27 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​កងទ័ព​ឱ្យ​ទប់ស្កាត់​រាល់​និន្នាការ​ដែល​បង្ក​ចលាចល​និង​បង្ក​អស្ថិរភាព​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​កងទ័ព​ឲ្យ​ទប់ស្កាត់​រាល់​និន្នាការ​ដែល​លោក​យល់​ថា បាន​បង្ក​ចលាចល និង​បង្ក​អស្ថិរភាព​សង្គម​បន្ទាប់ពី​បិទ​គណបក្ស​ភ្លើង​ទៀន​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ។

ការ​បញ្ជា​របស់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៥ លោក ហ៊ុន សែន នេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​មួយ​ចំនួន​នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០ នា​ថ្ងៃទី​១២ ខែ​មិថុនា។

បុរស​ខ្លាំង​រូប​នេះ​អះអាង​ថា ការ​បញ្ជា​ទៅ​មេបញ្ជាការ មេបញ្ជាការ​រង និង​ពលទាហាន​នៃ​កងពល​តូច​លេខ​៧០ ឲ្យ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​និន្នាការ​ដែល​លោក​ចាត់ទុក​ថា​បង្ក​អស្ថិរភាព​ជាតិ​សាសន៍ សាសនា ការ​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា​នូវ​រាល់​និន្នាការ​សំដៅ​បង្ក​ចលាចល និង​បង្ក​អស្ថិរភាព​សង្គម។

កាលពី​ថ្ងៃទី​១១ ខែ​មិថុនា លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ជា​ថ្មី​ទៀត ដោយ​ដាក់​ផែនការ​តាម​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ឲ្យ​អស់​ផង​ដែរ ក្រោម​លេស​ថា ដើម្បី​ការពារ​សន្តិភាព។

ការ​ប្រកាស​បែប​នេះ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ក្រៅពី​បិទ​គណបក្ស​ប្រឆាំង​ហើយ ក្រុម​របស់​លោក ហ៊ុន សែន ក៏​កំពុង​គំរាមកំហែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង ឲ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង ក្នុង​នោះ​លោក កឹម សុខា និង​លោក សម រង្ស៊ី ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ត្រូវ​បាន​លោក ហ៊ុន សែន បិទ​ខ្ទប់។

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​ដល់​ឫសគល់​នៃ​ប្រភព​ថវិកា​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទួល​បាន​កន្លង​មក ជាដើម។

បើ​តាម​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (Economist Intelligence Unit ) (EIU) ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស (UK) បាន​ចេញ​ផ្សាយ​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ​២០២២ បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ជាប់​លេខ​១២១ ឬ​ជា​ប្រទេស​មាន​របប​ដឹកនាំ​តាម​បែប​ផ្ដាច់ការ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស