គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសព្យួរសិទ្ធិប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ទាំង ៩រូបជាបណ្ដោះអាសន្ន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីធានានូវឯករាជភាពនៃស្ថាប័នមួយនេះក្នុងតួនាទីជាអាជ្ញាកណ្ដាល។
គ.ជ.ប បានចេញសេចក្ដីសម្រេចដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៤ មិថុនា នេះ ស្ដីពីការព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្នចំពោះប្រធាន អនុប្រធាន និងសមាជិករបស់ខ្លួនមិនឱ្យចូលរួមបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីធានានូវឯករាជភាពនៃស្ថាប័នមួយនេះក្នុងតួនាទីជាអាជ្ញាកណ្ដាលលើការរៀបចំដំណើរការនៃការបោះឆ្នោតជាតិនាពេលដ៏ខ្លីខាងមុខនេះ។
គ.ជ.ប បញ្ជាក់ថា សមាសភាពទាំង ៩រូបដែលត្រូវព្យួរឈ្មោះមិនឱ្យចូលរួមបោះឆ្នោត រួមមានលោក ប្រាជ្ញ ចន្ទ ជាប្រធាន លោក នុត សុខុម ជាអនុប្រធាន លោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក ឌុច សុន លោក ហ៊ីង នីរិទ្ធិ លោក ឯម សូផាត លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ផងដែរ ដែលពួកគេគឺជាសមាជិកនៃគណៈកម្មាធិការនេះ។
បទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប ប្រការ ៧ ចែងថា ប្រធាន អនុប្រធាន និងសមាជិកនៃ គ.ជ.ប ត្រូវបានព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្នរហូតដល់ថ្ងៃបញ្ចប់មុខតំណែង ខណៈប្រការ ១២ ចែងថា ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ត្រូវអនុវត្តតួនាទីរបស់ខ្លួនដោយមិនលម្អៀងដោយឈរលើគោលការណ៍គោរពច្បាប់ ដោយមិនទទួលការគាបសង្កត់ ការគំរាមកំហែង ការបំភិតបំភ័យ ឬការបង្គាប់បញ្ហាដោយផ្ទាល់ ឬដោយប្រយោលពីបុគ្គល ឬស្ថាប័នណាមួយឡើយ។
យ៉ាងណាក៏ដោយ ស្ថាប័នអាជ្ញាកណ្ដាលនៅកម្ពុជាមួយនេះត្រូវគេមើលឃើញថា មិនមែនជាស្ថាប័នឯករាជ្យដូចមានចែងក្នុងច្បាប់នោះឡើយ ប៉ុន្តែស្ថាប័ននេះបានស្ថិតនៅក្រោមការគ្រប់គ្រង ចាត់ចែង និងបញ្ជាដោយបក្សកាន់អំណាចទាំងស្រុងសព្វថ្ងៃនេះ ដែលតែងរងនូវការរិះគន់ថា ស្ថាប័ននេះកំពុងជួយរៀបចំប្លន់លទ្ធផលបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ទាំងស្រុង។
មាត្រា ១៥១ ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញ ចែងថា គ.ជ.ប មានសមាសភាព ៩រូប ក្នុងនោះ ៤រូបត្រូវជ្រើសដោយគណបក្សដឹកនាំរដ្ឋាភិបាល ៤រូបផ្សេងទៀតត្រូវជ្រើសរើសពីបក្សដែលមានអាសនៈក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងរដ្ឋាភិបាល និង ១រូបទៀតត្រូវជ្រើសរើសដោយការព្រមព្រៀងគ្នារវាងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាទាំងអស់។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ មិថុនា នេះថា ដើម្បីធានាឯករាជភាពនូវដំណើរការនៃការបោះឆ្នោតទៅបាន សំខាន់បំផុតនោះគឺត្រូវតែរៀបចំស្ថាប័នជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប ឱ្យជាស្ថាប័នអព្យាក្រឹតពេញលេញជាមុនសិន ក្នុងនោះគឺមានសមាសភាពប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ គ.ជ.ប ត្រូវតែតែងតាំងដោយព្រះមហាក្សត្រដាច់ខាត។
លោកថា លើសពីនេះ អនុប្រធាន គ.ជ.ប ត្រូវជ្រើសតាំងដោយព្រឹទ្ធសភា ហើយរដ្ឋសភាមានសិទ្ធិជ្រើសតាំងសមាជិក គ.ជ.ប ១រូប និងសមាជិក ១រូបផ្សេងទៀតត្រូវជ្រើសតាំងដោយរាជរដ្ឋាភិបាល។ ដោយឡែកគណបក្សនយោបាយនីមួយៗដែលមានសំឡេងក្នុងរដ្ឋសភា ត្រូវជ្រើសតាំងសមាជិក គ.ជ.ប ១រូបផងដែរចេញពីបក្សនយោបាយរបស់ខ្លួន ដើម្បីបញ្ចូលទៅជាសមាជិកគណៈកម្មាធិការនេះ ប៉ុន្តែបើលក្ខខណ្ឌទាំងនេះមិនអាចជ្រើសរើសសមាជិក គ.ជ.ប ឲ្យគ្រប់ចំនួន ៩រូបទេ នោះសមាសភាពដែលនៅទំនេរ ត្រូវតែងតាំងបង្គ្រប់ដោយព្រះមហាក្សត្រ។
លោក គឹម សុខ បញ្ជាក់ថា ក្នុងករណីមានគណបក្សលើសពី ៥ ដែលមានសំឡេងក្នុងរដ្ឋសភា នោះសមាសភាព គ.ជ.ប អាចធ្វើការពិចារណាបន្ថែមសមាជិករបស់ខ្លួនដោយយោងតាមចំនួនគណបក្សនយោបាយដែលមានសំឡេងនៅក្នុងរដ្ឋសភាជាក់ស្តែង។
យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះសមាសភាពទាំង ៩រូបរបស់ គ.ជ.ប សុទ្ធសឹងតែមកពីគណបក្សកាន់អំណាចទាំងអស់ បើទោះបីជារូបភាពខាងក្រៅបង្ហាញថា ពួកគេបានលាលែងពីសមាជិករបស់បក្សកាន់អំណាចហើយក៏ដោយ ក្នុងនោះរួមមាន លោក ប្រាជ្ញ ចន្ទ លោក នុត សុខុម និងសមាជិកទាំង ៧រូបផ្សេងទៀត ដែលផ្ទុយទាំងស្រុងពីខ្លឹមសាររបស់រដ្ឋធម្មនុញ្ញដែលបានចែងពីសមាសភាពរបស់គណៈកម្មាធិការនេះ៕