ឋាភិបាលឱ្យអនុវត្តទៅតាមការចង់បានរបស់ខ្លួនទៀតនោះ នឹងធ្វើឱ្យមានការបែកបាក់ និងបង្កើតនូវការមិនទុកចិត្តគ្នាកាន់តែខ្លាំងបន្ថែមទៀត ដែលបញ្ហានេះនឹងធ្វើឱ្យរដ្ឋាភិបាលឯកោក្នុងការដឹកនាំប្រទេស ហើយក៏ជាមូលហេតុដែលធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍយឺតយ៉ាវដែរ។
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបជាមួយកម្មករនៅខេត្តកណ្តាល លោក ហ៊ុន សែន បានគំរាមថា រាជរដ្ឋាភិបាលកម្ពុជានឹងចាត់វិធានការម៉ឺងម៉ាត់បំផុតចំពោះករណីតម្រូវឲ្យអង្គការក្រៅរដ្ឋាភិបាលរាយការណ៍ពីប្រភពហិរញ្ញវត្ថុរបស់ខ្លួន ហើយប្រសិនបើអង្គការក្រៅរដ្ឋាភិបាលណាមួយមិនរាយការណ៍តាមច្បាប់កំណត់ទេនោះ នឹងត្រូវរំលាយចោលដោយគ្មានការលើកលែងឡើយ។
លោក ហ៊ុន សែន បញ្ជាក់ថា លោកបានពិភាក្សាជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាស្ថាប័នគ្រប់គ្រងលើអង្គការសមាគមរួចរាល់ហើយ គឺរដ្ឋាភិបាលនឹងមិនដកថយដាច់ខាតចំពោះលក្ខខណ្ឌតម្រូវនេះ ដែលត្រូវធ្វើវិសោធនកម្មចំពោះច្បាប់ស្ដីពីអង្គការក្រៅរដ្ឋាភិបាលឲ្យខាងតែបាន ព្រោះប្រភពចំណូលដែលពួកគេទទួលបានកន្លងមក រដ្ឋាភិបាលមិនដែលដឹងទេថាអង្គការទាំងនោះយកមកប្រើដើម្បីប្រព្រឹត្តអំពើភេរវកម្ម ឬក៏អត់នោះ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា បំណងពិតប្រាកដក្នុងការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ មិនមែនមកពីគាត់ចង់ដឹងពីប្រភពចំណូលរបស់អង្គការទាំងនោះទេ ប៉ុន្តែការពិត គឺគាត់ចង់គាបសង្កត់ការប្រតិបត្តិការ និងចង់រំលាយអង្គការណាដែលធ្វើការលើរឿងរសើបទាក់ទងនឹងអំពើពុករលួយ សិទ្ធិសេរីភាព និងការអនុវត្តកិច្ចការនយោបាយរបស់រដ្ឋាភិបាលដែលដឹកនាំដោយបក្សកាន់អំណាចប៉ុណ្ណោះ៕