អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី លើកឡើងថា ការរារាំងគណបក្សភ្លើងទៀន មិនឲ្យចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ ពីសំណាក់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន គឺជាការរំលោភយ៉ាងងងើលលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានរដ្ឋាភិបាលកុម្មុយនីស្តចិន ជាអ្នកបញ្ជាពីក្រោយខ្នង។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៤ មិថុនា ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានចែងយ៉ាងច្បាស់ដែលតម្រូវឱ្យប្រទេសកម្ពុជារៀបចំឲ្យមានប្រព័ន្ធនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយឈរលើឯករាជភាព និងអព្យាក្រឹតភាព។
លោកបន្ថែមថា បើផ្អែកតាមស្មារតីនេះ រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន មិនត្រូវបណ្តោយឲ្យចិនកុម្មុយនីស្តធ្វើអ្វីៗតាមចិត្តនៅកម្ពុជាដូចសព្វថ្ងៃនេះទេ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះអះអាងថា ចិនជាប្រទេសផ្តល់កម្ចី និងជាអ្នកវិនិយោគធំជាងគេរបស់កម្ពុជា ក្នុងនោះរដ្ឋាភិបាលចិនមិនត្រឹមតែមានបំណងវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងស៊ីជម្រៅថែមទៀត ព្រោះតែចិនត្រូវការកម្ពុជាដើម្បីប្រែក្លាយវាទៅជាបន្ទាយយោធា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយចិនក៏នឹងមិនដោះលែងកម្ពុជាឱ្យចេញពីការកាន់កាប់របស់ខ្លួនដែរ។
លោក សម រង្ស៊ី បញ្ជាក់ថា ចាប់តាំងពីមានទំនាក់ទំនងរវាងរដ្ឋាភិបាលកុម្មុយនីស្តចិន និងរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន កាន់តែស៊ីជម្រៅ ការបង្ក្រាបលើអ្នកប្រជាធិបតេយ្យការរំលោភរដ្ឋធម្មនុញ្ញ ការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ការរំលោភសិទ្ធិមនុស្ស កាន់តែកើតមានឡើង ជាពិសេសការទប់ស្កាត់មិនឱ្យបក្សប្រឆាំងចូលរួមបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
លោកបន្ថែមថា ការបង្ក្រាបលើអ្នកប្រជាធិបតេយ្យបែបនេះ គឺដើម្បីឱ្យកម្ពុជានៅតែបន្តដឹកនាំដោយឯកបក្សបន្តទៀត ដែលជាការផ្តល់ឱកាសឱ្យរដ្ឋាភិបាលកុម្មុយនីស្តចិនអាចបន្តការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបន្តទៀត ជាពិសេសការកសាងបន្ទាយយោធាលើទឹកដីរបស់ខ្មែរទៅថ្ងៃអនាគតតែម្តង។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បង្ក្រាបទៅលើក្រុមអ្នកប្រជាធិបតេយ្យ និងធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងឡើងៗលើបក្សក្រៅរដ្ឋាភិបាលចាប់តាំងពីមេដឹកនាំខ្មែររូបនេះមានទំនាក់ទំនងកាន់តែខ្លាំងជាមួយរដ្ឋាភិបាលចិនមក។
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ ធ្លាប់បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily មុនពេលនឹងលោកវិលត្រឡប់ទៅចូលរួមជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីពេលកន្លងទៅថា រដ្ឋាភិបាលចិនបានលូកដៃយ៉ាងជ្រៅចូលទៅជ្រៀតជ្រែកប្រព័ន្ធដឹកនាំរបស់ប្រទេសកម្ពុជា ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ គឺជាចេតនារបស់ចិន ដែលធ្វើឱ្យកម្ពុជាកាន់តែឃ្លាតឆ្ងាយពីរបបប្រជាធិបតេយ្យដែលកម្ពុជាកំពុងប្រកាន់យកសព្វថ្ងៃនេះ។
បណ្ឌិត សូ ណារ៉ូ បញ្ជាក់ថា ការជ្រៀតជ្រែករបស់រដ្ឋាភិបាលកុម្មុយនីស្តចិន ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា បានធ្វើឱ្យប្រព័ន្ធនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាតាមរយៈនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលត្រូវឈរលើឯករាជភាព និងអព្យាក្រឹតភាព កាន់តែធ្លាក់ចុះខ្លាំងឡើងៗទៅថ្ងៃអនាគត។
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ មិនមែនជាកិច្ចព្រមព្រៀងតែមួយទេ គឺមានកិច្ចព្រមព្រៀងពីរ និងសេចក្តីថ្លែងការណ៍មួយ។
កិច្ចព្រមព្រៀងទី១ ស្តីអំពីការដោះស្រាយជម្លោះនៅកម្ពុជា ក្នុងនោះតម្រូវឱ្យកម្ពុជាកំណត់គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា ដូចជាគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជន និងគោលការណ៍នីតិរដ្ឋ ជាដើម។
ចំណែកកិច្ចព្រមព្រៀងទី២ អំពីការគោរពឯករាជ្យ អធិបតេយ្យ បូរណភាព និងអព្យាក្រឹតរបស់កម្ពុជា ព្រោះថាតាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា និងប្រទេសជាហត្ថលេខីផ្សេងទៀតមានកាតព្វកិច្ចគោរពឯករាជ្យ អធិបតេយ្យ បូរណភាព និងអព្យាក្រឹតគ្នាទៅវិញទៅមក។
ដោយឡែកសេចក្តីថ្លែងការណ៍ គឺបានលើកឡើងស្តីអំពីការកសាងប្រទេសកម្ពុជាឡើងវិញទៅថ្ងៃមុខ។
មាត្រា១ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ចែងថា ប្រទេសកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ អព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ៕