ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមាន ១៥ប្រទេស បានបើកប្រជុំបន្ទាន់មួយតាមសំណើប្រទេសអ៊ុយក្រែន ដើម្បីពិនិត្យមើលទំហំប៉ះពាល់ និងការបង្កវិនាសកម្មមនុស្សជាតិទៅលើប្រជាជនអ៊ុយក្រែន ដែលរងគ្រោះដោយសារទឹកជន់លិចស្រុកភូមិពីការបាក់ទំនប់វារីអគ្គិសនី Kakhovka នៅក្នុងតំបន់ Kherson នៃភាគខាងត្បូងនៃទឹកដីអ៊ុយក្រែន។
តាមសារព័ត៌មាននៃប្រទេសអ៊ុយក្រែន Kyiv Post បានឱ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជូនសំណើរបស់លោក ហ្សេឡេនស្គី ដោយស្នើបើកកិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសរុស្ស៊ី ដែលក្រុងគៀវ ចោទថាជាអ្នកបង្កឱ្យបាក់ទំនប់វារីអគ្គិសនី Kakhovka ដោយការវាយប្រហារកម្ទេចទំនប់ទប់ទឹកដ៏សំខាន់មួយនេះ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ុយក្រែន បានហៅរុស្ស៊ី ជារដ្ឋភេរវកម្មដែលបំផ្លាញទំនប់វារីអគ្គិសនីដ៏ធំមួយ ធ្វើឱ្យប៉ះពាល់ដល់ប្រជាជនអ៊ុយក្រែនរាប់ម៉ឺននាក់។
តាមប្រភពព័ត៌មានដដែលនេះ ប្រតិភូដែលមកចូលរួមប្រជុំមិនមែនមានតែប្រទេសសមាជិក ១៥រូបនៃក្រុមប្រឹក្សាសន្តិសុខនោះទេ គឺមានប្រតិភូតំណាងនៃទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ ក៏ត្រូវបានអនុញ្ញាតចូលរួមប្រជុំផងដែរ។
តាមរូបភាពដែលថតបានដោយផ្កាយរណបរបស់ក្រុមហ៊ុន Maxar បានបង្ហាញពីកម្លាំងទឹកវាយបុកយ៉ាងខ្លាំងជន់លិចសហគមន៍ជាច្រើនក្នុងតំបន់ Kherson ដែលលិចលង់ស្រុកភូមិដល់ ២៥០០គីឡូម៉ែត្រក្រឡានៅជាប់នឹងទន្លេ Dnipro ហើយប្រជាជនជិត ៥ម៉ឺននាក់រងផលវិបាកធ្ងន់ធ្ងរ។ ចំណែករោងចក្រអគ្គិសនីក្នុងតំបន់ Kherson រងការជន់លិចជាខ្លាំង។ អង្គការសហប្រជាជាតិបានហៅទឹកជន់លិចដ៏ខ្លាំងនេះថាជាវិនាសកម្មដ៏ធ្ងន់ធ្ងរទៅលើអាយុជីវិតមនុស្សជាតិ។
ករណីនេះ ទាំងរុស្ស៊ី និងអ៊ុយក្រែន ចោទគ្នាទៅវិញទៅមក
ទំនប់វារីអគ្គិសនី Kakhovka ក្នុងតំបន់ Kherson ជាផ្នែកមួយក្រោមការកាន់កាប់ដោយកងទ័ពរុស្ស៊ី ត្រូវខូចខាតដោយសារការបំផ្ទុះគ្រាប់។ ភាគីរុស្ស៊ី និងអ៊ុយក្រែន បានចោទទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកចំពោះការបង្កឱ្យមានទឹកជំនន់ជន់លិចតំបន់ Kherson។
តាមអភិបាលក្រុង Nova Kakhovka ដែលលើកបន្តុបដោយកងទ័ពរុស្ស៊ី នៅតំបន់ Kherson ថាកងទ័ពអ៊ុយក្រែន បានបាញ់គ្រាប់កាំភ្លើងធំសំដៅទៅលើទំនប់នេះតាំងពីយប់ថ្ងៃចន្ទ ទី៥ មិថុនា ហើយទីបំផុត គ្រាប់កាំភ្លើងធំទាំងនោះធ្លាក់ចំខ្នងទំនប់វារីអគ្គិសនីនោះតែម្ដង។ រុស្ស៊ីក៏បានថ្កោលទោសអ៊ុយក្រែន ដោយចាត់ទុកអ៊ុយក្រែន ថាមានចេតនាធ្វើឱ្យជន់លិចតំបន់ដែលស្ថិតក្រោមការកាន់កាប់ដោយកងទ័ពរុស្ស៊ី។
តែបែបនេះក្ដី ភាគីអ៊ុយក្រែន បានច្រានចោល ហើយវាយបកវិញថា អ៊ុយក្រែនមិនមានផែនការកម្ទេចសេចក្ដីសុខរបស់ប្រជាជនខ្លួនឯងនោះទេ។
មេបញ្ជាការកងទ័ពអ៊ុយក្រែន ប្រចាំតំបន់ខាងត្បូងបាននិយាយថា កងទ័ពរុស្ស៊ីនៅក្នុងតំបន់ Kherson ជាប់ព្រំដែនអ៊ុយក្រែន-រុស្ស៊ី ជាអ្នកបំផ្ទុះគ្រាប់ ធ្វើឲ្យខ្នងទំនប់មួយផ្នែកត្រូវបំផ្លាញ និងបាក់ស្រុត បង្កឱ្យធ្លាយទឹកជន់លិចជាខ្លាំង។ រដ្ឋាភិបាលអ៊ុយក្រែន ថាការបំផ្ទុះគ្រាប់បំផ្លាញទំនប់វារីអគ្គិសនី Kakhovka នៅពេលនេះ ដើម្បីបង្កឲ្យមានគ្រោះទឹកជំនន់ គឺជាផែនការរបស់រុស្ស៊ី សំដៅទប់ស្កាត់ការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ុយក្រែន នៅតំបន់ភាគខាងត្បូងនេះ។
ក្រុមអ្នកជំនាញមួយចំនួនយល់ស្របនឹងការបកស្រាយរបស់ភាគីអ៊ុយក្រែន ដែលថារុស្ស៊ីគិតថាកងទ័ពអ៊ុយក្រែនអាចប្រើទំនប់វារីអគ្គិសនី Kakhovka ជាផ្លូវឆ្លងទន្លេ Dnipro ចូលទៅខាងក្នុងដែនដីដែលរុស្ស៊ី កំពុងកាន់កាប់នៅក្នុងតំបន់ Kherson ព្រោះពេលនេះអ៊ុយក្រែន ចាប់ផ្ដើមវាយបកដើម្បីរំដោះទឹកដីពីរុស្ស៊ី មកវិញ។
ប្រទេសអ៊ុយក្រែន មានទំនប់វារីអគ្គិសនីសរុបចំនួន ៦ ដែលសាងសង់ឡើងនៅលើដងទន្លេ Dnipro ប្រវែងជាង ២ពាន់គីឡូម៉ែត្រដែលហូរកាត់ប្រទេសអ៊ុយក្រែន ពីព្រំដែនប្រទេសជិតខាង គឺប្រទេសបេឡារុស រហូតដល់សមុទ្រខ្មៅ។
ដោយឡែកទំនប់វារីអគ្គិសនី Kakhovka ដែលមានកម្ពស់ ៣០ម៉ែត្រ និងប្រវែងបណ្តោយជាង ៣គីឡូម៉ែត្រ បានកាត់ផ្ទៃទឹកទន្លេ Dnipro។ វារីអគ្គិសនី Kakhovka ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៦ ក្នុងសម័យសហភាពសូវៀត។
ទំនប់ទឹក Kakhovka ដើរតួនាទីទប់ទឹកទន្លេ បង្កើតជាអាងស្តុកទឹកដ៏ធំដើម្បីផលិតអគ្គិសនីសម្រាប់ប្រជាជនអ៊ុយក្រែន នៅក្នុងតំបន់ Kherson ទាំងមូល។
ទំនប់វារីអគ្គិសនី Kakhovka បានធ្លាក់ទៅក្នុងដៃកងទ័ពរុស្ស៊ី នៅក្នុងវគ្គដំបូងនៃសង្គ្រាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន។ តែក្នុងអំឡុងខែតុលា ឆ្នាំ២០២២ តំបន់ Kherson មួយភាគធំបានធ្លាក់មកក្នុងដៃកងទ័ពអ៊ុយក្រែន វិញ ដោយទ័ពអ៊ុយក្រែនវាយទ័ពរុស្ស៊ីរត់ចោលក្រុង Kherson ហើយធ្លាក់ទឹកទន្លេ Dnipro។
អ្នកជំនាញមើលឃើញថា ការបំផ្ទុះគ្រាប់វាយបំបាក់ខ្នងទំនប់វារីអគ្គិសនី Kakhovka នៅតំបន់ Kherson នឹងនាំទៅរកការប្រែប្រួលសង្គ្រាមដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន ចូលដល់ខែទី១៦ នៅពេលនេះ៕