34 C
Phnom Penh

លោក រ៉ុង ឈុន ថា​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ខេត្ត​ត្បូងឃ្មុំ​ជា​រឿង​អយុត្តិធម៌​បំផុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន លើកឡើង​ថា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ភ្លើង​ទៀន នៅ​ខេត្ត​ត្បូងឃ្មុំ ចំនួន ២​រូប ចោទប្រកាន់​ពី​បទ «ញុះញង់» ដោយ​គ្រាន់​សន្ទនា​គ្នា​ជុំវិញ​រឿង​លោក សម រង្ស៊ី មក​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី គឺជា​រឿង​អយុត្តិធម៌​បំផុត។

លោក រ៉ុង ឈុន បាន​លើកឡើង​ថា វា​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ពួកគេ ដោយ​គ្រាន់តែ​សន្ទនា​គ្នា​សោះ បែរជា​ត្រូវ​ចាប់​ខ្លួន និង​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​បទល្មើស «ញុះញង់»។ លោក​ថា អាជ្ញាធរ​គួរតែ​ធ្វើការ​អប់រំ​ណែនាំ​ពួកគេ មិន​គួរ​ចាប់​ខ្លួន និង​ចោទប្រកាន់​ឡើយ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ភ្លើង​ទៀន នៅ​ខេត្ត​ត្បូងឃ្មុំ ចំនួន ២​រូប គឺ​លោក អ៊ំ យ៉េត និង​លោក ស៊ាង ហាន នេះ សមត្ថកិច្ច​ពុំ​មាន​ដីកា​ចាប់​ខ្លួន​ឡើយ។ លោក​ថា បើ​ផ្អែក​តាម​អង្គហេតុ និង​អង្គច្បាប់​ដែល​លោក​ទទួល​ព័ត៌មាន​បាន​ពី​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​ទាំង​ពីរ​ខាងលើ​នេះ គឺ​ការ​ចាប់​ខ្លួន​ពុំ​សម​ហេតុផល​ទាល់តែសោះ។

លោក រ៉ុង ឈុន ថា​វា​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ពួកគេ ដោយ​គ្រាន់តែ​សន្ទនា​គ្នា​សោះ បែរជា​ត្រូវ​ចាប់​ខ្លួន និង​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ញុះញង់។ ករណី​នេះ បើ​តាម​លោក រ៉ុង ឈុន គួរ​តែ​ធ្វើការ​អប់រំ​ណែនាំ មិន​គួរ​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​ឡើយ។

សូម​បញ្ជាក់​ថា លោក អ៊ំ យ៉េត និង​លោក ស៊ាង ហាន ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ របស់​គណបក្ស​ភ្លើង​ទៀន។ លោក​ទាំង​ពីរ​ត្រូវ​បាន​ក្រុម​កម្លាំង​សមត្ថកិច្ច​ស្នងការដ្ឋាន​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ចាប់​ខ្លួន​នៅ​ថ្ងៃទី​៨ ខែ​មិថុនា។ ក្រុម​កម្លាំង​សមត្ថកិច្ច​ក៏​បាន​បញ្ជូន​សកម្មជន​នយោបាយ​ទាំង​ពីរ​នាក់​នេះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ។

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភីរិទ្ធិ ឱ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​សកម្មជន​គណបក្ស​ភ្លើង​ទៀន​នៅ​តាម​មូលដ្ឋាន​តាម​អំពើ​ចិត្ត​បែប​នេះ គឺជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​បន្ថែម​ទៀត​ពី​លើ​ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​អាច​ចូលរួម​ការ​ប្រកួតប្រជែង​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែ​មិថុនា នេះ បាន​លើកឡើង​ថា លោក​នឹង​លើកលែង​ឲ្យ​ចំពោះ​បុគ្គល​ដែល​ផ្ដាច់​ខ្លួន​ចេញពី​លោក សម រង្ស៊ី តែ​ចំពោះ​បុគ្គល​ដែល​នៅ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​លោក សម រង្ស៊ី ត្រូវតែ​បន្ត​ចាប់​ខ្លួន។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត លើកឡើង​ថា ការ​ឃាត់​ខ្លួន​មិន​បាន​បង្ហាញ​ដីកា​ឃាត់​ខ្លួន​ពី​សំណាក់​ស្ថាប័ន​តុលាការ ហើយ​ជន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ លោក​ថា ការ​ឃាត់​ខ្លួន​សកម្មជន​នយោបាយ​នេះ បង្ហាញ​ពី​ស្ថានភាព​នយោបាយ​កាន់តែ​តឹងតែង​ទៅៗ​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ។

ការ​ចាប់​ខ្លួន​នេះ កន្លងមក​មាន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដូចជា​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់​ថា​ចេញ​សែក​ស្អុយ និង​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​និង​កំពុង​ជាប់​រឿងក្ដី​ក្ដាំ​បរិហារ​កេរ្តិ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បង់​សង​ជំងឺចិត្ត​ជាច្រើន​ម៉ឺន​ដុល្លារ​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស